ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​កំចាយមារ​បាន​ចំណូល​ពី​ការដើរ​ក​ឃ្មុំ​និង​បេះ​ផ្លែឈើ​ក្នុងព្រៃ​មក​លក់​

633

​(​ព្រៃវែង​)៖​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​កំចាយមារ​តែងតែ​ដើររក​ឃ្មុំ​និង​បេះ​ផ្លែឈើ​ពី​ក្នុងព្រៃ​យកមក​លក់​តាម​ផ្លូវជាតិ​លេខ​៨​ជា​ហូរហែរ​ព្រោះ​ជា​មុខរបរ​បន្ទាប់បន្សំ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៨​គឺ​ប្រាកដជា​បានឃើញ​ការដាក់​លក់​ផ្លែឈើព្រៃ​ជាច្រើន​មុខ​និង​ឃ្មុំ​នៅតាម​ផ្លូវជាតិ​លេខ​៨​ចំណុច​ភូមិ​សាមគ្គី​ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

ក្រុម​អ្នកលក់​ទាំងនោះ​បាន​ឲ្យ​ដឹងថា​ពលរដ្ឋ​នៅ​អ្នកភូមិ​របស់គាត់​ប្រមាណ​ជា​៣០​ភាគរយ​គឺ​តែងតែ​ដើររក​ឃ្មុំ​និង​បេះ​ផ្លែឈើ​ពី​ក្នុងព្រៃ​យកមក​លក់​ជាប្រចាំ​។​ជាមួយគ្នា​នោះ​គឺ​ពួកគេ​បាន​ទៅក្នុង​ព្រៃ​ឆ្ងាយៗ​រហូតដល់​ព្រៃ​តាម​ព្រំប្រទល់​វៀតណាម​ក៏មាន​ក្នុង​ការរុករក​ឃ្មុំ​និង​ផ្លែឈើព្រៃ​យកមក​លក់​នេះ​។​

ទោះបីជា​យ៉ាងណា​អាជីវករ​ដែល​លក់​ទឹកឃ្មុំ​និង​ផ្លែឈើ​ទាំងនោះ​គឺ​ពួកគាត់​លក់​ជា​លក្ខណៈ​គ្រួសារ​រកបាន​តិច​លក់​តិច​រកបាន​ច្រើន​លក់​ច្រើន​។​វា​ពុំមែន​ជាការ​ទិញ​លក់​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ឬ​ថៅកែ​អ្វី​នោះទេ​ព្រោះថា​គ្រឿង​បរិភោគ​ដែល​ពួកគាត់​ដាក់លក់​ទាំងនោះ​ជា​របស់​ធម្មជាតិ​ពិតៗ​មិន​ងាយ​និង​រកបាន​ហើយ​បើ​រកបាន​ក៏​មិន​ច្រើន​ដែរ​។​

​លោកស្រី នុ​ន សារឿន អាយុ​៣៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​សាមគ្គី​ឃុំ​ក្រញូង​ស្រុក​កំចាយមារ ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា គាត់​លក់​ឃ្មុំ​រាល់ថ្ងៃនេះ​គឺ​ប្ដី​របស់គាត់​ជា​អ្នក​ដើររក​ពី​ព្រៃ​មក​ទេ​ជួនកាល​ទិញ​បន្ថែម​ពី​អ្នកភូមិ​ដែល​គេ​រកបាន​យកមក​លក់​ដែរ​ហ្នឹង​។​

គាត់​បន្តថា​អ្នកភូមិ​នៅ​ម្ដុំ​នេះ​ភាគច្រើន​ដើររក​ឃ្មុំ​និង​បេះ​ផ្លែឈើ​ពី​ក្នុងព្រៃ​យក​លក់​ព្រោះ​ជា​មុខរបរ​បន្ទាប់បន្សំ​រប​ស់​ពួកគាត់​។​ជា​រៀងរាល់ថ្ងៃ​អ្នកភូមិ​ព្រឹក​ចេញពីផ្ទះ​ទៅ​ព្រៃ​ដើម្បី​រក​ឃ្មុំ​និង​ផ្លែឈើ​ទាំងនោះ​ដល់ពេល​ថ្ងៃត្រង់​មក​ផ្ទះ​វិញ​ជួនកាល​ពេល​ថ្ងៃត្រង់​ចេញទៅ​។​

