ពលរដ្ឋ​ស្នើ​សមត្ថកិច្ច ចាត់ការ​តាមផ្លូវ​ច្បាប់ មិន​លម្អៀង​លើ​គ្រឿងសម្អាង​ក្លែងក្លាយ ជាង ៤ តោន​

1368
ចែករម្លែក

(ភ្នំពេញ)​៖ អ្នក​ចាញ់បោក និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទិញ​ផលិតផល​ពី​ហាង “​គ្រួសារ​កក់ក្តៅ​” មិន​ពេញចិត្ត​ចំពោះ​ទង្វើ​អាជ្ញាធរ​ដែល​មិន​ផ្អាក​អាជីវកម្ម​របស់​ថៅកែ​ប្តី​ប្រពន្ធ បណ្តោយឱ្យ​បន្ត​បើក និង​លក់ បើទោះបីជា​សមត្ថកិច្ច រកឃើញ ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់​ជាង ៤ តោន ក្នុងផ្ទះ​ក៏ដោយ​។

​កាលពីពេល​ថ្មីៗ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី ក្រសួងសុខាភិបាល និង​អាជ្ញាធរ បើក​ប្រតិបត្តិ​ការបង្ក្រាប ក្រោម​ការដឹកនាំ​របស់ លោក​ឧ​ត្ត​ម សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​រកឃើញ​គ្រឿងសម្អាង​ក្លែងក្លាយ ខុសច្បាប់ ទម្ងន់ ៤,៥ តោន ដែល​ស្តុក​ទុក​នៅ​ឃ្លាំង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ដែល​គេ​ស្គាល់​ថា ជា​គ្រឿង សម្អាង​ជ្រក​ក្រោម ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ ដែល​កំពុងតែ​ល្បីឈ្មោះ​។

​មន្ត្រីនគរបាល​សេដ្ឋកិច្ច បាន​ថ្លែង​ប្រាប់ថា ទីតាំង​ខុសច្បាប់​មួយ​នេះ មិន​ត្រឹមតែ​ស្តុក​គ្រឿងសម្អាង ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាទី​តាំង​ផលិត កែច្នៃ វេច​ខ្ចប់ និង​ចែកចាយ​គ្រឿងសម្អាង ក្លែងក្លាយ ក្នុង​កន្លែង​តែមួយ​។ ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ស្រី ម៉ា​កនី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ប្រតិបត្តិការ​មួយ​នេះ បានធ្វើ​ឡើង នា​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ ឈ្មោះ អ៊ុច សម្បត្តិ អាយុ​៣៣​ឆ្នាំ​។

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក៏បាន​រកឃើញ និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន​៖ ឡេ ក្រែ​ម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត សរុប​ចំនួន​១៧​មុខ បើ​គិត​ជា​ទម្ងន់​ប្រមាណ ៤,៥ តោន និង​ម៉ាស៊ីន​លាយ ម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​បាញ់​ខ្យល់​។​

​ក្រោយពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ម្ចាស់​ទីតាំង​ឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាន​នាំទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មុន​បន្ត​នីតិវិធី នៅ​សាលាដំបូង រាជធានី ភ្នំពេញ​។ បន្ទាប់មក មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​ម្ចាស់​អាជីវកម្ម​រូបនេះ ចេញ​មុខជា​សាធារណៈ និង​ប្រកា​សលក់​ផលិតផល ដូចដើម ទាំង​ដែល​មិនទាន់បាន​បង្ហាញ​ពី​ច្បាប់​ពី​ការបំភ្លឺ​ខាង​សមត្ថកិច្ច ច្បាស់លាស់​ផង បែរជា​ឆ្លើយថា មិនមាន​បញ្ហា​អ្វី អាច​ប្រើ​ចរាចរ​ធម្មតា​ទាំង​មិនមាន​លិខិតបញ្ជាក់ ពី​គុណភាព ត្រឹមត្រូវ​ទាល់តែសោះ​។

​តាម​រូបភាព​នៃ​កា​រប​ង្គ្រា​ប គឺ​សបញ្ជាក់​ឲ្យ​ឃើញថា អាជីវកម្ម​មួយ​នេះ ធ្វើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែលមាន​ទម្ងន់​ដល់​ទៅ​ជាង ៤ តោន តែ​បែរជា​មិនមាន​បញ្ហា​អ្វី​ទាល់តែសោះ​នៅតែ​អាច ចរាចរ​ធម្មតា តែបើ​យើង​ប្រៀបធៀប កាលពី​កន្លងទៅ គ្រឿងសំអាង ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ជា​ករណី​អាជីវកម្ម​ខ្នាតតូច​ទេ តែ​ជាប់​យូ ហើយ​បិទ​អាជីវកម្ម គាត់​ឡើង​ជិត​១​ខែ តែ​ខាង​នេះ​វិញ​២​ថ្ងៃ ទាំង​គាត់​បាន​លួច​ផលិត​ខុសច្បាប់ និង​ក្លែងបន្លំ ថា​ផលិតផល​ក្រៅប្រទេស ទាំង​ក្បាល​កូដ​ប្រទេស តែ​ទិញ​ផលិតផល​ក្នុង​ផ្សារ​មក​លាយ​លក់ ធម្មតា ដោយ​គ្មាន​ការពិសោធន៍ គ្មាន​ឆ្លងកាត់​ត្រួតពិនិត្យ​គុណភាព មិន​ច្បាស់លាស់ ហើយ​មាន​ចែកចាយ​ទូទាំងប្រទេស ដោយ​មិនមាន​ចំណាត់ការ​ណាមួយ​ត្រឹមត្រូវ ។


​ ​
​ដូច្នេះ​ជាការ​សំណូមពរ ពី​ប្រជាពលរដ្ឋ និង​ម្ចាស់​គ្រឿងសម្អាង ដែល​រកស៊ី​ស្របច្បាប់ ស្នើឱ្យ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សមត្ថកិច្ច​ទាំងអស់ រក​យុត្តិធម៌​តាមផ្លូវ​ច្បាប់ និង​ឱ្យ​ម្ចាស់​អាជីវកម្ម ខាងលើ បង្ហាញ​ឯកសារ ដែល​ឆ្លងកាត់​តាម​ក្រសួង​ស្ថាប័ន​ត្រឹមត្រូវ​មុន​ប្រកាស​លក់​ផលិតផល របស់ខ្លួន ដើម្បី​បង្ហាញ​ឲ្យ​ម្ចាស់​គ្រឿងសម្អាង ស្របច្បាប់​ផ្សេងៗ ជឿជាក់​លើ​ចំណាត់ការ សមត្ថកិច្ច ថា​យុត្តិធម៌ ហើយ​ប្រសិន​ផលិតផល ចេញ​ចរាចរ សូមឱ្យ​មានប​វេត​ឈ្មោះ​មួយ និង​មានច្បាប់​ត្រឹមត្រូវ ដូច​ម្ចាស់​នាំចូល​គ្រឿងសម្អាង​ផ្សេងទៀត ហើយ​ប្រជាពលរដ្ឋ ក៏​ចង់ឃើញ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ផងដែរ​៕ ដោយ​៖ បូ​រិ​ន​