ពលរដ្ឋ​ស្នើសុំ​ថ្នាក់លើ​សម្រួល​បើក​ច្រករបៀង​ចូលទៅ​ផ្សារណាត់​គោក​ស្បែង​របស់​ថៃ​ដើម្បី​ទិញ​ទំនិញ​ថៃ​

1624
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ពលរដ្ឋ​រាប់រយ​នាក់​ប្រតិកម្ម​ហើយ​ស្នើសុំ​ថ្នាក់លើ​សម្រួល​បើក​ច្រករបៀង​ចូលទៅ​ផ្សារណាត់​គោក​ស្បែង​របស់​ថៃ​ដើម្បី​ទិញ​ទំនិញ​ម្ហូបអាហារ របស់​ប្រើប្រាស់​ក្នុង​មួ​យស​ប្តា​ហ័​មាន​មួយ​ព្រឹក ។ ពលរដ្ឋ​បាន​ឆ្លង​ចេញចូល​ដោយ​ជិះ​ក្បួន​និង​ជិះទូក​ឆ្លង​អូរ​ព្រំដែន​។​

​ពលរដ្ឋ​ខ្មែរ​ស្នើសុំ​ថ្នាក់លើ​សម្រួល​បើក​ច្រករបៀង​ចូលទៅ​ផ្សារណាត់​គោក​ស្បែង​របស់​ថៃ​ដើម្បី​ទិញ​ទំនិញ​ថៃ​(​រូបថត​ភ្នំ​ស្វាយ​)

ពលរដ្ឋ​រស់នៅ​ភូមិ​សង្កាត់​ក្នុង​ក្រុង​ប៉ោយប៉ែត​មានប្រតិកម្ម​និង​សំណូមពរ​ដូច្នេះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមិថុនា​នា​ច្រករបៀង​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ខណ​:​ច្រករបៀង​គីឡូម៉ែត្រ​លេខ​៤- គោក​ស្បែង​នេះ បាន​បិទ​នាពេលនេះ​។ ពោលគឺ​មិនបាន​បើក​ដូច​សព្វមួយដង​ឡើយ​។​

ស្ត្រី​ពលរដ្ឋ​ឈ្មោះ ឌី​ឡែ​ន រស់នៅ​ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា គាត់​និង​ពលរដ្ឋ​ឯទៀត​បាន​ខកចិត្ត​យ៉ាងខ្លាំង​ដើ​យ​សារ​ច្រករបៀង​គីឡូម៉ែត្រ​លេខ​-​គោក​ស្បែង​នេះ​បាន​បិទ​នា​ថ្ងៃនេះ​។ ការបិទ​អីចឹង​នាំ​ពលរដ្ឋ​មាន​អារម្មណ៍​ខឹងសម្បា​រលើ​មន្ត្រី​កងកម្លាំង​នគរបាល​ព្រំដែន​និង​អាជ្ញាធរ​ដែនដី ។​

ដូចគ្នានេះដែរ អ្នកស្រី តាន់ សា​ម៉េ​ត ដែល​មកលេង​កូន​រស់នៅ​ក្រុង​ប៉ោយប៉ែត ,​ប្អូនប្រុស​ឡូយ យ៉ា រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ជាប់​នឹង​ច្រកព្រំដែន​នេះ​បាន​ទទូច​ឲ្យ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨៩១,​ដល់​លោក​ចៅសង្កាត់​ផ្សារកណ្តាល​និង​អភិបាលក្រុង​ប៉ោយប៉ែត​ដើម្បី​អន្តរាគមន៍​ថ្នាក់លើ​ឲ្យ​បើក​ច្រក​របៀង​គីឡូម៉ែត្រ​លេខ​៤-​គោក​ស្បែង​នេះ​ឡើងវិញ​ជាបន្ទាន់​។​

ចំណែក​អ្នកស្រី​ឯម ចាន់សូ​ភី រស់នៅ​សង្កាត់​ផ្សារកណ្តាល​ដែរ​និយាយប្រាប់​កាសែត​រស្មី​កម្ពុជា​ថា អ្នកស្រី​នៅចាំ​ថា​ច្រក​នេះ​លោក​អភិបាលស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បាន​ស្នើសុំ​មក​ខ្មែរ​យើង​(​លោក​អភិបាលក្រុង​ប៉ោយប៉ែត​)​ឲ្យ​បើក​សម្រាប់​ពលរដ្ឋ​ថៃ​មក​លក់ទំនិញ​នៅ​ផ្សារណាត់​ក្នុង​មួយ​សប្តាហ៍​បើក​កន្លះ​ថ្ងៃ ហើយ​ពលរដ្ឋ​ខ្មែរ​អាច​ឆ្លងទៅ​ទិញ​ទំនិញ​ម្ហូបអាហារ​របស់​ប្រើប្រាស់ ។​

ក្នុង​មួយថ្ងៃៗ កាល​នៅ​បើក ច្រក​នេះ​មាន​ពលរដ្ឋ​ចេញចូល ចូល​ប្រមាណ​៥០០​នាក់​ទៅជា​ង​១.០០០​នាក់ ។​ពលរដ្ឋ​មិនបាច់​ធ្វើ​សំបុត្រ មិន​រង់ចាំ​យូរ​ដូច​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឡើយ​។

