ពលរដ្ឋ​ត្អូញត្អែ​រឿង​មន្ត្រី​សាលាស្រុក​ខ្សាច់កណ្ដាល​ទារលុយ​បន្ថែម​និង​សេវាកម្ម​យឺតយ៉ាវ​

323
ចែករម្លែក

ដោយ​:​ចាន់ ថន​/កណ្ដាល​ ៖ មិនថាតែ​ប្រជាពលរដ្ឋ ថៅកែ​ឬ​ឈ្មួញ​គួ​ក​ជេរ​ដី​ទេ គឺ​បាន​លាន់មាត់​ស្ទើរគ្រប់គ្នារឿង ការិយាល័យ​ច្រកចេញចូល​តែមួយ ចំណុះ​ឲ្យ​សាលាស្រុក​ខ្សាច់កណ្ដាល កំណត់​យកលុយ​ពី​អ្នក​ទៅ​ទទួល​សេវាច្រើន​ទ្វេដង លើស​សៀវភៅ​បន្ទុកមួយ​គុណ​ជា​បី ដោយ​មូល​ហេតុថា​ ​យក​ទុក​សម្រាប់​ជូន​មេ​​។​

​បើ​អ្នក​ឲ្យ​លុយ​តិច ផ្អឹប​រឿង​សិន ផ្អឹប​ឯកសារ ទុក​ពិនិត្យ​រយៈពេល​យូ រួច​ថា ខ្វះ​នេះ​ខ្វះ​នោះ ចាប់ពី​១​ខែ​ដល់​បី​ខែ ទម្រាំ​ដល់​តុ​ចៅហ្វាយស្រុក និង​មន្ត្រី​ជំនាញ​ក៏មាន​។​

​ពលរដ្ឋមួួយរូប​ នៅឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​ប្រាប់រស្មី​កម្ពុជា ថា “…​ខ្ញុំ​ហួសចិត្ត​ជាខ្លាំង ចំពោះ​មន្ត្រី​ (​ច្រកចេញចូល​តែមួយ​) នៅ​សាលាស្រុក​ខ្សាច់​កណ្ដាល ដែល​ប្រើ​គ្រប់​វិធី​សម្រាប់​គាប​យកលុយ​… ដូចជា ផ្អឹប​ឯកសារ​ទុករយៈពេល​យូ ចាប់ពី​១​ខែដល់​បី​ខែ ទម្រាំ​ដល់​តុចៅហ្វាយស្រុក ឬ​មន្ត្រី​ជំនាញ​…​បើ​ពលរដ្ឋ​បង់ថ្លៃ​សេវា រួចហើយ ក៏​ត្រូវបាន​មន្ត្រី​ទារ លុយ​បន្ថែម​ច្រើន​លើសលប់ មុន​និង​ប្រគល់​ឯកសារ​ជូន​ពលរដ្ឋ​វិញ…”​។​

ពួកគាត់ត្អូញត្អែរថា ពួកគាត់ជួប​ការលំបាក​ខ្លាំង​ខណៈ​ពលរដ្ឋ លក់​ដី​ចង់បាន​លុយ​ភ្លាមៗ ពេល​ទៅ​ទឿ​ន​ជូន​លុយ​បន្ថែម​។ អ្នកខ្លះ​បាន ផុត​កុងត្រា​ជាមួយ​ជាមួយ​ឈ្មួញ ទិញ​ដី​ព្រោះតែ​ឯកសារ​យូ​។

សូម្បីតែ​ឯកសារ ដែល​បាន​បង់ពន្ធ​រួច នៅ​ខេត្ត​ក៏ដោយ ពេល​យក​ចូល​សាលាស្រុក​ខ្សាច់កណ្ដាល គឺ​មន្ត្រី​ទាំងនោះ​ពិនិត្យ​វែងឆ្ងាយ របៀប​ពន្យា​ពេល លើស​មន្ត្រី​ជំនាញ​ទៅទៀត​?​។ ​ពលរដ្ឋ​ម្នាក់ទៀត​បានបញ្ជាក់​ថា នៅ​ច្រកចេញចូល​តែមួយ សាលាស្រុក​ខ្សាច់កណ្ដាល មិន​ត្រឹមតែ​ផ្អឹប​ឯកសារ​ទុក​យូ​ទេ​។​

