ពលរដ្ឋ​១៧​គ្រួសារ​ទទួល​អំណោយ​ពី​កាកបាទក្រហម​ក្រោយ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

950
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ប្រជាពលរដ្ឋ​១៧​គ្រួសារ​រស់នៅ​ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ នា​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ បានទទួល​អំណោយ​ពី​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា សាខា​ខេត្តកំពត ក្រោយ​ទទួលរង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​កាលពី​សប្តាហ៍​មុន​។​

​អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួលបាន​រួមមាន អង្ករ​៣០​គីឡូក្រាម មី​មួយ​កេស ត្រីខ​១០​កំប៉ុង ក្រមា​មួយ សារុង​មួយ មុង​មួយ ភួយ​មួយ កៅស៊ូ​តង់​មួយ​ដុំ និង​ថវិកា​មួយ​សែន​រៀល​។​

​ក្នុងឱកាស​ប្រគល់​អំណោយ​មនុស្សធម៌​នោះ លោក​ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា សាខា​ខេត្តកំពត បាន​ក្រើនរំលឹក​ដល់​ដ្នា​ក់​ដឹកនាំ​មូលដ្ឋាន​ឱ្យ​បន្ត​រិះរក​មធ្យោបាយ​បង្ការ​ទប់ស្កាត់​គ្រោះធម្មជាតិ តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ ក្នុងករណី​ប្រជាពលរដ្ឋ​ទទួលរង​គ្រោះ ចាំបាច់​ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ​ស្រុក ខេត្ត​ជាបន្ទាន់​ដើម្បី​មាន​វិធី​ឆ្លើយតប និង​ដោះស្រាយ​ទាន់ពេលវេលា ព្រោះ​គោលការណ៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ដាក់ចេញ គឺ​ទីណា​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក​ទីនោះ ត្រូវមាន​វត្តមាន​កាក​បាទ​ក្រហម ពោលគឺ​កាកបាទក្រហម​មិន​បណ្តែត​បណ្តោយឱ្យ​ពលរដ្ឋ​ណា​ម្នា​ក់រង​ទុក្ខ ឬ​រស់នៅក្នុង​ភាព​ឯកា​ឡើយ​។​

​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ ភ្លៀង​ធ្លា​ក់មួយ​មេ​ដ៏​ធំ​ដោយ​នាំមក​ជាមួយ​នូវ​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​ក្លា លើ​ភូមិសាស្ត្រ​ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​។ ទទួលបាន​ពត៌មាន​នេះ គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា សាខា​ខេត្តកំពត ក៏​រៀបចំ​ចាត់ចែង​ក្នុងការ​ផ្តល់​អំណោយ​មុ​ស្ស​ធម៌ និង​ចុះ​រំលែក​ក្តី​ទុក្ខសោក​ចំពោះ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​តែម្តង​៕ ល​