ពលរដ្ឋ​បី​ភូមិ​រស់នៅ​លើដី​កោះ​អាចនឹងទទួល​បាន​បណ្តា​ញ​អគ្គិសនី​ប្រើប្រាស់​ដូច​គេឯង

884
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​រស់នៅ​លើដី​កោះ​ធ្លាប់តែ​ប្រើ​ភ្លើង​ចន្លុះ​បំភ្លឺ​ពេល​រាត្រី​បាន​ផ្លាស់ប្តូរ​ជីវភាព​ទៅតាម​សម័យកាល​ហើយ​អាចនឹងទទួល​បានការ​ភ្ជាប់​បណ្តាញ​អគ្គិសនី​ដូច​អ្នកទីក្រុង​ដែរ​។ ភូមិ​ទាំងបី​នោះ​អ្នកស្រុក​បានដាក់​ឈ្មោះថា​កោះ​ឈើទាល​តូច កោះ​ឈើទាល​ធំ​និង​ភូមិ​កោះ​ល្ង​ស្ថិតក្នុង​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាប់​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​ភាគ​ខា​ជើង​ទី​រួម​ខេត្តស្ទឹងត្រែង​។

តាម​ការ​ឱ្យដឹងពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​រស់នៅ​លើដី​កោះ​នេះ​គឺជា​អ្នកនេសាទ​ត្រី​និង​ធ្វើ​កសិកម្ម​។​ជីវភាព​ពួកគេ​មិនសូវ​ជា​ធូរធារ​ប៉ុន្មាន​ឡើយ​ហើយ​ការប្រើប្រាស់​ភ្លើង​វិញ​នោះ​គឺថា​ដុត​តែ​ចង្កៀងប្រេងកាត​និង​ចន្លុះ​ជាដើម​។​អ្នកភូមិ​លើដី​កោះ​ចង់​ទៅណា​មក​ណា​គឺ​តម្រូវឱ្យ​ឆ្លង​ទូក​កាត់​ដង​ទន្លេមេគង្គ​មករក​ឃុំ​ព្រះ​រំកិល​ជា​ចាំបាច់​ទោះបី​ជាមាន​ដឹក​ស្ត្រី​ពោះធំ​មក​សម្រាល​បុត្រ​នៅ​ទី​រួម​ខេត្ត ឬក៏​មាន​អ្នកជំងឺ​ណាមួយ​ក៏ដោយ​។

​ក៏ប៉ុន្តែ​ដល់ពេល​យូរៗ​ទៅ​ការអភិវឌ្ឍ​ចេះតែ​ធ្វើឱ្យ​អ្នកភូមិ​លើដី​កោះ​ផ្លាស់ប្តូរ​ទម្លាប់​និង​ប្រែប្រួល​ជីវភាព រួមទាំង​ការ​ស្លៀកពាក់​មក​ទាន់សម័យ​និង​ការប្រើប្រាស់​ភ្លើង​ប្រចាំ​គ្រួសារ​រាល់ថ្ងៃ​។​

ដោយ​មើលឃើញ​ពី​តំបន់​ដាច់ស្រយាល​មួយ​នេះ​ទើប​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ដឹកនាំ​មន្ត្រី​និង​យក​សម្ភារៈ​មួយចំនួន​ទៅ​ចែកជូន​ដល់​គ្រួសារ​ខ្វះខាត​នៅលើ​ដី​កោះ​។​ផ្ទាំង​សូ​ឡា​ចំនួន​៣៨០​ផ្ទាំង​ត្រូវបាន​អាជ្ញាធរខេត្ត យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ខាត​គ្រាន់​បំភ្លឺ​ពេលយប់​កាលពី​១៦​ខែមករា​ឆ្នាំ​២០១៩​។

​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​និយាយ​ក្នុងពេល​ចុះ​ជួប​និង​សួរសុខទុក្ខ​ពលរដ្ឋ​រស់នៅ​លើដី​កោះ​ដោយ​និយាយថា​ផ្ទាំង​សូ​ឡា​ទាំងនេះ​គឺ​គ្រាន់តែ​ជាការ​ប្រើប្រាស់​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

យ៉ាងយូរបំផុត​ត្រឹម​ពីរ​ឆ្នាំ​ទៅមុខទៀត​អាចនឹងទទួល​បាន​បណ្តា​ញ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដូច​គេឯង​ហើយ​។​ក្រោយពី​ឮ​សម្តី​លោក​អភិបាលខេត្ត​ភ្លាម​ប្រជាពលរដ្ឋ​ក៏ដូចជា​មេឃុំ​ព្រះ​រំកិល​បាន​ទះដៃ​អបអរ​និង​បញ្ចេញ​ទឹកមុខ​ញញឹម​សង្ឃឹមទុក​ក្នុង​ចិត្ត​ថា​នឹង​បាន​ភ្លើង​ប្រើ​ដូច​គេ​ជួយ​សម្រាល​បន្ទុក​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។

លោក សៀ ប៉ាច​ប្រធាន​អង្គភាព​អគ្គិសនី​កម្ពុជា​ខេត្តស្ទឹងត្រែង​បាន​និយាយ​បន្ថែមថា​ដោយសារ​ភូមិសាស្ត្រ​ដី​កោះ មាន​ភាព​ស្រុក​ស្មាញ​ច្រើន​និង​មាន​ថ្ម​ពិបាក ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទើប​មានការ​យឺតយ៉ាវ​បន្តិច​។​តែ​ខាង​ជំនាញ​អគ្គិសនី​នឹង​រក​វិធី​ភ្ជាប់​បណ្តាញ​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​ឱ្យទទួល​បាន​ភ្លើង​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕S/

#