ពលរដ្ឋ​រិះគន់​អាជ្ញាធរ រឿង​ដី​អូរ​សាធារណៈ​មួយកន្លែង​ក្លាយជា​កម្មសិទ្ធិឯកជន នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

758
ចែករម្លែក

ដោយ​: ចាន់ថន / ព្រៃវែង​: ដី​អូរ​សាធារណៈ​របស់​រដ្ឋ​១​កន្លែង​ស្ថិតនៅ ចំណុច​អូរ​ក្រចាប ភូមិ​ក្រចាប​ឃុំ​ព្រៃខ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​ក្លាយជា​កម្ម​សិទ្ធ នាយទុន លើក​ទំនប់​វ៉ា​ត់​យក​ធ្វើ​អាជីវកម្ម​ជីក​យក​អាចម៍ដី​លក់​រាល់ថ្ងៃ​។​

​ជាមួយគ្នា​នោះ ពលរដ្ឋ​នៅ​ឃុំ​ព្រៃខ្លា​បាន​លើកឡើងថា លោក អ៊ឹម ម៉េង​ហ៊ាង ហៅ ឆ លី​ហ៊ាង ជា​នាយទុន​និង​ជា​ម្ចាស់​គ្រឿងចក្រ​ខ្នាត​ធំ​បាន​រំលោភ​យក​ដី​សាធារណៈ របស់​រដ្ឋ​ជិត​១​ហិកតា​។ ពលរដ្ឋ​បាន​អះអាងថា ដី​នៅ​ចំណុច​នោះ មួយ​កំណាត់​ខាងក្រោម ប្រមាណ​ជា ៧០​ភាគរយ​នៃ​ទំហំ​ដី​ទាំងមូល ដែល​លោក ឆ លី​ហ៊ាង កាន់កាប់​និង​លើក​ទំនប់​ព័ទ្ធ​យក​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ចាប់ពី​ដើម​អាកាស្យា​មក​លិច​។​
​ហើយ​កន្លងមក​ពលរ​ដ្ឋ​២​ទៅ​៣​គ្រួសារ​បាន​ទៅ​អាស្រ័យ​ផល លើដី​នោះ​រួច​ទើប​លក់​មក​ឲ្យ​លោក ឆ លី​ហ៊ាង ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ​។​

​ក្នុងនោះ​ផងដែរ​លោក ឆ លី​ហ៊ាង បាន​ទិញ​ដី​ពី​លោក ឈឿន ចំនួន​៤០​អា មាន​ប្លង់​ត្រឹមត្រូវ​ដោយនៅ​ប៉ែក​ខាងលើ​។ ដោយឡែក​ដី​នៅ​ប៉ែក​ខាងលិច​ជាប់​មាត់ទឹក និង​ប៉ែក​ខាងត្បូង លោក ឆ លី​ហ៊ាង បាន​លូក​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន រួចជាស្រេច ដោយ​សំអាងថា ទិញ​ពី​ពលរដ្ឋ​និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​។​

​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើ លោក ឆ លី​ហ៊ាង បាន​ឲ្យ​ដឹងថា ដី​ដែល​លោក​គ្រប់គ្រង​គឺមាន​ច្បាប់​និង​ប្លង់​ត្រឹមត្រូវ ទទួលស្គាល់​ដោយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​។​

​ឯ​លោក អ៊ុច អេង មេភូមិ​ក្រចាប បាន​ទទួលស្គាល់ថា ដី​របស់លោក អ៊ឹម ម៉េង​ហ៊ាង ហៅ ឆ លី​ហ៊ាង គ្រប់គ្រង​នោះ​១​កំណាត់​ក្រោម​និង​ខាងត្បូង ពីមុន​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ពិតមែន​។ ប៉ុន្តែ​ឥឡូវ​មិនមាន​ដី​រដ្ឋ​ទៀត​ទេ ព្រោះ​លោក ឆ លី​ហ៊ា ប្រមូល​ទិញ​អស់ហើយ ដោយពេល​នោះ​លោក ហ៊ាង បាន​ទៅ​ជួប​ជាមួយ​លោក​មេឃុំ ហើយ​តម្លៃ​ប៉ុន្មាន​នោះ លោក​មិនដឹង​ទេ​?​។​

​ចំណែក លោក វើក អនុ​ភូមិ​ក្រចាប បាន​អះអាងថា ដី​លោក ឆ លី​ហ៊ាង ដែល​ទិញ​ពី​ឈ្មោះ​ឈឿន ចំនួន​៤០​អា មាន​ប្លង់​ត្រឹមត្រូវ​។ ប៉ុន្តែ​ដី​ដែល​ទិញ​ពី​លោក ទ្រី នី នៅ​ភូមិ​ក្រចាប ឃុំ​ព្រៃខ្លា នៅ​ចំណុច​ប៉ែក​ខាងត្បូង ជាង​កន្លះ​ហិកតា​នោះ​គឺជា​ដី​រដ្ឋ​សុទ្ធសាទ​។​

​ចំពោះ​លោក យឹម យ៉​ន មេឃុំ​ព្រៃខ្លា​បាន​ឲ្យ​ដឹងថា ដី​លោក ទ្រី នី ដែល​លក់​ឲ្យ​លោក ឆ លី​ហ៊ាង នោះ​គឺ​លោក​បាន​ចុះហត្ថលេខា​លើ​លិខិត​ទិញ​លក់​ផ្ទេរ​សិទ្ធ​។​

​ទោះបី​ជាង​យ៉ាងណា​ពលរដ្ឋ​បាន​រិះគន់​មកលើ​អាជ្ញាធរ ថា​ឃុបឃិត​គ្នា​លក់​ដី​រដ្ឋ​ឲ្យ​ទៅ​នាយទុន​ក្រោម​ហេតុផល​ថា ពលរដ្ឋ​អាស្រ័យ​ផល​ជា​អ្នកលក់​មិនមែន​អាជ្ញាធរ​៕​ ល