ពលរដ្ឋ​ស្រុក​កោះសូទិន​នៅតែ​បន្ត​មុខរបរ​ត្បាញ​ក្រមា ដែល​បន្សល់ទុក​តាំងពី​ដូនតា​

486

(​កំពង់ចាម​)៖ ប្រជាពលរដ្ឋ ស្ទើរ​គ្រប់​ផ្ទះ ស្ថិតនៅតាម​បណ្តោយ ដង​ទន្លេតូច ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅតែ​បន្ត​មុខរបរ​ត្បាញ ក្រមា ដែលជា​របរ​ប្រពៃណី​មួយ​បាន​បន្សល់ទុក​តាំងពី​ដូនតា យូរលង់​ណាស់ មកហើយ ។​

​អ្នកស្រី នី​ម ណាន អាយុ​៥០ ឆ្នាំ រស់នៅ​ភូមិ​រកា​កោង ឃុំ​ល្វេ បាន និយាយថា គាត់​និង​ម្តាយ​អាយុ​ជាង ៧០​ឆ្នាំ បាន​ប្រកប​អាជីវកម្ម​ត្បាញ​ក្រមា នេះ​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​គ្មាន ប្រកប​របរ​អ្វី​ផ្សេង​នោះទេ​។ អ្នកស្រី​ជា អ្នក​ត្បាញ ហើយ​ម្តាយ គឺជា​អ្នក​ខារ​រវៃ អំបោះ​ដាក់ខ្នារ ។ ក្នុង​មួយថ្ងៃ​អាច​ត្បាញ ក្រមា​បាន​ពី​បួន​ទៅ​ប្រាំ ដែល​ក្រមា នីមួយៗ មាន​ទំហំ​ទទឹង​០,៨​ម៉ែត្រ និង បណ្តោយ​១,៨​ម៉ែត្រ ហើយ​ក្នុង​មួយ​កី មាន​ចំនួន​២៥០​ក្រមា​។​
​ ​
​អ្នកស្រី​បន្តថា ក្រមា​មួយ​កី​ត្រូវ ចំណាយ​ប្រាក់​អស់​ជាង​៥០​ម៉ឺន​រៀល ដើម្បី​ទិញ​អំបោះ​ដែល​ឈ្មួញ​នាំយកមក លក់​នៅក្នុង​ស្រុក​កោះសូទិន​។ ក្រមា មួយ​លក់បាន ៥.៥០០​រៀល ដោយ មាន​ឈ្មួញកណ្តាល​គេ​មក​ប្រមូល​ទិញ ដល់ផ្ទះ​។ បើ​ទូទាត់​ពី​ប្រាក់ចំណេញ ក្នុង​ក្រមា​មួយ​កី​បាន​ប្រហែល​៥០ ម៉ឺន​រៀល គ្រាន់​ជួយ​ដោះស្រាយ​ជីវភាព ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ដោយ​មិនចាំបាច់ ធ្វើ​ចំណាកស្រុក​ទៅណា​ឆ្ងាយ ។​
​ ​
​លោកយាយ សួង ហ៊ាន់ អាយុ ៧៤​ឆ្នាំ ត្រូវជា​ម្តាយ​អ្នកស្រី នី​ម ណាន បានឱ្យដឹងថា គាត់​គឺ​គ្រាន់តែ​ជា​អ្នក​រវៃ អំបោះ​ដោយ​រហាត់​ដាក់​ក្នុង​ខ្នារ​ឱ្យ​កូន ស្រី​ជា​អ្នក​ត្បាញ ដោយ​ក្នុង​មួយថ្ងៃ​បាន ពី​បី​ទៅ​បួន​ប៉ោយ​អំបោះ ។ គាត់​ឈប់ ត្បាញ​ខ្លួនឯង​ហើយ​បន្ទាប់ពី​ភ្នែក​សម្លឹង សរសៃអំបោះ​មិន​ច្បាស់ និង​មាន​ជំងឺ ឡើង​សម្ពោធ​ឈាម ហើយ​មុខរបរ ត្បាញ​ក្រមា​នេះ​បាន​ស្នង​ពី​ម្តាយបង្កើត របស់លោក​យាយ​ដែរ ។​
​ ​
​លោក​សាយ ស្រ៊ាង ជំទប់​ទី​២ នៃ​ឃុំ​ល្វេ បានឱ្យដឹងថា នៅក្នុង​ឃុំ​នេះ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​សរុប ចំនួន ២.៥០០​គ្រួសារ ស្មើនឹង​ចំនួន ១០​ភូមិ ។ ក្នុងនោះ​មាន ១.៨០០ គ្រួសារ ជា​អ្នក ប្រកប​របរ​ត្បាញ​រវៃ ពោល​ស្ទើរតែ គ្រប់​ផ្ទះ ដែល​មុខរបរ​មួយ​នេះ​បានក្លាយ ទៅជា​មុខរបរ​ប្រពៃណី​តាំងពី​ដូនតា មក ។ ដោយឡែក​មាន​ភូមិ​មួយ ឈ្មោះ ភូមិ​ព្រែក​ចង្ក្រាន ប្រជាពលរដ្ឋ​បាន​ចាប់ យកមុខ​របរ​ត្បាញ​ហូល ផាមួង​។​
​ ​
​លោក​បាន​បន្តថា កត្តា​ដែល ពលរដ្ឋ​ឃុំ​ល្វេ​ភាគច្រើន​នៅតែ​បន្ត​ចាប់ យកមុខ​របរ​ត្បាញ​ក្រមា​នេះ ដោយសារ ឃុំ​មួយចំនួន​មាន​ភូមិសាស្ត្រ​ជាប់​ដង​ទន្លេ តូច និង​មាន​ផ្ទៃដី​សម្រាប់ធ្វើ​ចម្ការ​មិន គ្រប់គ្រាន់​។ ម្ល៉ោះហើយ ប្រជាពលរដ្ឋ ភាគច្រើន​ប្រក​បរបរ​ត្បាញ​ក្រមា​នេះ រហូតមក ។​
​ ​
​គួរ​បញ្ជាក់ថា ក្រមា​គឺជា សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយ​ប្រភេទ របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក រស់នៅ​តាម​ជនបទ គឺ​និយម​ចូលចិត្ត​ប្រើ​- ប្រាស់​ក្រមា​នេះ​តាំងតែ​ពី​បុរាណ​មក ម្ល៉េះ​។ ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​ដែល មាន​វ័យ​ចំណាស់​ពេលធ្វើ​ដំណើរ ទៅណា​មក​ណា មិនអាច​ខ្វះ​ក្រមា​បាន ទេ ព្រោះ​ក្រមា​ប្រើ ប្រាស់​បាន​ច្រើនយ៉ាង ។ លើសពីនេះទៅទៀត ក្រមា ត្រូវបាន​គេ​កែច្នៃ​ឱ្យមាន​ទំហំ​តូចៗ ហើយ​យកមក​ធ្វើ ជា​វត្ថុ​អនុស្សាវរីយ៍ សម្រាប់​ជូន​ដល់​ជនបរទេស ឬ​ចែកជូន​ភ្ញៀវ​ពេល​អញ្ជើញ​ចូលរួម​ក្នុង​ពិធីមង្គលការ កូន ប្រុស​ស្រី​ផងដែរ ៕ ដោយ​៖ គង់ ហេង​

ពលរដ្ឋ​ស្រុក​កោះសូទិន​នៅតែ​បន្ត​មុខរបរ​ត្បាញ​ក្រមា ដែល​បន្សល់ទុក​តាំងពី​ដូនតា (​រូប​ថ​តៈ​គង់ ហេង​)​