​លុះ​ល្ងាច​ត្រឡប់មកវិញ​ដោយ​មួយថ្ងៃ​រកបាន​ឃ្មុំ​២​ទៅ​៣​ផ្លិត​ក្នុង​ម្នាក់ៗ​។​ជាមួយ​នោះ​និង​បេះ​ផ្លែឈើ​បានជា​មធ្យម​ពី​៣​គីឡូក្រាម​ទៅ​៥​គីឡូក្រាម​ក្នុង​១​ថ្ងៃ​បើជា​ផ្សិត​វិញ​អាច​រកបាន​ច្រើន​ដល់​ទៅ​៦​គីឡូក្រាម​ក្នុង​១​ថ្ងៃ​។​អាជីវករ​បញ្ជាក់ថា​ឃ្មុំ​តូច​លក់បាន​តម្លៃ​១​ផ្លិត​ចាប់ពី​៥,០០០​រៀល​ដល់​២០,០០០​រៀល​ប៉ុន្តែ​បើ​ឃ្មុំ​ធំ​លក់បាន​ចាប់ពី​២០,០០០​រៀល​ទៅ​៥០,០០០​រៀល​ក្នុង​១​ផ្លិត​!​រីឯ​ទឹកឃ្មុំ​លក់​១​លីត្រ​តម្លៃ​៧០,០០០​រៀល​។

​មិនតែប៉ុណ្ណោះ​ក៏មាន​ផ្លែ​គុយ​ដែល​បេះ​ពី​ក្នុងព្រៃ​ដោយ​លក់​១​គីឡូ​១០,០០០​រៀល​ផ្លែ​ពុត​ទ្រា​ដោះក្របី​ក្នុង​១​គីឡូ​តម្លៃ​៥,០០០​រៀល​ផ្សិត​អាកាស្យា​ដែល​គេ​ដើរ​ដក​ពី​ក្នុងព្រៃ​ឬ​ក្រោម​ដើម​អាកាស្យា​ដែល​វា​ដុះ​ចេញពី​ស្លឹក​នោះ​គឺ​លក់​ក្នុង​១​គីឡូ​១០,០០០​រៀល​និង​មាន​ផ្លែឈើ​ជាច្រើន​មុខ​ទៀត​ដែល​កសិករ​នៅទីនេះ​រកបាន​យកមក​លក់​។

​ក្រុម​អ្នកលក់​ទាំងនោះ​បានលើកឡើង​ថា​ថ្វី​ត្បិត​ផ្លែឈើ​ដែល​ពួកគាត់​ដាក់លក់​ទាំងនោះ​មិនសូវ​សំបូរបែប​ក្នុងការ​ជ្រើសរើស​ក៏ពិតមែន​តែ​វា​ជា​របស់​ធម្មជាតិ​ពិតៗ​ដែល​រកបាន​ពី​ក្នុងព្រៃ​គឺ​ពុំមាន​ជា​តិំ​គីមី​ឡើយ​។​
លោក​សំ​វិចិត្រ​ជា​អ្នកទិញ​ឃ្មុំ​បាន​ឲ្យ​ដឹងថា​គាត់​តែងតែ​មក​ទិញ​ឃ្មុំ​ទីនេះ​យក​ឲ្យ​ប្រពន្ធ​គាត់​ជា​ញឹកញាប់​ព្រោះថា​ជា​ឃ្មុំ​ដែល​ភូមិ​ទាំង​នោះគេ​រក​ពី​ក្នុងព្រៃ​មក​មិនមែនជា​ឃ្មុំ​ចិញ្ចឹម​ឡើយ​ចំណែក​ផ្លែឈើ​ក៏​ធម្មជាតិ​ដែរ​រីឯ​តម្លៃ​ក៏​សមរម្យ​៕S/​ដោយ​៖​ចាន់ ថន​

​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​កំចាយមារ​បាន​ចំណូល​ពី​ការដើរ​ក​ឃ្មុំ​និង​បេះ​ផ្លែឈើ​ក្នុងព្រៃ​មក​លក់​