ពលរដ្ឋ​សង្ស័យថា​មន្ត្រី​គយ​ខេត្តកោះកុង​លួច​ចាក់ដី​និង​បូម​ខ្សាច់​លុប​មាត់​ព្រែក​ស្រុក​បុ​ទុម​សាគរ​

698
ចែករម្លែក
  • 26
    Shares

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អណ្តូងទឹក​ស្រុក​បុ​ទុម​សា​គារ​បាននាំគ្នា​ដាក់​ការសង្ស័យថា​មាន​មន្ត្រី​គយ​ចំនួន​៣​រូប​នៅក្នុង​ខេត្តកោះកុង​លួច​ចាក់ដី​និង​បូម​ខ្សាច់​លុប​ចំណី​ព្រែក​សាធារណៈ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅ​ភូមិ​ចាម​។

​បញ្ហា​នេះ​ទាំង​អភិបាលស្រុក​និង​ប្រធាន​ការ​រិ​យា​ល័យ​ភូមិបាល​ស្រុក​បុ​ទុម​សាគរ បាន​បញ្ជាក់ថា សកម្មភាព​ខាងលើ​លោក​ពុំ​បានដឹង​រឿង​នោះទេ ហើយក៏​មិនបាន​ចេញ​ជា​លិខិតអនុញ្ញាត​ណាមួយ​ដែរ​។​

​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​លួច​បង្ហើប​ជា​ព័ត៌មាន​នៅ​ថ្ងៃទី​១៩ ខែមករា ថា អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ឃុំ ស្រុក និង​មន្ត្រី​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​បូ​ទុម​សាគរ កំពុង ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុងការ​បើកដៃ​ឱ្យ​ក្រុមមន្ត្រី​គយ​ចំនួន​៣​រូប​។​ក្នុង​នោះបាន​ចាក់ដី​និង​បូម​ខ្សាច់​លុប​ព្រែក​សាធារណៈ​តាមតែ​ចិត្ត​ចង់បាន​គ្មាន​វិធានការ​ផ្លូវច្បាប់​ទប់ស្កាត់​ជាក់លាក់​ណាមួយ​ទាល់​សោះ​។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​អណ្តូងទឹក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ត​លើកឡើង​ទៀតថា​សកម្មភាព​ដែលមាន​រកស៊ី​ឈ្នូ​ល​ចាក់ដី និង​បូម​ខ្សាច់​លុប​ចំណី​មាត់​ព្រែក​សាធារណៈ គឺជា​ដី​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​និង​លោក​ចាប​សាវ៉ាត​មន្ត្រី​គយ​សាខា​ខេ​ត​កោះកុង​ដែល​ឈរជើង​ប្រចាំការ​នៅ​ឃុំ​អណ្ដូងទឹក​ផ្ទាល់​តែម្តង​។​មួយកន្លែង​ទៀត​ដែល​គេ​បូម​ខ្សាច់​ចាក់​លប់​នោះ គឺ​របស់លោក កើត សម្រេច ប្រធានការិយាល័យ​គយ ស្រុកស្រែ​អំបិល ដែល​អ្នក​ទាំង​៣​សុទ្ធសឹងតែ​ជាម​ន្ត្រី​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​ខេត្តកោះកុង ។​

ព្រោះតែ​មើលឃើញ​ពី​ភាពមិនប្រក្រតី​ខាងលើ ប្រជាពលរដ្ឋ​ស្នើ​ដល់​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​មេត្តា​ចាត់​មន្ត្រី​អធិការកិច្ច​ពិនិត្យ​ស្រាវជ្រាវ​និង​ទប់ស្កាត់​សកម្មភាព​រំលោភបំពាន​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បែប​អនាធិបតេយ្យ​អោយបាន​ទាន់ពេលវេលា​ជៀសវាង​មាន​មន្ត្រី​អសកម្ម​មួយចំនួន​ផ្សេងទៀត​យក​គំរូ​អាក្រក់​តាម​នាំអោយ​ប៉ះពាល់​ដល់ក​ត្តិ​យស​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងមូល​។​

