ពលរដ្ឋ​រិះគន់​ខណ្ឌ​៧​មករា ជា​សម្បុក​ល្បែង​ឆ្នោត​កន្ទុយលេខ​…!

387

(​ភ្នំពេញ​)៖ អាជ្ញាធរ​ខណ្ឌ​៧​មករា ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ពី​ការធ្វើ​ព្រងើយកន្តើយ​មិន​បង្ក្រាប ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​រឿង​មេ​កន្ទុយលេខ​វៀតណាម​ដ៏​ធំ​ជាច្រើន​កន្លែង ដែល​កំពុងតែ​បើក​ដំណើរការ​យ៉ាង​រលូន​ដោយ​ម្នាក់ៗ មានកូន​កញ្ច្រែង​ជាច្រើន និង​ប្រើប្រាស់​សុទ្ធតែ​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​គិតលុយ​និង​ផ្ញើ​ឯកសារ​។ ចំណែក​លោក​អភិបាលខណ្ឌ​៧​មករា​ថា ចាំ​ចាត់ចែង​កម្លាំង​ឱ្យ​ចុះទៅ​មើល​។​

​តាម​សេចក្តីរាយការណ៍​ឱ្យដឹងថា​ទីតាំង​ល្បែង​ឆ្នោត​កន្ទុយលេខ​វៀតណាម​ដ៏​ធំ​ដែលមាន​ម្ចាស់​ឈ្មោះ​ចែ​លី មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​១៦៤ ទល់មុខ​សាលា​សុវណ្ណ​ភូមិ សង្កាត់​ផ្សារ​អូរឫស្សី​ទី​៣ ទីតាំង​ទី​ពីរ​នៅលើ អាគារ​ជាន់​ទី​៤​បុរី​កីឡា​ផ្ទះ​លក់​ទឹកកក​និង​លក់​គ្រឿងទេស និង​ទី​តាំងទី​៣​ផ្ទះ​លេខ​១៤៦​អឺ​សូន្យ​ហ្ស៊ែ​ត​ផ្លូវ​លេខ​១២៨​ច្រក​ឌឿងហែម សង្កាត់​មនោ​រម្យ ។​

​ម្ចាស់​ទីតាំង​ឈ្មោះ​ដា ដែលមាន​ទីតាំង​ស្ថិតនៅ​ច្រក​ឌឿងហែម​ផ្លូវ​លេខ​១៦៦​ក្បែរ​ផ្សារ​អូរឫស្សី និង​មាន​បើក​ណេ​ត​យ៉ី​ហោ ៧៧​ណេ​ត ដែល​ប​ង្ក្រ​ប់​ល្បែងស៊ីសង​ទៀតផង ។​

​ចំណែក​កន្លែង​កត់​កន្ទុយ​លេខ​មួយទៀត​ជា​ហាង​កាហ្វេ​ទុល​មុខ​អតីត​សណ្ឋាគារ​ទឹក​រាំ​ផ្កា​រាំ ផ្ទះ​លេខ​៩​ដេ ផ្លូវ​លេខ​១៣៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​និង​ហាង​គុយទាវ​ឌុយ​ម៉ិច​៥០ ជា​កន្លែង​ដ៏​ធំ និង​មាន​ខ្នង​ក្រាស់ ត្រឹម​អធិការរង​ខណ្ឌ​៧​មករា មិន​ហ៊ាន​ទៅ​ក្បែរ​ផង រួមទាំង​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ជាច្រើន​កន្លែង​ទៀត​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​កន្ទុយលេខ​ធំៗ​ទាំងនោះ បាន​ប្រាប់​ឱ្យដឹងថា ទឹកដី​ខណ្ឌ​៧​មករា ជា​សម្បុក​ល្បែង​កន្ទុយលេខ​ហើយ​មួយកន្លែងៗ គឺ​បើក​លក្ខណៈ​យូរ​ឆ្នាំ​មកហើយ មិនដែល​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌ​៧​មករា បង្ក្រាប​ម្ដងណា​ឡើយ​។​

​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា បើ​មិនមាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ខណ្ឌ​៧​មករា​ទេ កុំ​ថា បើក​ទីតាំង​ធំៗ​យ៉ាងនេះ គ្រាន់តែ​បើក​កត់​កន្ទុយ​លេខ​តូចតាច​ក៏​មិនអាច​បើក​បានដែរ​។​

​អភិបាលខណ្ឌ​៧​មករា​លោក លឹម សុភា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ចាំ​ចាត់​កម្លាំង​ឱ្យទៅ​មើល តែ​លោក​មិនបាន​បញ្ជាក់​ពី​ពេលវេលា​នោះទេ​៕L ដោយ​៖ កា​ម៉ាច​