ការបើក​ច្រក​នេះ សម្រាប់ ជួយ​សម្រួល​ជីវភាព​ពលរដ្ឋ​នៃ​តំបន់​នៅ​ព្រំដែន​ប្រទេស​ទាំង​២ ។ ប៉ុន្តែ ដាច់ខាត​គ្មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​គ្មាន​ការរត់ពន្ធ​ទំនិញ​នាំអោយ​ប៉ះពាល់​ចំណូល​ពន្ធគយ​ចូល​ថវិកាជាតិ​ឡើយ ។​
ម្យ៉ាងទៀត មូលហេតុ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចង់ទៅ​ទិញ​ទំនិញ​ថៃ​នៅ​ផ្សារណាត់​នោះ មកពី​តម្លៃ​ទំនិញ​ថៃ​តម្លៃ​សមរម្យ ហើយ​មានគុណ​ភាពសមស្រប ។​

លោក​វរសេនីយ៍ ហាំ វណ្ណ​: មេបញ្ជាការ​កង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ឲ្យ​ដឹងថា :​ច្រករបៀង​នេះ ពិតជា​បាន​បិទ​តាម​ការណែនាំ​របស់​ថ្នាក់លើ និង​គណ​:​បញ្ជាការ​កងឯកភាព​រដ្ឋបាល​ក្រុង ។​

ចំណែក​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២​ខែមិថុនា​ថា តាមពិត​ច្រករបៀង​គីឡូម៉ែត្រ​លេខ​៤ នេះ មិនបាន​បើក​ដំណើរការ​ជា​ផ្លូវការ ស្របច្បាប់​អី​ទេ ។ ប៉ុន្តែ​កាលពី​អំឡុង​ខែមីនា​ឆ្នាំ​២០១៨ កន្លងមក​លោក​អភិបាលស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​បានមក​ទំនាក់ទំនង​និង​ស្នើសុំ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​យើង​ដែលជា​ក្រុងមាន​មេត្រីភាព​ជាមួយ​នោះ ដើម្បី​បើក​ច្រករបៀង​គីឡូម៉ែត្រ​ល​រខ​៤ ឈម​នឹង​ច្រករបៀង​គោក​ស្បែង​របស់ខ្លួន​ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចេញ ចូល​ទិញ​ទំនិញ​ម្ហូបអាហារ របស់​ប្រើប្រាស់​នៅ​ផ្សារណាត់​ក្នុង​វត្ត​។​ផ្សារណាត់​នោះ មួយ​សប្តាហ៍​បើក​ម្តង​គឺ​នៅ​កន្លះ​ថ្ងៃ​នៅ​ថ្ងៃ​សៅរ៍ ។​

លោក​សាន ស៊ានហូ បន្តថា ប៉ុន្តែ​ដោយសារ​មានការ​ផ្សព្វផ្សាយ និង​ការណែនាំ​ពី​ថ្នាក់លើ​និង​ស្របតាម​ការណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នោះ គណ​:​បញ្ជាការ​រដ្ឋបាល​ក្រុង​បាន​បញ្ជា​ឲ្យ​បិទ​ច្រករបៀង​នេះ​។​

លោក​ទទួលស្គាល់ថា ពលរដ្ឋ​យ៉ាងច្រើន​មាន​សតិអារម្មណ៍​និង​ខឹងសម្បារ​ពី​ការបិទច្រក​របៀង​ដែល​បង្ក​ប៉ះពាល់​ជីវភាព​នេះ ។​ប៉ុន្តែ​លោក​បង្ហើប​ថា អ្វីៗ​ត្រូវ​រង់ចាំ​គណ​:​ក​ម្មា​ធិ​ការ​ចម្រុះ​មួយ​របស់​ក្រសួងមហាផ្ទៃ​និង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​អង្កេត​ស្រាវជ្រាវ វាយតម្លៃ​និង​សុំ​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​សិន​។​

​ពលរដ្ឋ​ខ្មែរ​ស្នើសុំ​ថ្នាក់លើ​សម្រួល​បើក​ច្រករបៀង​ចូលទៅ​ផ្សារណាត់​គោក​ស្បែង​របស់​ថៃ​ដើម្បី​ទិញ​ទំនិញ​ថៃ​(​រូបថត​ភ្នំ​ស្វាយ​)

សូមបញ្ជាក់ថា ទោះបី​ជាមាន​បទបញ្ជារ​បស់​សម្តេច​ក្រឡាហោម ស ខេង ឲ្យ​បិទ​ច្រករបៀង​ទាំងអស់​នៅ​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក៏ដោយ ក៏​ជាក់ស្តែង​ច្រករបៀង​ជាច្រើន​នៅបាន​បើក​តាម​ភាពចាំបាច់ សំណូមពរ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដើម្បី​ចេញ ចូលទៅ​ប្រទេស​ថៃ​ក្រោមរូបភាព​ទៅ​ព្រឹក វិល​ល្ងាច​ដើម្បី​ធ្វើការ​ស៊ីឈ្នួល​តាម​រដូវ​នៅ​ទឹកដី​ថៃ​។

ទោះយ៉ាងណា ក៏​នៅមាន​ច្រករបៀង​នៃ​ព្រំដែន​ខ្លះ​នៅ​លួច​បើក​ដើម្បី​លាភ​សក្ការ​: ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​មេៗ របស់​មន្ត្រី និង​កងកម្លាំង​ការពារ​មួយចំនួន​។​ដូចជា​ច្រករបៀង​ម្តុំ​កា​សី​ណូ​ផ្កាយ​ប្តាំ​ដល់​បឹង​សាគូ​,​ច្រករបៀង​ទួលប្រាសាទ​…​នៃ​ភូមិសាស្ត្រ​ឈរជើង​របស់​នគរបាល​ការពារ​ព្រំដែន ៕មន