ពលរដ្ឋ​ត្អូញត្អែរ​លើ​តម្លៃ​ឈ្នួល​រថយន្ត​ឡើងថ្លៃ​

1151
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ខណៈដែល​បុណ្យប្រពៃណី​ជាតិខ្មែរ នឹង​ចូល​មកដល់​នា​ថ្ងៃស្អែក​នេះ បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើដំណើរ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ ទៅកាន់​ស្រុកកំណើត​រៀងៗ ខ្លួន​នោះ បាន​ត្អូញត្អែរ​ឲ្យ​ដឹងថា តម្លៃ​សំបុត្រ​រថយន្តក្រុង ក៏ដូចជា​តម្លៃ​ឈ្នួល​រថយន្ត​តាក់ស៊ី​ចាប់ផ្តើម​ឡើងថ្លៃ​ប្រមាណ​ពី ១០.០០០​រៀល ដល់ ២០.០០០​រៀល​។​

​ស្ថិត​ក្នុងពេល​រង់ចាំរ​ថ​យន្ត​ក្រុង ដើម្បី​ចេញដំណើរ​ទៅ​ស្រុកកំណើត ស្ថិតក្នុង​ស្រុក​តានី ខេត្តកំពត កញ្ញា ស្រីរ័ត្ន បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា តម្លៃ​សំបុត្រ​ពី​ភ្នំពេញ​ទៅ ខេត្តកំពត​ក្នុង​មួយ​សំបុត្រ ៣៥.០០០​រៀល ខណៈ​ថ្ងៃ​ធម្មតា​ក្នុង​មួយ​សំបុ​ត្ល្រៃ​២០.០០០​រៀល​ប៉ុណ្ណោះ​។​

​ស្រដៀង​គ្នា​នេះ កញ្ញា លក្ខិណា ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់ តម្លៃ​ដែល​កញ្ញា​បាន​ទិញ​នាពេលនេះ ពី​ភ្នំពេញ​ទៅកាន់​ខេត្តកំពង់ធំ​ថ្លៃ​៤៥.០០០​រៀល បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា (​មិនមែន​បុណ្យទាន​) ថ្លៃ​តែ​៣០.០០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​សំបុត្រ​។ ទន្ទឹមនេះ កញ្ញា​បាន​សំណូមពរ​ដល់ ម្ចាស់​ក្រុមហ៊ុន​នានា ក៏ដូចជា​រាជរដ្ឋាភិបាល​មេត្តាជួយ​សំរួល​លើ​តម្លៃ​ឈ្នួល​រថយន្ត​នេះ កុំ​ឲ្យ​តែ​ឡើងថ្លៃ​ហួស ប្រមាណ ព្រោះ​ការចាកចេញ​ពី​ស្រុកកំណើត​មក​រស់នៅ​ទីក្រុង​ភ្នំពេញ គឺ​ដើម្បី​បន្ត​ការសិក្សា និង​ឆ្លៀត​រក ប្រាក់ចំណូល​ក្រៅ​ម៉ោង​ខ្លះ​ដើម្បី​ជួយ​សម្រួល​ការចំណាយ​ក្នុង​គ្រួសារ​។

​ដោយឡែក លោក រតនា បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​ក្រុងភ្នំពេញ បាន​លើកឡើងថា ការឡើង​ថ្លៃ ឈ្នួល​នេះ​ជា​ទម្លាប់​ទៅហើយ​របស់​ក្រុមហ៊ុន​នីមួយៗ និង​ម្ចាស់​រថយន្តឈ្នួល (​តាក់ស៊ី​)​។ ប៉ុន្តែ ទោះ​យ៉ាង ណា​លោក​សូម​ឲ្យ​ការដំឡើងថ្លៃ​ទាំងនោះ​កុំ​ឲ្យ​ថ្លៃ​ពេក បើ​អាច​សុំ​ត្រឹមតែ​៥.០០០​រៀល ឬ​៧.០០០​រៀល ដោយសារ​រាល់​បុណ្យទាន​ម្តងៗ​ការចំណាយ​គឺមាន​ច្រើន​ផងដែរ ទាំង​ថ្លៃ​ហូបចុក ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​ទិញ សម្ភារៈ​ជូន​សាច់ញាតិ​នៅ​ស្រុកកំណើត​ជាដើម​។​

​ទាក់ទិន​ង​នឹង​បញ្ហា​ខាងលើនេះ ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០១៨​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​រថយន្តក្រុង​ចំនួន​៦០​គ្រឿង រួមមាន​នៅលើ​ផ្លូវជាតិ​១, ៣, ៤, ៥ និង​លេខ​៦ សម្រាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ កាន់​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ គិត​ចាប់ពី​ថ្ងៃទី​១២ ដល់ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨៕ ល​