ពលរដ្ឋ​តំបន់​ចុងកាត់មាត់ញក សាទរ​ចំពោះ​ការទទួលបាន​ស្ពានបេតុង​មួយ​ខ្សែ​

561
ចែករម្លែក
  • 144
    Shares

ដោយ​: បូកគោ / កំពត​: ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស​ក្នុង​ឃុំ​តា​កែន និង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​មាន​ក្តី​ត្រេកអរ ព្រមទាំង​សាទរ​ដោយ​ចិត្ត​ស្មោះស ពេល​ទទួលបាន​ស្ពានបេតុង​ល្អ​ស្អាត​រឹងមាំ​មួយ​ខ្សែ​ដែលជា​ផ្នែក​សំខាន់ ក្នុង​ការបង្ក​ភាពងាយស្រួល​សម្រាប់​ដំណើរ​ឆ្លងកាត់​។

​ស្ត្រី​ឈ្មោះ​មឹន ផាវ អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​តា​កែន ស្រុក​ឈូក​បាន​រៀបរាប់ថា​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកភូមិ​មាន​ក្តី​លំបាក​ក្នុងការ​ធ្វើដំណើរ ពិសេស​នៅ​រដូវវស្សា​ព្រោះ​ទឹកស្ទឹង​កោះស្លា​ឡើង​ខ្លាំង​រហូត​ជន់​លិច​ស្ពាន​។ ម្យ៉ាងទៀត​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​បាន និង​កំពុង​ប្រើ​ក្រោយ​ការជួសជុល ដោយសារ​ជំនន់​ទឹកភ្លៀង​បុក​ផ្តាច់​កាលពី​រដូវវស្សា​ឆ្នាំ​២០១៨​នោះ គឺ​ដំណើរការ​ទាំង​គ្មាន​សុវត្ថិភាព​ធ្វើឱ្យ​ពលរដ្ឋ​ឃុំ​តា​កែន និង​ឃុំ​ត្រពាំង​ភ្លាំង​ពិបាកធ្វើ​ដំណើរ ឬ​ដឹក​កសិផល​ទៅ​លក់​នៅ​គោលដៅ​ផ្សេងៗ​។ ស្ត្រី​ដដែល​បាន​បន្តថា​លុះ​ឃើញ​ស្ពានបេតុង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ហ៊ុន សែន និង​សម្តេច​ប៊ុន រ៉ានី ហ៊ុន សែន​ចាប់ផ្តើម​សាងសង់​នេះ អ្នកភូមិ​ទាំងអស់​មាន​សេចក្តីត្រេកអរ​រក​អ្វី​ប្រៀបផ្ទឹម​មិនបាន​ទេ​។

​ប្រាប់ឱ្យដឹង​ស្រដៀង​គ្នា​នេះដែរ យុវតី​ជិន សុភ័ក្ត្រ សិស្ស​វិទ្យាល័យ​ហ៊ុន សែន​ត្រពាំង​បី​បាន​រៀបរាប់ថា​នាង​មានចិត្ត​សប្បាយរីករាយ​ណាស់ ព្រោះ​ចាប់ពីពេលនេះ​ទៅ សិស្សានុសិស្ស​ទាំងអស់​នៅ​ឃុំ​តា​កែន និង​ឃុំ​ត្រពាំង​ភ្លាំង​ឈប់​ពិបាក​ធ្វើដំណើរ​ទៅ​សាលារៀន​ទៀត​ទេ ហើយក៏​លែង​ការខកខាន​រៀនសូត្រ ឬ​ទៅ​ប្រលង​ទៀត​ដែរ​។

​នាឱកាស​អញ្ជើញ​ចូលរួម​បើក​ការដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ចាប់ផ្តើម​សាងសង់​ស្ពានបេតុង​ខាងលើ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ស្ពានបេតុង​ថ្មី​នេះ​មាន​ប្រវែង​៥៥​ម៉ែត្រ ទទឹង​៣,១០​ម៉ែត្រ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ក្នុង​ទំហំ​ទឹកប្រាក់​២១.០០០​ដុល្លារ​។ នេះ​ជា​ស្ពាន​អន្តរ​ឃុំ​នៃ​ឃុំ​តា​កែន និង​ឃុំ​ត្រពាំង​ភ្លាំង​សម្រាប់​ប្រយោជន៍​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ក្នុងការ​ឆ្លងកាត់ និង​ដឹកជញ្ជូន​កសិផល​ទៅកាន់​គោលដៅ​នានា ព្រមទាំង​បង្ក​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន​ប្រចាំថ្ងៃ​៕ ល​