ពិសេស​ជាង​នោះ ទៅទៀត​គឺ​ទារលុយ​ស្រស់ៗ តែម្ដង ថា​ទុក​ជូន​មេ​និង​របប​មេ​៖ ជាក់ស្ដែង​ដី ទំហំ​១០​អា សេវា​បង់​ចូល​រដ្ឋ​ពេល​ដាក់​ឯកសារ ៤០,០០០​រៀល​។ ​លុះ​ពេល ឯកសារ​រួចរាល់ មន្ត្រី​នៅ​ច្រកចេញចូល​តែមួយ កំណត់​យក​១០​ម៉ឺន​រៀល​ទៀត ថា​ទុក​ជូន​មេ​។​

​ជាមួយគ្នា​នោះ ប្រសិនជា​ដី​លំនៅដ្ឋាន​ដែល​តម្លៃ​សេវា​រដ្ឋ ១០​ម៉ឺន​រៀល​វិញ គឺ​មន្ត្រី​ទារ​២០​ម៉ឺន​រៀល បន្ថែមទៀត​សរុប​៣០​ម៉ឺន​រៀល ឯណោះ និយាយ​រួម​ដី​តូច​ទារ​តិច ដី​ច្រើន​ទារ​ច្រើន​។​ បើ​យើង​ឲ្យ​លុយ​មិន​គ្រប់​តាម​កំណត់ទេ មន្ត្រី​មិន​ព្រម​ឲ្យ​ឯកសារ​ឡើយ ហើយក៏​ចំណាំ​មុខ​ទៀតផង។​

​ដោយឡែក​ពលរដ្ឋ​ដែល​ធ្លាប់​ទៅ​រអ៊ូរទាំ នៅ​ច្រកចេញចូល​តែមួយ ថា​៖ ឯកសារ​ខ្ញុំ​យូ​ម្លេះ រាប់​ខែ​ហើយ​មិនទាន់បាន​? ស្រាប់តែ​មន្ត្រី​នៅ​ទីនោះ ប្រើស​ម្ដី គំរោះគំរើយ មកលើ​ពលរដ្ឋ​វិញ​គ្នា​ឡើង​រួញ​ខ្លួន​។​

ប្រភព​ដដែល​បន្តថា រឿង​លុយ​កំណត់​ទារ​បន្ថែម​នោះ គឺ​ពួកគាត់​ព្រម​ឲ្យ​រហូត​និង មិន​ប្រកែក​ទេ សំខាន់​ឲ្យ​តែ​សេវា​លឿន។ ​ប៉ុន្តែ​ផ្ទុយទៅវិញ លុយ​ក៏​យក​ច្រើន រីឯ​សេវា រឹតតែ​យឺតយ៉ាវ ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹងសម្បារ​ជាខ្លាំង ហើយ​ប្រុង​លើកគ្នា​មក​តវ៉ានៅ​សាលាស្រុក​ទៀតផង​។

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​លោកស្រី ហេង ចិន្តា ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ ស្រុក​ខ្សាច់កណ្តាល បាន​បដិសេធ មិន​បកស្រាយ​ទេ ដោយ​អ្នកស្រី​ថា សួរ​ទៅ​មេ​ខ្ញុំ ផ្ទាល់​ទៅ​គឺ​លោក​អ​ភី​បាល​ស្រុក​។​

ចំណែក​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​ថ្លែងថា​! រឿង​សេវា​យឺតយ៉ាវ​ត្រឹម​១​ខែ អីហ្នឹង​លឿន​ផង បើ​ស្រុក​គេ​ដទៃទៀត យឺត​ជាង​ហ្នឹង​ទៀត​។​
​ប៉ុន្តែ ករណីនេះ​លោក​បាន​ហៅ​មន្ត្រី​មក​ធ្វើ​ការណែនាំ​រួចហើយ​។ ចំពោះ​ការយក​លុយ​លើស​ថ្លៃ​សេវា លោក​ថា មិន​ពិត​ទេ អាចមាន​អ្នករត់​ការ​រឿង យកលុយ​លើស​ខ្លួនឯង ហើយ​មក​ដាក់បន្ទុក​លើ​មន្ត្រី​សាលាស្រុក ជា​អ្នក​យកលុយ​។​

​ទោះជា​យ៉ាងណា ពលរដ្ឋ​ទូទាំង​ស្រុក​ខ្សាច់កណ្ដាល សង្ឃឹមថា លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល និង​ចាត់វិធានការ កែ​ទម្លាប់​ដ៏​អាក្រក់​មួយ​នេះ​ចេញ​។ ដើម្បី​អនុវត្ត​ឲ្យ​បាន​នូវ​គោល​នយោបាយ​របស់​រដ្ឋា​ភិ​បាល មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​មិនមែន ជា​ចៅហ្វាយនាយ​រាស្ត្រ​ទេ​៕​B/