ពលរដ្ឋ​សាទរ ចំពោះ​ការស្តារ​និង​ស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុង​សិរីសោភ័ណ​ជាង​៨០​គីឡូម៉ែត្រ​

1047
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ពល​រដ្ន​ក្រុង​សិរីសោភ័ណ​សាទរ​រីករាយ​និង​ថ្លែងអំណរគុណ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដើរ​តាម​គោលនយោបាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ខណៈ​ក្រុមការងារ​គណបក្ស​ប្រជាជន ពិនិត្យមើល​ការស្ថាបនា​ផ្លូវ នៅ​ភូមិ​ពង្រ និង​ភូមិ​សូ​ភី សង្កាត់​កំពង​ស្វាយ ក្រុង​សិរីសោភ័ណ និង​សួ​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ កាល​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ២០១៨​។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​: យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជា​យុទ្ធនាការ​ស្តារ​ស្ថាបនា​ផ្លូវ​ឡើងវិញ​នៅក្នុង​ក្រុង​សិរីសោភ័ណ​នេះ​គឺ​ដោយមាន​ការចង្អុលបង្ហាញ​ពីលោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុម​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ដោយ​ក្នុងនោះ​ក្រុមការងារ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់​ក្នុងការ​ស្តារ​និង​កសាង​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​មាន​ទាំង​ផ្លូវ​កៅស៊ូ​ផ្លូវ​បេតុង​ក្រួស​ក្រហម​ក្រាល​ថ្ម​មិច​ដែល​បាន​សម្រេចបាន​មួយចំនួន​ហើយ​ដែរ ។​

​ដោយ​មើលឃើញ​ផល​លំបាក់​នេះ ទើប លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្រេច​ដាក់​ផែនការ​ស្តារ​និង​ស្ថាបនា​ផ្លូវ​ដែល​លំបាក​ក្នុង​ក្រុង​ទាំង​ឲ្យ​អស់​ដែលមាន​ចំនួន​៧​សង្កាត់ ក្នុង​រយៈពេល​មួយខែ​ឲ្យ​បាន​រួចរាល់​បើសិនជា​អាកាសធាតុ​អំណោយផល​ឬ​គ្មានអ្វី​ប្រែប្រួល​នោះ​។​
លោក សួន បវរ បន្តថា ដំណើរការ​នៃ​ការស្ថាបនា នេះ​គឺ​ចាប់ផ្តើម​ដំណើរការ ចាប់តាំងពី​ថ្ងៃទី​២២ ខែឧសភា ដោយ​អនុវត្តបាន​ផ្លូវ​ថ្ម​មិច បាន​ចំនួន​១៥,៨​គីឡូម៉ែត្រ , ក្រាល​ក្រួស​បាន​៤ គីឡូម៉ែត្រ លើ​ផែនការ​ទូទាំង​ក្រុង គឺមាន​ប្រវែង​ជាង​៨០ គីឡូម៉ែត្រ ។​

សូមបញ្ជាក់ថា ផ្លូវ​ដែល​បាន​ស្តារ​និង​ស្ថាបនា មាន​ចំនួន​សរុប ១៦៨​ខ្សែ មាន​ប្រវែង​ជាង ៨០ គីឡូម៉ែត្រ ៕មន