ពលរដ្ឋ​រិះគន់​មេ​រង​ប៉ុស្តិ៍​មិន​បង្ក្រាប​កន្លែង​វ៉ៃ​បុក​ភ្នាល់​ដាក់​លុយ​

1037
ចែករម្លែក

ទីតាំង​លេងល្បែង​ភ្នាល់​ប្រដាល់​(​វ៉ៃ​បុក​)​ដាក់​លុយ​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប ពិសេស​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឃ្លាំង​មាស មិនដែល​ឃើញ​ចុះបង្ក្រាប​ទេ គឺ​ទុក​សម្រាប់​ចិញ្ចឹម​ឆ្នាំ​បាយ ទោះបី​រំខាន​ដល់​អ្នកជិតខាង​ក៏ដោយ ហើយ​ពួកគេ​និយាយ​រិះគន់ថា ត្រង់ៗ​ថា បើ​ទីតាំង​នេះ​ជា​របស់លោក​មេ​រង​ប៉ុស្តិ៍ តើ​ឲ្យ​គាត់​បង្ក្រាប​យ៉ាងម៉េច​កើត​។​

​ប្រភពពី​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​នោះ បាន​ឲ្យ​ដឹងថា នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្លាំង​មាស​រូបនេះ មានឈ្មោះ សន សម្បត្តិ ពាក់​សក្តិ​២ ដោយ​គេ​បាន​បើក​ទីតាំង​ភ្នាល់​កីឡាប្រដាល់ ស៊ីសង​លុយរាប់​ម៉ឺន រាប់លាន​។ ទីតាំង​នោះ នៅ​ទល់មុខ​សាលាឃុំ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ដូន​ពៅ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បើក​លក់​កាហ្វេ ហើយ​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​យ៉ាង​កងរំពង គ្មាន​ខ្លាចក្រែង​រំខាន ឬ​ថ្លង់​ដល់​អ្នកជិតខាង​ទេ​។​

​ប្រភព​ដដែល​បាន​បន្តថា សូម្បីតែ​មន្ត្រីនគរបាល​ដូចគ្នា ក៏មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ដែរ ចំពោះ​ទង្វើ​របស់លោក​នាយរង​ប៉ុស្តិ៍​រូបនេះ ព្រោះ​ការងារ​ស្នូល​គេ​មិនសូវ​យកចិត្តទុកដាក់​មក​ធ្វើការ​នោះទេ​។ ជាក់​សែ្ត​ង​ដូចជា​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​បាញ់សម្លាប់​មនុស្ស​២​នាក់ ប្លន់​យក​ម៉ូតូ​វ៉េវ​១​គ្រឿង បាន​កើតឡើង​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៧​កន្លងទៅនេះ នៅក្នុង​មូលដ្ឋាន​ស្រុក​ប​វេ​ល ក៏​គេ​មិន​ខ្វល់​ដែរ គឺ​គេ​គិត​យ៉ាងណា​ឲ្យ​តែមាន​អតិថិជន​ចូលមក​លេងល្បែង​ភ្នាល់​ប្រដាល់​ដាក់​លុយ​នៅ ក្នុង​ទីតាំង​របស់គេ​ជាការ​ស្រេច​។ បញ្ហា​នេះ វា​ជា​គំរូ​មួយ​ដ៏​អាក្រក់​សម្រាប់​មន្ត្រីនគរបាល​ដូចគ្នា ហើយក៏​ជា​ទង្វើ​មួយ​មិនអាច​មានលទ្ធភាព ទៅ​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​បានដែរ​។​

​ជុំវិញ​រឿងអាស្រូវ​ដែល​លោក​នាយរង​ប៉ុស្តិ៍​ឃ្លាំង​មាស បាន​ប្រព្រឹត្ត​នាពេលនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុត្តិធម៌ បាន​បញ្ជាក់ថា លោក​មិន​បានដឹង​ទាល់តែសោះ ហើយ​លោក​បាន​សន្យាថា នឹងធ្វើ​ការសាកសួរ​ទៅ​លោក អឿ​ម ទិ​ត្យ ដែលជា​អធិការ​នៅ​ទីនោះ ថា​តើ​មាន​ដឹង​ដែរ ឬទេ​អំពី​បញ្ហា​នេះ​?

​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​រង់ចាំ​មើលថា តើ​លោក​នាយរង​ប៉ុស្តិ៍​អាច​បញ្ឈប់​នូវ​សកម្មភាព​ដ៏​អាស្រូវ​នេះ បានដែរ​ឬទេ ខណៈដែល​រឿងនេះ ត្រូវបាន​លោក​អធិការ និង​លោក​ស្នងការរង​បានដឹង​ទៅហើយនោះ​។ បើ​មិន​ដូច្នោះ​ទេ ប្រយ័ត្ន​មាន​ប្រជាពលរដ្ឋ​ទៅ​បើក​ល្បែង​បៀ អាប៉ោង​ក្បែរ​ទីតាំង​លោក​ប៉ូលិស​ដែរ តើ​លោក​ប៉ូលិស​គិត​យ៉ាងណា​៕ ដោយ៖ គ្រញូង

ទីតាំង​បើក​លេងល្បែង​ភ្នាល់​ប្រដាល់ (​រូប​៖ គ្រញូង​)