ពលរដ្ឋ​មន្ត្រីរាជការ​និង​កងកម្លាំង​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៧​ឆ្នាំ​

181
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​ជា​ថ្ងៃ​គម្រប់​ខួប​៧​ឆ្នាំ​នៃ​ព្រះករុណា​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​ជាតិ​ព្រះ​បរម​រតន​កោដ្ឋ​។​ព្រះអង្គ​បាន​យាង​ចូល​ទីវ​ង្គ​ត់​ដែល​ធ្វើ​ឲ្យ​យើង​ជា​កូន​ជា​ចៅ​ចៅទួត​ចៅលួត​របស់​ព្រះអង្គ​មាន​ក្តី​សោកស្តាយ​អាឡោះអាល័យ​រក​ទីបំផុត​គ្មាន​។​

ព្រមទាំង​ឲ្យ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​នឹកឃើញ​នូវ​ព្រះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​និង​វិសេសវិសាល​ដ៏​ឧត្តុង្គឧត្តម​នូវ​ស្នា​ព្រ​ហស្ត៍​របស់​ព្រះករុណា​ដែល​បាន​បន្សល់ទុក​នៅ​សម​ទ្ធិ​ផល​ជាច្រើន សម្រាប់​ជាតិ មាតុភូមិ ។

​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ក៏មាន​ការចូលរួម​ពី​លោក​អ៊ឹង​ហឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង លោក​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​លោក​លោកស្រី​ជា​គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្នងការ​នគរបាល​មេបញ្ជាការ​បញ្ជាការ​ងក​ង​កម្លាំងប្រដាប់អាវុធ​និង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ពាណិជ្ជករ និង ប្រជាពលរដ្ឋ​ផងដែរ ។​

​ព្រះ​បរម​រតន​កោដ្ឋ​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ព្រះអង្គ​បាន​លះបង់​ទាំង​ព្រះកាយពល​និង​ព្រះ​បញ្ញាញាណ​ដើម្បី​បុព្វហេតុ​ជាតិ​ក្នុង​ការទាមទារ​នូវ​ឯករាជ្យ​ជាតិ​ពី​អាណានិគម​បារាំង​សេស​និង​ខេត្ត​មួយចំនួន​ពី​ប្រទេស​សៀម ព្រមទាំង​ប្រាសាទព្រះវិហារ​ក្នុង​បូរណភាព​ទឹកដី​ការបង្រួបបង្រួម​ជាតិ​សាសនា​សេរីភាព សមភាព​សមធម៌​យុត្តិធម៌​មនុស្សធម៌​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​ជាងនេះទៅទៀត​ព្រះ​វីរៈ​សកម្មភាព​របស់​ព្រះអង្គ​ដែល​បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​បូរណភាព​ទឹកដី​ឯកភាព​ជាតិ អ​ព្យា​ក្រឹត្យ​ភាព និង កិត្យានុភាព​ដ៏​ល្បីល្បាញ​នៅលើ​សកលលោក​ទៀតផង ។

​បន្ទាប់ពី​ការបូជា​ទៀនធូប​ថ្វាយ​នៅ​ចំពោះមុខ​ព្រះ​ឆ័​យ្យលៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ​និង​ការគោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ដោយបាន​ធ្វើការ​ស្មឹង​ស្មា​ត​ដើម្បី​ឧទ្ទិស​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ព្រះអង្គ​ទ្រង់ បាន​យាន​ទៅកាន់​ព្រះ​បរម​សុគតិភព ឲ្យ​បាន​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។សូមបញ្ជាក់​ផងដែរ​ថា​នៅ​ទូទាំង​ខេត្តសៀមរាប​អាជ្ញាធរខេត្ត​បានធ្វើ​ការណែនាំ​ដល់​បណ្តា​គ្រប់​ទី​វត្ត​អារាម​និង​គ្រប់​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក៏បាន​រៀបចំ​ធ្វើ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ផងដែរ ៕S/

​រូបភាព​: មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៧​ឆ្នាំ​៕​គូលែន​