ពលរដ្ឋ​ជិត​៦​ពាន់​នាក់​នាំគ្នា​ជិះ​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​បង់ប្រាក់​ពី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ​

566

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​បង់ប្រាក់​ដែល​ចាប់​ចេញដំណើរ​ពី​ចំណត​ឫស្សីកែវ​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃនេះ​បាន​ដឹកជញ្ជូន​អ្នកដំណើរ​បាន​ចំនួន​ជិត​៦០០០​នាក់​ជាមួយនិង​ភាពសប្បាយ​រីករាយ​នៃ​ការផ្តើម​ឲ្យ​មានការ​ធ្វើចរាច​រណ៍កា​រដឹក​ជញ្ជូន​លើផ្លូវ​ទឹក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​
​ពាក់ព័ន្ធ​ការងារ​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា​៖ កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​យកប្រាក់​ដែល​ចាប់ផ្តើម​ចេញដំណើរ​ពី​ចំណត​ឫស្សីកែវ​ទៅ​ចំណត​ក្រុង​តាខ្មៅ ចាប់ពី​ថ្ងៃ​៦ មេសា​រហូតដល់​១៩​ខែមេសា​២០១៨​នេះ​មាន អ្នកជិះ​ចំនួន​៥៩៣៦​នាក់ ដោយ​ប្រើប្រាស់​កាណូត​ចំនួន​៣​គ្រឿង ក្នុង​មួយថ្ងៃ​២០​ជើង ដោយ​ឆ្លងកាត់​ចំនួន​៤​ចំណត រួមមាន​ចំណត​ឫស្សីកែវ ផ្សារ​ចាស់ ចតុមុខ និង​ចំណត​ស្ថានីយ​ក្រុង​តាខ្មៅ ។​
​ក្នុងនោះ​លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ថា​៖ ក្នុង​រយៈពេល​ជាង​១០​ថ្ងៃនេះ ចំនួន​អ្នក​មក​ទទួល​សេវាកម្ម​ជិះ​កាណូត​នេះ​ច្រើនជាងគេ​គឺ​នៅ​ថ្ងៃទី​១៦ ខែមេសា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​បុណ្យចូលឆ្នាំថ្មី ដោយមាន​ចំនួន​រហូតដល់​ចំនួន​៨៩១​នាក់ ។​លោក​ប្រធាន​មន្ទីរ​បាន​បន្ត​បញ្ជាក់ទៀតថា​៖​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​មិន​យកប្រាក់​នេះ​បានចាប់ផ្តើម​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី​៦​ខែមេសា ហើយ​ជា​គម្រោង ការ​ជិះ​កាណូត​មិន​យកលុយ​នេះ​នឹង​បន្ត​រហូតដល់​១​ខែសីហា​២០១៨ ។ ដូច្នេះ​លោក​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​បន្ត​ការគាំទ្រ​និង​ជិះ​កាណូត​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​លើផ្លូវ​គោក​។​
​គួរ​បញ្ជាក់ថា​៖ ក្នុងឱកាស​ចូលឆ្នាំថ្មី​នេះ ប្រជាពលរដ្ឋ​យ៉ាងច្រើន​បាន​ជិះ​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ ឫស្សីកែវ​ភ្នំពេញ​ទៅ​ក្រុង​-​តាខ្មៅ​ខេត្តកណ្ដាល ដោយ​ក្នុង​រយៈពេល ៤​ថ្ងៃ​ចាប់​ពីថ្ងៃ​១៤ ខែមេសា ដល់​ថ្ងៃ​១៧​ខែមេសា មាន​អ្នកជិះ​ចំនួន​ជិត​៣០០០​នាក់ ជាមួយនិង​ភាពសប្បាយ​រីករាយ​នៃ​ការផ្តើម​ឲ្យ​មាន​ការធ្វើ​ចរាចរណ៍​លើផ្លូវ​ទឹក​នេះ​៕