ពលរដ្ឋ​អាម៉េរិក​ជាប់គុក​១២​ឆ្នាំ​នៅ​វៀតណាម​ពី​បទ ” ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋ​”

315
ចែករម្លែក

​បុរស​អាម៉េរិក​ដើមកំណើត​វៀតណាម​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​វៀតណាម​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨ ដោយ​សង្ស័យថា​បាន​ញុះញង់​មនុស្ស​ច្រើន​នាក់​ឱ្យ​ចូលរួម​ធ្វើ​ការតវ៉ា​​នៅ​ទូទាំង​ប្រទេស​នេះ ដើម្បី​ប្រឆាំង​ពង្រាង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​រយៈពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ពលរដ្ឋ​អាម៉េរិក​ម្នាក់ទៀត ត្រូវបាន​ចាប់ឃុំខ្លួន​ពី​បទ​ចូល​​រួម​ក្នុងការ​ធ្វើ​បាតុកម្ម​នេះ​។​

​តុលាការ​វៀតណាម កាលពី​ថ្ងៃ​ចន្ទី​២៤​មិថុនា​បាន​កាត់ទោស លោក Michael Phuong Minh Nguyen ពលរដ្ឋ​អាម៉េរិក​ដើមកំណើត​វៀតណាម​នេះ​ឱ្យ​ជាប់គុក​១២​ឆ្នាំ បន្ទាប់ពី​លោក ត្រូវបាន​រកឃើញ​ទោសកំហុស​ក្នុង​ការប៉ុនប៉ង់​ផ្តួល​រំលំ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម លោក Nguyen Van Mieng​មេធាវី​របស់​លោក​ដែល​និយាយ​ប្រាប់​សារ​​ព័ត៌មាន​Reuters​។​

​លោក Nguyen Van Mieng បាន​និយាយថា ” វា​ជា​ការ​ជាប់ទោស​យូរ​ឆ្នាំ ។ លោក Michael Phuong Minh Nguyen បាន​និយាយ​សារភាព​ទោសកំហុស​នៅ​តុលាការ​​និង​ស្នើ​គណៈ​វិនិច្ឆយ​ឱ្យ​កាត់បន្ថយ​ទោស​របស់​លោក​ដើម្បី​អាច​ឱ្យ​លោក​ទៅ​ជួបជុំ​គ្រួសារ​របស់​លោក​ក្នុងពេល​ឆាប់ៗ​”​។

​លោក​នឹង​ត្រូវ​បាន​បណ្តេញចេញ បន្ទាប់ពី​បាន​អនុវត្ត​ទោស​របស់​លោក​។​

​លោក Michael Phuong Minh Nguyen ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​វាយប្រហារ​លើ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ទីក្រុង​ហូ​ជី​មី​ញ និង​ទីក្រុង​ហាណូយ​ជាមួយនឹង​គ្រាប់​​បែក​ដប​សាំង​និង​ចំ​ពាម​កៅស៊ូ​។ លោក​ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ក្នុងការ​ញុះញង់​ឱ្យមាន​ការតវ៉ា​ប្រឆាំង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការអនុញ្ញាត​ដី​សម្បទាន​៩៩​ឆ្នាំ​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​វៀតណាម ។​

​ស្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​ហាណូយ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” យើង​មាន​ការខកចិត្ត​ចំពោះ​សាលក្រម​នេះ ។ យើង​នឹង​បន្ត​បង្ហាញ​ការ​ព្រួយ​​បារម្ភ​របស់​យើង​ចំពោះ​ករណី​របស់ លោក Michael Phuong Minh Nguyen និង​សុខុមាលភាព​របស់​លោក នៅ​គ្រប់​កាលៈទេសៈ​”​។​

​លោក Michael Phuong Minh Nguyen ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​វៀតណាម កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨៕ដោយ៖សុខា/sn

លោក Michael Phuong Minh Nguyen ត្រូវបាន​នាំ​ខ្លួន​ដោយ​ប៉ូលិស​នៅមុន​ការវិនិច្ឆ័យ​ទោស​នៅ​តុលាការ​នៅ​ក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១៩