ពលរដ្ឋ​ជាង​៥៦០​គ្រួសារ ទទួលបាន​សម្ភារៈ​ទឹកស្អាត​ប្រើប្រាស់ ដើម្បី​សុខុមាលភាព

568
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ប្រជាពលរដ្ឋ​ជាង​៥៦០​គ្រួសារ​រស់នៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លង​បានទទួល​សម្ភារៈ​ទឹកស្អាត និង​អនាម័យ​ប្រើប្រាស់​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​សម្រាប់​សុខភាព​ប្រចាំថ្ងៃ​។​

​នា​ពិធី​ប្រគល់​សម្ភារៈ​ទឹកស្អាត​ធ្វើឡើង​នៅ​បរិវេណ​ទី​អារាម​វត្ត​ពោធិ៍ ក្នុងភូមិ​វត្ត​ពោធិ៍ ឃុំ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ បាន​យកចិត្តទុកដាក់​ជា​ចម្បង​លើ​បញ្ហា​សុខុមាលភាព​ប្រជាពលរដ្ឋ​។ ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជនបទ សម្រាប់​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល ករណីនេះ​នៅតែ​ជា អាទិភាព ពិសេស​បញ្ហា​ទឹកស្អាត និង​អនាម័យ​ជនបទ​ដែល​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​បំ​ផុត​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​បានទាមទារ​សុខភាព​ប្រជាពលរដ្ឋ​រឹងមាំ និង​ចៀស​ផុតពី​ហានិភ័យ​ទាំងឡាយ​។ ដូច្នេះ ការផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​នាពេលនេះ​ជាការ​រួមចំណែក​យ៉ាងសំខាន់ ដើម្បី​សម្រួល​បញ្ហា​សម្រាប់​ការប្រើប្រាស់​ទឹកស្អាត ប្រកបដោយ​អនាម័យ​ដែល​កន្លងមក មានការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះតែ​ផលប៉ះពាល់​ក្រោយពី​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​។​

​លោក ជាវ តា​យ ក៏បាន​ផ្ដាំ​ផ្ញើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សម្ភារៈ​ទាំ​ង​នេះ អនុវត្តតាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ដើម្បី​បាន​ទឹកស្អាត​ប្រើប្រាស់​ប្រកបដោយ​អនាម័យ និង​ថែរក្សា​ឱ្យបាន​គង​វង្ស​សម្រាប់​រយៈពេល​យូរអង្វែង​។​

​លោក ហ៊ សូ​រិ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត បាន​បញ្ជាក់ថា សម្ភារៈ​ទឹកស្អាត និង​អនាម័យ​ទាំងនេះ ឧបត្ថម្ភ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោយ​មានការ​ជំរុញ​ណែនាំ​ពី​លោក​អភិបាលខេត្ត នូវ​ការស្នើសុំ​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៥៦១​គ្រួសារ ក្នុងភូមិ​ចំនួន​ប្រាំមួយ​នៃ​ឃុំ​ថ្មី ស្រុក​ទឹកឈូ​៕