ពលរដ្ឋ​ស្រុក​ពារាំង​សម្ដែង​ការខកចិត្ត​ចំពោះ​តម្លៃ​ទឹកស្អាត​ខ្ពស់កប់ពពក​

1655
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: ព្រោះតែ​ជីវភាព​និង​ការប្រើប្រាស់​ទឹកស្អាត ប្រចាំថ្ងៃ ទើប​ពលរដ្ឋ​សម្ដែង​ការខកចិត្ត​ជាខ្លាំង ដោយ​លើកឡើងថា តម្លៃ​ទឹក នៅតែ​បន្ត​រក្សា​លំនឹង ខ្ពស់កប់ពពក ដល់​ទៅ​២,៣០០​រៀល​ក្នុង​១​មែត្រ​គូប​។ ខណៈ​តម្លៃ​ភ្លើង​បាន​បន្ត​ចុះ​តាំងពី​៣,០០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង រហូតដល់​៦០០​រៀល​ហើយ​។​

​ពលរដ្ឋ​នៅ​ផ្សារ​កំពង់​ពពិល ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង បាន​លើកឡើងថា តម្លៃ​ទឹកស្អាត ដែល​ពួកគាត់​ប្រើប្រាស់​ប្រចាំថ្ងៃ នៅមាន​តម្លៃ​ខ្ពស់កប់ពពក ដល់​ទៅ​២,៣០០​រៀល​ក្នុង​១​ម៉ែត្រគូប ជាហេតុ​នាំ​ឲ្យ​អ្នក​ប្រើ​ទឹក​ខ្លះ ស្ទើ​តែ​លែង​ចង់​ហ៊ាន​ងូតទឹក បោក​ខោអាវ​ទៅហើយ​។ ពួកគាត់​បន្តថា ក្រុមហ៊ុន​ទឹកស្អាត​មិន​ត្រឹមតែ​ថ្លៃ​ខ្ពស់​ទេ គឺ​បាន​ប្រើ​អំណាច​ផ្ដាច់ការ​ដាក់ពិន័យ មកលើ​អតិថិជន​ដោយ​គ្មាន​យល់យោគ​ទៀតផង​។ ដោយ​ផ្ទះ​ខ្លះ​ត្រូវ​ចាក់ដី រួច​លើក​នាឡិការ​ស្ទង់​បង្ហើប​ឡើងលើ​តាម​ដី ក៏ត្រូវ​បាន​ថៅកែ​ទឹក​ផាកពិន័យ​ចំនួន​៧០,០០០​រៀល​ផងដែរ​។ នៅពេល​បង់លុយ​មិនទាន់​តាម​ការកំណត់ ខាង​ក្រុមហ៊ុន ផាកពិន័យ​១០,០០០​រៀល​ទៀត​។​

​ជាមួយគ្នា​នោះ ពលរដ្ឋ​បាន​អស់សង្ឃឹម​មកលើ​អាជ្ញាធរ ក្នុង​ការរក​ដំណោះស្រាយ​បញ្ចុះតម្លៃ​ទឹក ព្រោះ​កាលពី​អំឡុង​ឆ្នាំ​២០១៥ ពលរដ្ឋ​បាន​ផ្ទុះ​ការតវ៉ា​តឹងសរសៃក ជាមួយ​ម្ចាស់​អាជីវកម្ម​ចែកចាយ​ទឹកស្អាត​។
​ប៉ុន្តែ​បាន​ត្រឹម​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ស្អប់ រីឯ​លទ្ធផល​នៃ​តម្លៃ​ទឹក គឺ​នៅ​ដដែល​មិន​ចុះថ្លៃ​ឡើយ​។​

​ជាមួយគ្នា​នោះ នៅ​ដើមឆ្នាំ​២០១៧ នៅ ក្នុង​បរិវេណ វត្ត​កំពង់​ពពិល លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី បានប្រកាសថា ទាំង​ភ្លើង និង​ទឹក តម្រូវ​ឲ្យ​ចុះថ្លៃ​ទាំងអស់ ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ ប៉ុន្តែ​ការប្រកាស​នោះ មិនមាន​ប្រសិទ្ធភាព​ទេ​។ ព្រោះ​បច្ចុប្បន្ន​តម្លៃ​ទឹក​នៅតែ​ខ្ពស់កប់ពពក​ដដែល ដោយ​១​ម៉ែត្រគូប ២,៣០០​រៀល​។ ហើយ​ជា​មធ្យម​១​គ្រួសារ ប្រើ​រយៈពេល​១​ខែ ក៏​ចំណាយ​អស់​ចាប់ពី​១៥​ម៉ែត្រ ទៅ​២០​ម៉ែត្រគូប​ដែរ​។ មិន​តែ​ប៉​ណ្ណោះ បើ​អ្នក​ត កុង​ទ័​រ​ថ្មី​តម្លៃ​សេវា​ដល់​ទៅ​ជាង​១០០​ដុល្លារ​ក្នុង​១​គ្រួសារ​។ សកម្មភាព​បែបនេះ គឺ​វា​ផ្ទុយស្រឡះ​ពី តម្លៃ​អគ្គិសនី បាន​បន្ត​ចុះ​តាំងពី​៣,០០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង មក​នៅត្រឹម​ជាង​៦០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។ មានន័យថា ការបញ្ចុះ​តម្លៃ​របស់លោក ឧបនាយករដ្ឋមន្ត្រី គឺមាន​ប្រសិទ្ធភាព​សម្រាប់​ភ្លើង រីឯ​ទឹក​មិនមាន​ប្រសិទ្ធភាព​ទេ ព្រោះ​នៅមាន​តម្លៃ​ខ្ពស់​ដដែល​។​

​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើ លោក វ៉ាន់ សុភាព ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តព្រៃវែង បាន​លើកឡើងថា តម្លៃ​ទឹក​គឺ​ក្រសួង​ជា​អ្នកកំណត់​មិនមែន​ខេត្ត​ទេ​!​។ ដោយ​ក្រសួង​គេ​សិក្សា​ពី​ការ ចំណាយ​របស់​ក្រុមហ៊ុន និង​តម្រូវ​ឲ្យ​ខាង​ក្រុមហ៊ុន ចំណេញ​មិន​ឲ្យ​លើសពី​១៥​ភាគរយ​។ ចំពោះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មិនអាច​ទំនាក់ទំនង​បានទេ​។​

​ប៉ុន្តែ​លោក ហម ងួន ម្ចាស់​ក្រុមហ៊ុន​ទឹកស្អាត បាន​ឲ្យ​ដឹងថា តម្លៃ​ខាងលើ គឺ​ក្រសួង​ជា​អ្នកកំណត់ ដោយ​កុងត្រា​រយៈពេល​៥​ឆ្នាំ ក្នុង​១​ឆ្នាំ​ចុះ​តម្លៃ​១០០​រៀល បើ​ផុត​រយៈពេល​៥​ឆ្នាំ ទើប​ក្រសួង​កំណត់​តម្លៃ​ថ្មី​។​

​ទោះបីជា​យ៉ាងណា​ពលរដ្ឋ​នៅ​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង សូម​ទទូច​ស្នើ​ដល់​សម្ដេច​តេ​ជោ​ឲ្យ​ជួយ​អន្តរាគមន៍ បញ្ចុះតម្លៃ​ទឹក​មក​នៅត្រឹម​១,៥០០​ក្នុង​១​ម៉ែត្រគូប​៕ ល​