ពលរដ្ឋ​រស់នៅ​តាម​ដង​ព្រែក​​លែង​ប្រឈម​ជំនន់​ទឹកភ្លៀងទៀតហើយ​

112
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ព្រែក​ចំនួន​២​គឺ​ព្រែ​កតា​តៃ​ក្រោម​និង​ព្រែ​កកោះ​ប៉ោ​លែង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ទៀតហើយ​គិត​ត្រឹម​ថ្ងៃទី​១៣​ខែសីហា​ដោយ​អាកាសធាតុ​បានផ្តល់​អំណោយផល​ល្អប្រសើរ​ឡើងវិញ​។​គ្រា​កន្លងទៅ​រដ្ឋបាលខេត្ត​កោះកុង​ប្រកាសអាសន្ន​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ការគំរាមកំហែង​ជំនន់​ទឹកភ្លៀង​នៅពេល​ក្រុមហ៊ុន​វា​រី អគ្គិសនី​បើក​បង្ហូរទឹក​ចេញមកក្រៅ​។​

លែង​ជា​ក្តី​ព្រួយបារម្ភ​ហើយ​ដែល​អាកាសធាតុ​ប្រែ​វិល​មក​សភាព​ល្អប្រសើរ​ឡើង​វិញ​ដោយ​មេឃ​បើក​ពន្លឺ​ថ្ងៃ និង​រាំងភ្លៀង ក្រោយ​ប៉ុន្មាន​៥​ថ្ងៃ​មកនេះ​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​ផ្ទះសម្បែង ព្រមទាំង​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ជាង​ខ្នង​ជន់​លិច ព្រោះ​ឥទ្ធិពល​ព្យុះ​ធម្មជាតិ​។​

​លោក ធិ​ន សម្បត្តិ មេឃុំ​តា​តៃ បានឱ្យដឹងថា កម្ពស់​ទឹក​ចេញពី​ជ្រលង និង​ការបង្ហូរ​ចេញពី​វា​រី​អគ្គិសនី បាន​ស្រក​ទៅវិញ​ខ្លះ​ហើយ​បន្ទាប់ពី​រាំងភ្លៀង​ព្រមទាំង​ការបិទ​ទំនប់ទឹក​នៅ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​តា​តៃ​ក្រោម​។ ទោះយ៉ាងណា អាជ្ញាធរ​នៅតែ​បន្ត​តាមដាន​ពី​កម្ពស់​អាកាសធាតុ​ខ្លាច​មានការ​ប្រែប្រួល​មិនល្អ ដើម្បី​ចុះ​ជម្លៀស​ដឹក​ជ​ញ្ចូ​ន​ពលរដ្ឋ​រស់នៅ​តាម​ដង​ព្រែក​ឡើងមករក​ទីទួល​សុវត្ថិភាព​ជៀសវាង​មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​មហន្តរាយ​ធម្មជាតិ​។​

​មេឃុំ​តា​តៃ​បញ្ជាក់ទៀតថា​ចំពោះ​សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ​តា​តៃ​បាន​ផ្អាក​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជិះទូក​កម្សាន្ត​តាម​ដងព្រែក​ក៏ដូចជា​ទៅលេង​ទឹកជ្រោះ​ជាង​៥​ថ្ងៃ​មកហើយ​។​ព្រោះ​រដូវវស្សា​បរិមាណ​ទឹក​ហូរ​ខ្លាំង​មិនអាច​ទៅលេង​កម្សាន្ត​បានទេ​។

​កាលពី​ថ្ងៃទី​១១​សីហា​កន្លងទៅ​អាជ្ញាធរ​កងកម្លាំង​ប្រដាប់​៣​ប្រភេទ​បាន​ចុះ​ដឹក​ជ​ញ្ចូ​ន​ប្រជាពលរដ្ឋ​នៅតាម​ឡើងមក​ទីទួល​វត្ត​អារាម​សាលារៀន​អំឡុងពេល​ទទួល​ព័ត៌មាន​ថា​វា​រី​អគ្គិសនី​តា​តៃ​ក្រោម​បើកទ្វារ​ទឹក​បង្ហូរ​ចេញមកក្រៅ​ដោយសារ​ការមិន​ទ្រាំ​ទ្រង់​នឹង​បរិមាណ​ទឹកភ្លៀង​ក្នុង​អាង​ច្រើន​លើសលុប​ពេក​។​

​ដោយឡែក​លោក ពេជ្រ ស៊ី​យុន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១៣ សីហា​ដែរ​ថា​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣​សីហា​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ទាំងពីរ​រួមមាន​៖​វា​រី​អគ្គិសនី​តា​តៃ​ក្រោម​និង​វា​រី​អគ្គិសនី​ស្ទឹង​ឬ​ស្ស៊ី​ជ្រុំ​ក្រោម​ក៏បាន​បិទទ្វារ​ទឹក​ទំនប់​លែង​បង្ហូរទឹក​ចេញ​ក្រៅ​ដែរ​។​

