ពលរដ្ឋ​ទីទ័លក្រ​ជាង​១.០០០​គ្រួសារ​ទទួល​អំណោយ​មនុស្សធម៌​ពី​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​

682
ចែករម្លែក
  • 15
    Shares

​ដោយៈ​សុផល​/​ព្រះសីហនុៈ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១.០០០​គ្រួសារ​មកពី​ឃុំ​ចំនួន​៤​នៃ​ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​តាមរយៈ​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខេត្ត​ព្រះសីហនុ​បានទទួល​អំណោយ​មនុស្សធម៌​ពី​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា​។​អំណោយ​ដែល​បាន​ផ្ដល់ជូន​រួមមាន ៖ អង្ករ ២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ក្រមា​១ ភួយ​១ សារុង​១ និង​ថវិកា​២​ម៉ឺន​រៀល​។​
​ ​
​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ​និង​លោក​តុង​ទីង​ឆឹង​(DONGDINGCHENG)​ប្រធាន​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា​ព្រមទាំង​សហការី​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ដោយផ្ទាល់​កាលពី​រសៀល​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​វត្ត​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់​។​

​ក្នុងឱកាស​នោះ​លោក​យន្ត​មីន​បាន​មានប្រសាសន៍ថា​៖​ប្រជាពលរដ្ឋ​ទាំង​១.០០០​គ្រួសារ​នេះ​សុទ្ធតែជា​គ្រួសារ​ក្រីក្រ​លំបាក​មាន​ជីវភាព​ខ្វះខាត​ខ្លះ​ជា​ជនពិការ​និង​ចាស់ជរា​។​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​នេះហើយ ទើប​កាកបាទក្រហមកម្ពុជា​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​ដើម្បី​ជួយ​ពួកគាត់​។​

​ជាមួយគ្នានេះ​លោក​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមាន​ទុក្ខលំបាក ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

​លើសពីនេះ​ទៀត លោក​ប្រធាន ក៏បាន​ពាំនាំ​អនុសាសន៍​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​បញ្ហា​សុខភាព​-​អនាម័យ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ការបង្ការ​ជំងឺឆ្លង​នានា ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ លុបបំបាត់​គ្រឿងញៀន គ្រឿង​ស្រវឹង អំពើហិង្សា ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​អាច​បង្កឱ្យមាន​ភា​ព​អសន្តិសុខ​ក្នុងសង្គម​។​ល​។​

​លោក យន្ត មីន ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា និង​សហការី ដែល​បាន​នាំយក​អំណោយ​មនុស្សធម៌ តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។​លោក​បាន​លើកឡើងថា​៖​កម្ពុជា​-​ចិន មាន​ប្រវត្តិ​រាប់អាន​គ្នា​ជា​យូរលង់​ណាស់​មកហើយ​ស្រលាញ់គ្នា​និង​ជួយ​គ្នា​ទៅវិញទៅមក​។​នៅ​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​ន៍​ពី​សហគ្រិន​និង​ក្រុមហ៊ុន​ចិន​ហើយ​សមិទ្ធផល​ធំៗ រោងចក្រ សហគ្រាស សណ្ឋាគារ ភាគច្រើន​លើសលុប​បានមកពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​។​
​ ​
​លោក តុង ទីង​ឆឹង​( DONG DING CHENG) ប្រធាន​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា បាន​ថ្លែងថា​៖​អំណោយ​មនុស្សធម៌​នេះ គឺ​ប្រជាជន​ចិន​ចង់​ជួយ​បងប្អូន​ខ្មែរ​ដែល​កំពុង​មានការ​ខ្វះខាត និង​ចែករម្លែក​ក្តី​ស្រលាញ់​និង​ការជួយ​គ្នា​ទៅវិញទៅមក​។​ក្រៅពី​ការវិនិយោគ​សមាគម​នឹង​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែងអំណរគុណ​ដល់​លោក​យន្ត​មីន​អភិបាលខេត្ត​ព្រ​សីហនុ​និង​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​ដែល​បាន​ជួយ​ជ្រោមជ្រែង​បង្កើតបាន​នូវ​ពិធី​ចែក​អំណោយ​មនុស្សធម៌​នេះ​ឡើង​ដើម្បី​ឲ្យ​យើងខ្ញុំ​មានឱកាស​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​សង្គម​។​អំណោយ​មនុស្សធម៌​ក្នុង​ពេលនេះ​ចាត់ទុកជា​ចំណុច​ចាប់ផ្តើម​ក្នុងការ​យកចិត្តទុកដាក់​និង​ចូលរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​។​
​ ​

គួរឱ្យ​ដឹងថា​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៨​មាន​សហគ្រាស​២០០ បាន​ចូលរួម​និង​សមាជិក​ចំនួន​១៥០០​នាក់​ដែល​មកពី​គ្រប់ទិសទី​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ​និង​ខេត្ត​ក្រុង​ចំនួន​១០​ទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​សមាគម​មាន​សមាជិក​ឆ្នើម​ដឹកនាំ​គ្រប់​វិស័យ​រួមមាន​ដូចជា​«​អចលនទ្រព្យ ហិរញ្ញវត្ថុ សំណង់ សម្លៀកបំពាក់ កសិឧស្សាហកម្ម ទេសចរណ៍​សណ្ឋាគារ ដឹកជញ្ជូន​។​ល​។​៕S/