ពលរដ្ឋ​ប្រតិកម្ម​ពេល​ឃើញ​មន្ត្រីជលផល​បោះបង្គោល​ក្នុង​ព្រែក​និង​ផ្ទៃសមុទ្រ​

603
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ដោយ​ឃើញ​មន្ត្រីជលផល​បោះបង្គោល​នៅ​ផ្ទៃសមុទ្រ​និង​ក្នុង​ព្រែ​កនា​ភូមិសាស្ត្រ​ភូមិ​ព្រែក​ត្នោត​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ប្រជាពលរដ្ឋ​បាន​សម្តែង​ក្តី​ងឿងឆ្ងល់​និង​ដាក់​ការសង្ស័យថា​អាចជា​ករណី​ប៉ុនប៉ង​កាន់កាប់​ធ្វើ​កម្មសិទ្ធិ​នាពេល​ណាមួយ​។

​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​អះ​អាង​ថា​នេះ​ជាការ​រៀបចំ​កន្លែង​សម្រាប់​ចិញ្ចឹម​ត្រី​សមុទ្រ​ដែល​ប្រជាពលរដ្ឋ​អាច​ចូលរួមបាន​គ្រប់គ្នា​គឺ​មិនមាន​បុគ្គល​ណា​ម្នាក់​ហ៊ាន​រំលោភបំពាន​ដី​កម្មសិទ្ធិ​រដ្ឋ​យក​ធ្វើជា​របស់ខ្លួន​បានឡើយ​។​

​លោក​ហុង​ប៊ុនហេង​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ត្នោត​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​បាន​រៀបរាប់ថា​ព្រែក​ស្មាច់​ជា​ដៃសមុទ្រ​ដ៏​សំខាន់​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​នៃ​ទូក​នេសាទ​របស់​អ្នកភូមិ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ ម្យ៉ាងទៀត​រាល់ពេល​ទឹកនាច អ្នកភូមិ​ក៏​អាច​ដើររក​បង្គា​ក្នុង​ដងព្រែក​នេះ​បានដែរ​។

ពលរដ្ឋ​ដដែល​បាន​បន្តថា​កន្លងមក​លោក​អ៊ុក​សំអុល​នាយផ្នែក​ជលផល​ត្រពាំងរ​ពៅ​បាន​បោះបង្គោល​បង្កើត​បែរ​ចិញ្ចឹម​ត្រី​ក្នុង​ព្រែក​នេះ​ដោយ​បង្កក្តី​លំបាក​មួយផ្នែក​ដល់​ប្រជា​នេសាទ​ទៅហើយ​។​ក្រោយមក​លោកនាយ​ផ្នែក​ឈានទៅ​ហ៊ុមព័ទ្ធ​ព្រៃកោងកាង​និង​ប៉ះពាល់​ដល់​ផ្ទៃសមុទ្រ​ដែល​មើលទៅ​ហាក់​មានបំណង​កាន់កាប់​ជា​កម្មសិទ្ធិ​នាពេល​ណាមួយ​។​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​លោក​អ៊ុក​សំអុល​បានមក​បោះបង្គោល​នៅ​ផ្នែក​ខាងលើ​បង្ក​ផលប៉ះពាល់​សម្រាប់​ការធ្វើដំណើរ​របស់​អ្នកនេសាទ​បន្ថែមទៀត​។​

​លោក​ប៊ុនហេង​បាន​បញ្ជាក់ថា​ក្នុងស្ថានភាព​បែបនេះ​លោក​មេឃុំ​ព្រែក​ត្នោត​បាន​បញ្ជាក់ថា​ការបោះបង្គោល​បង្កើត​បែរ​ចិញ្ចឹម​ត្រី​ត្រង់ចំណុច​នេះ​នឹង​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ព្រមទាំង​បង្ក​ផលប៉ះពាល់​សម្រាប់​ការធ្វើដំណើរ​ទៅ​នេសាទ​សមុទ្រ​។​ដូច្នេះ​លោក​មេឃុំ​នឹង​ពិភាក្សា​ជាមួយ​លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ដើម្បី​រិះរក​មធ្យោបាយ​រៀបចំ​ផ្លូវទឹក ឬ​រុះរើ​បង្គោល​ទាំងនេះ​ចេញ​វិញ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នា​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​រស្មី​កម្ពុជា​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក​គង់​ប៊ុន​រា​មេឃុំ​ព្រែក​ត្នោត​បានទេ​ព្រោះ​ទូរស័ព្ទ​របស់លោក​ស្ថិត​នៅក្រៅ​តំបន់​សេវា​។

​ដោយឡែក​លោក​ស​សូ​រិ​ន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តកំពត​បានបញ្ជាក់​ថា​ព្រឹក​មិញ​លោក​បាន​ចុះទៅ​ប៉ុស្តិ៍​របស់​ផ្នែក​ជលផល​ត្រពាំងរ​ពៅ​ហើយក៏​បានឃើញ​មន្ត្រី​របស់លោក​បោះបង្គោល​ដើម្បី​ធ្វើ​បែរ​ចិញ្ចឹម​ត្រី​ដែរ​។

​លោក​អ៊ុក​សំអុល​បាន​ប្រាប់​លោក​ថា​ដោយសារ​បច្ចុប្បន្ន​នៅ​ផ្នែក​ខាងក្រោម​ទឹកនាច​ខ្លាំង​ទើប​ផ្លាស់កន្លែង​ចិញ្ចឹម​ត្រី​មក​ខាងលើ​វិញ​ព្រោះ​ចំណុច​នេះ​ទឹក​ជ្រៅ​ជាង​។​លោកនាយ​ខណ្ឌ​បាន​បន្តទៀតថា​ទាំងនេះ​ជាការ​រៀបចំ​កន្លែង​សម្រាប់​ចិញ្ចឹម​ត្រី​សមុទ្រ​ហើយ​ប្រជាពលរដ្ឋ​សហគមន៍​អាច​ចូលរួមបាន​គ្រប់គ្នា​បើ​បងប្អូន​មានបំណង​ចង់​ចិញ្ចឹម​ត្រី​សូម​អញ្ជើញ​មក​បង្កើត​បែរ​បន្តៗ​គ្នា​ចុះ​។​

​នៅ​ព្រែក​ត្រពាំងរ​ពៅ​ក៏មាន​ការចិញ្ចឹម​ត្រី​រាប់រយ​បែរ​ហើយ​ប្រជាពលរដ្ឋ​កំពុង​កាក់កប​នឹង​មុខរបរ​នេះដែរ​។​និយាយ​រួម​មិនមាន​បុគ្គល​ណា​ម្នាក់​ហ៊ាន​រំលោភបំពាន​ដី​កម្មសិទ្ធិ​រដ្ឋ​យក​ធ្វើជា​របស់ខ្លួន​បានឡើយ​។

លោក​ស​សូ​រិ​ន​បាន​បញ្ជាក់ថា​រាល់​បទល្មើស​ជលផល​ពិសេស​ការបំពាន​យក​ដី​រដ្ឋ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សមត្ថកិច្ច​ជលផល​លោក​នឹង​ចាត់វិធានការ​ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើយ​៕S/​