ខណៈ​អាកាសធាតុ​មិនមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ខ្លាំង​ដូច​ប៉ុន្មាន​មុន​។​ស្ថានភាព​ប្រែប្រួល​យ៉ាងណា​លោក​នឹង​បន្ត​ប្រកាស​ព័ត៌មាន​ដល់​រដ្ឋបាលខេត្ត​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​អោយដឹង​ជាមុន​ក្នុង​គោលបំណង​ត្រៀម​បង្ការ​ពី​គ្រោះមហន្តរាយធម្មជាតិ​។​

​ទាក់ទិន​នឹង​គ្រោះធម្មជាតិ​នេះដែរ គេ​ឃើញ​មាន​លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា បាន​ចុះទៅ​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្លង​ជាង​៨៥​គ្រួសារ ដែល​ផ្ទះ និង​ដីស្រែ​ចម្ការ​ជន់​លិច​ទឹកភ្លៀង​ដោយ​នាំយក​នូវ​គ្រឿង​បរិភោគ​មួយចំនួន​ជូន​ចែក​គ្រាន់​ដោះស្រាយ​ការបណ្តុះ​អាសន្ន​។​

​រដ្ឋបាល​ខេត្តកោះកុង​កាលពី​ថ្ងៃទី​១០​សីហា​ឆ្នាំ​២០១៩​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​និង​សាធារណជន​ទាំងអស់​ដោយនៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ក្នុង​រដូវវស្សា​នេះ​មាន​ភ្លៀង​ច្រើន​ធ្លាក់​ជា​បន្តបន្ទាប់​បណ្តាល​ឱ្យ​ភូមិសាស្ត្រ​តាម​ស្រុក​ឃុំ​ភូមិ​មួយចំនួន​នៅជាប់​មាត់សមុទ្រ​ដងព្រែក​និង​ស្ទឹង​អូរ​មាន​កម្ពស់​ទឹកភ្លៀង​ឡើង​ខ្ពស់ និង​នៅ​កន្លែង​ខ្លះ​មានទឹក​ហូរ​ធ្លាក់​ពី​ជ្រលង​ភ្នំ​កាត់​ផ្លូវជាតិ​លេខ​៤៨ និង​អាចមាន​បាក់​ដី ថ្ម ធ្លាក់​មកលើ​ផ្លូវ​។​

បើតាម​ការជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ពន្យល់ថា​ជាក់ស្តែង​កាលពី​ថ្ងៃទី​៩​សីហា​ឆ្នាំ​២០១៩​កន្លង​ទីនេះ​មាន​ទឹកធ្លាក់​ពីលើ​ភ្នំ​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤៨​ត្រង់ចំណុច​PK131132​ក្បែរ​ស្ពាន​ភូមិ​ដូង​ហៅ​ស្ពាន​តា​តៃ​ដោយមាន​បាក់​ដី​និង​ដុំថ្ម​ខ្លះៗ​មកលើ​ទ្រូង​ថ្នល់​។​

ភ្លាមៗ​នោះ​បញ្ហា​នេះ​ក៏​ត្រូវបាន​អាជ្ញាធរខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​និង​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត​ចុះទៅ​ដល់ទី​តាំង​និង​យក​គ្រឿងចក្រ​ទៅ​កៀ​កាយ​ប្រឡាយទឹក​ដោយ​សម្រួល​ចរាចរណ៍​ធ្វើដំណើរ​បានជា​ប្រក្រតី​។

ដោយឡែក​នៅ​ថ្ងៃទី​១០​ខែសីហា​ប្រតិភូ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ដឹកនាំ​ដោយ​លោក​យិ​ត​ប៊ុណ្ណា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ព្រមទាំង​កងវិស្វកម្ម​ស្ពាន​១៧៨​របស់​ក្រសួងការពារជាតិ​បាន​ចុះ​ពិនិត្យ​ហើយ​បាន​នឹង​កំពុង​ជួសជុល​ចិញ្ចើមផ្លូវ​ដែល​រង​ការខូចខាត​ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​តាមផ្លូវ និង​ប្រព័ន្ធ​បង្ហូរទឹក​។​

​ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​កោះកុង​បានប្រកាស​ដល់​សាធារណជន​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​អំពី​ជំនន់​ទឹកភ្លៀង​តាម​តំបន់​មួយចំនួន​និង​សូមអ្នក​បើកបរ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៤៨​ដើម្បី​បង្ការ​ជៀង​វាង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​អំឡុងពេល​ភ្លៀង​ធ្លាក់​ក្នុង​រដូវវស្សា​នេះ​។​

​អាជ្ញាធរខេត្ត​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​និង​ឃុំ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ដោយ​យកចិត្តទុកដាក់​តាម​ខ្លឹមសារ​នៃ​ការជូនដំណឹង​ខាងលើ​ដោយ​ជឿជាក់​លើ​ស្មារតី​ចូលរួម​សហការ​អនុវត្ត​ឱ្យបាន​ល្អ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​មន្ទី​រវិ​ស័​យ​ពាក់ព័ន្ធ​និង​ការប្រុងប្រយ័ត្ន​របស់​ប្រជាពលរដ្ឋ​ក្នុងការ​បង្ការ​និង​ជៀស​ផុតពី​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​៕S/​