ពលរដ្ឋ​១៥១​គ្រួសារ​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដោះស្រាយ​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​ហ៊ុយ​

568
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ប្រជាពលរដ្ឋ​ចំនួន​១៥១​គ្រួសារ​មកពី​ឃុំ​ជីខ​លើ​និង​ឃុំ​ជីខ​ក្រោម​ស្រុកស្រែ​អំបិល​បាន​លើកគ្នា​តវ៉ា​ដោយ​ទទូច​សុំឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដែល​កើតឡើង​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​គ្រា​រង​ផលប៉ះពាល់​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ​។

​ការទាមទារ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​តានី និង​ភូមិ​ចំបក់ ប្រមាណ​១៥១​គ្រួសារ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ​ធ្វើឡើង​នៅមុខ​អគារ​រដ្ឋបាល​សាលាខេត្ត​ដោយ​អះអាងថា​ពួកគាត់​រងគ្រោះ​បាត់បង់​ដីធ្លី​ច្រើន​ហិកតា​សម្រាប់​បង្កបង្កើនផល​ដំណាំ​ហើយ​គ្មាន​ដោះស្រាយ​ណាមួយ​ពី​អាជ្ញាធរ​អ្នកពាក់ព័ន្ធ​ស្របតាម​ច្បាប់​នោះទេ​។​

អ្នកស្រី​អ៊ឹង​ធូ​មក​ភូមិ​តានី​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​អំឡុង​ឆ្នាំ​២០០៧​ក្រុមហ៊ុន​ហេង​ហ៊ុយ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​រំលោភ​លើដី​ស្រែចម្ការ​ក្រោម​ហេតុផល​ដី​ទាំងនោះ​ជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មាន​ទាំង​ប្លង់​ស្លាបមាន់​ទទួលស្គាល់​ពី​អាជ្ញាធរ​ឃុំ​ស្រុក​ទៀតផង​។​

ត្បិត​ពលរដ្ឋ​គ្មាន​លិខិត​កាន់កាប់​ដីធ្លី​ក៏ដោយ​ប៉ុន្តែ​ពួកគាត់​បាន​អាស្រ័យ​ផល​ធ្វើ​កសិកម្ម​តាំងពី​ឆ្នាំ​១៩៧៩​មក​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លំនៅដ្ឋាន​រស់នៅ តាមរយៈ​ការដាំដុះ​ស្វាយ​ច​ន្ធី ស្រូវ និង​ឪឡឹក ជាដើម​។​

​ពលរដ្ឋ​រងគ្រោះ​បន្តថា​ការដែល​ពួកគាត់​ទើបតែ​សម្រេចចិត្ត​លើកគ្នា​មក​តវ៉ា​នៅពេលនេះ​ក៏​ព្រោះតែ​ចង់បាន​ដំណោះស្រាយ​ស្រប តាម​គោលនយោបាយ​រដ្ឋាភិបាល​ពិតប្រាកដ​ណាមួយ​។​កន្លងមក ភ័យខ្លាច​ពុំ​សូវ​ចេញមុខ​តវ៉ា​សុំ​អន្តរាគមន៍​ជា​ផ្លូវការ​។​

ទោះបីជា​កន្លងទៅ​រដ្ឋាភិបាល​ក្រសួង​ដែនដី​និង​អាជ្ញាធរខេត្ត​បាន​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​មូលដ្ឋាន​ក្នុងស្រុក​ស្រែអំបិល​ជូន​ពលរដ្ឋ​ជាច្រើន​យ៉ាងណាក្តី​ក៏​ពួកគាត់​ពុំ​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឡើយ​ព្រោះ​វា​ជា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស​របស់​ឧកញ៉ា លី យ៉ុង​ផាត់​។​

​ចំណែក​លោក លន់ ម៉ន អាយុ​៥៩​ឆ្នាំ ជា​ពលរដ្ឋ​រងគ្រោះ​ម្នាក់ទៀត អះអាងថា ដីធ្លី​ដែល​ក្រុមហ៊ុន ហេង ហ៊ុយ​រំលោភ​យក​នោះ​មិនឃើញ​មាន​ការដាំដុះ​អំពៅ​អ្វី​ទេ​ពោលគឺ​គ្មាន​សកម្មភាព​បង្កបង្កើនផល​ណាមួយ ដែល​ធ្វើឱ្យ​រូបគាត់ និង​ពលរដ្ឋ​ដ៏ទៃទៀត សុំ​ទាមទារ​យកមក​វិញ​។

លោកពូ លន់ ម៉ន បន្ថែមថា ឥឡូវនេះ​មន្ត្រីរដ្ឋបាល​សាលាខេត្ត​បានទទួល​យក​ញា​ត្តិ​របស់​ពួកគាត់​ហើយដោយ​ថ្លែង​មួយ​សប្តាហ៍​ក្រោយ​នឹង​ផ្តល់ដំណឹង​តប​វិញ​។​ប្រសិនបើ​មិនមាន​វិធានការ​ដោះស្រាយ​ទេ​ពួកគាត់​នឹង​បន្ត​ឡើងទៅ​រាជធានី​ភ្នំពេញ​តវ៉ា​ជាថ្មី​នៅមុខ​ក្រសួង​រៀបចំ​ដែន​នគរ​រូ​ណី​យក​ម្ម​និង​សំណង់​បន្ត​។​

​លោក​សុខ​សុ​ទ្ធី​អភិបាលរង​និង​ជា​អ្នកនាំពាក្យ​ខេត្តកោះកុង​បាន​បំភ្លឺ​តប​វិញ​ថា​ពលរដ្ឋ​ដែល​នាំគ្នា​មក​តវ៉ា​ខាងលើ នេះ គឺ​ពួកគាត់​បានទទួល​ការទូទាត់​សំណង​ជា​ថវិកា​ពី​ម្ចាស់​ក្រុមហ៊ុន ហេង ហ៊ុយ រួចរាល់​អស់ហើយ​កាលពី​១០​ឆ្នាំមុន ដោយមាន​ឯកសារ​ស្នាម​ផ្តិតមេដៃ​ព្រមព្រៀងគ្នា​ផ្លូវការ​ទៀតផង​។

​មុន​ឡើង​យន្តហោះ​បេសកម្ម​ទៅ​ទីក្រុង​បាងកក​លោក​សុខ​សុ​ទ្ធី​បញ្ជាក់ដែរថា​ចំពោះ​លើក​គ្នីគ្នា​មក​ទាមទារ​ដោះស្រាយ​ដីធ្លី​មុខ​អគារ​សាលាខេត្ត​ទំនង​ជាមាន​អ្នក​ញុះញុង​ខាងក្រោយ​ខ្នង​ខណៈ​ទីផ្សារ​ដីធ្លី​ហក់​ឡើងថ្លៃ​បែប​ជា​បង្ក​បាតុភាព​ទាំង​បំពាន​ច្បាប់​ទៅវិញ​។ វិធានការ​សម្របសម្រួល​យ៉ាងណា​នោះ អាជ្ញាធរខេត្ត នឹង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​អោយបាន​ល្អិតល្អន់​៕S/​