​ទាក់ទិន​នឹង​បញ្ហា​អវិជ្ជា​មាន​ខាងលើ លោក ពៅ ចាន់ថន ប្រធាន​ការ​រិ​យា​ល័យ​ភូមិបាល ស្រុក​បូ​ទុម​សាគរ លើកឡើងថា រឿងរ៉ាវ​មាន​គេ​ចាក់ដី​លុប​ចំណី​ព្រែក​សាធារណ​នៅក្នុង​ភូមិ​ចាម ឃុំ​អណ្តូងទឹក​គឺ​លោក​ពុំ​បានដឹង​ព័ត៌មាន​ទាំងអស់​នោះទេ​ហើយ​លោក​រឹតតែ​មិនបាន​ចេញ​ជា​លិខិតអនុញ្ញាត​ណាមួយ​ជូន​មន្ត្រី​គយ​ដែរ​។​ដូច្នេះ​ប្រសិន​អ្នកណា​មួយ​ថា​មានច្បាប់​ដែល​ចេញពី​លោក​ត្រូវ​យកមក​ពិ​និត្យនៅ​ការិយាល័យ​ភូមិបាល ដើម្បី​ជម្រាប​ជា​ព័ត៌មាន​ពិតប្រាកដ​។​

​ដោយឡែក​លោក​ទូ​សាវុធ​អភិបាលស្រុក​បូ​ទុម​សាគរ​វិញ​ក៏​ឱ្យដឹង​ដែរ​ថា​លោក​មិនទាន់​បានទទួល​ព័ត៌មាន អោយបាន​ច្បាស់លាស់​នៅឡើយ​ទេ​ជុំវិញ​ការ​លួច​ចាក់ដី​លុប​ចំណី​មាត់​ព្រែក​សាធារណ​នេះ​។ លោក សាវុធ​អះអាងថា​នឹង​ចាត់​កម្លាំង​ជំនាញ​ចុះទៅពិនិត្យ​រួចហើយ​ដែរ​។​ប៉ុន្តែ​ខាង​ជំនាញ​នៅ​ពុំទាន់​បាន​រាយការណ៍​មក​លោក​វិញ​នោះទេ​រាល់​ការរំលោភបំពាន​យក​ដី​រដ្ឋ​គឺ​ខាង​អាជ្ញាធរ​ស្រុក​មិន​អនុញ្ញាត​ចេញ​លិខិត​កាន់កាប់ ឬ​ប្លង់​កម្មសិទ្ធិ​អោយ​ជាដាច់ខាត ។​

​រស្មី​កម្ពុជា ក៏​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ប៉ិច ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង សុំ​ការបំភ្លឺ តែ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នកទទួល​ឆ្លើយតប​។ យ៉ាងណាមិញ​លោក សំ កុស​ល្យ ប្រធាន​សាខាគយ និង រដ្ឋាករ ខេត្តកោះកុង ព្រមទាំង​លោក ចាប សាវ៉ាត​មន្ត្រី​គយ​សាខា​ខេត្តកោះកុង ក៏​គ្មាន​ប្រភព​ណា​អាចទាក់ទង​ពួកគាត់​បានដែរ​។​

​តាមច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា បានចែង​កំណត់ថា ដីភ្នំ បឹងបួ ទន្លេ ព្រែក អូរ សមុទ្រ ឆ្នេរ និង​កោះ ជាដើម គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​រួមគ្នា​ការពារ​ឲ្យ​បាន​គង់វង្ស​ល្អ​។ ទោះជា​បែបនេះ​ក្តី នៅ​មូលដ្ឋាន​ខេត្តកោះកុង មួយរយៈ​ចុងក្រោយ​នេះ ដី​មាត់​ព្រែក ដីភ្នំ ដី​ឆ្នេរ​កោះ និង​អូរ​បឹង​ធម្មជាតិ​ជាដើម​ត្រូវ​ឈ្មួញ​មានទ្រព្យ​ធន​និង​មន្ត្រី​មានអំណាច​ជាច្រើន​បាន​ប្រើប្រាស់​គ្រប់​រូបភាព ដើម្បី​រំលោភ​កាន់កាប់​ធ្វើ​កម្មសិទ្ធិ ហើយ​សកម្មភាព​នេះ អាជ្ញាធរ​ឆ្លើយថា​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ឬ​បាន​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​ចំនួន ជាដើម​៕S/