ចែករម្លែក

ដោយ​:សាត​ចាន់​បុត្រ​/មណ្ឌលគិរី ​៖ ​នៅ​បន្ទាប់ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​កោះ​ញែក​ បានចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​និង​រស់នៅ​លើដី​ដែល​អាជ្ញាធរ​ស្រុក​អះអាងថា​ជា​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ប៉ា​ស៊ី​ហ្វិ​ក​កាលពី​ថ្ងៃទី​២៣​ខែធ្ នូ​នោះ គឺ​បណ្តាលមកពី​ក្រុមហ៊ុន​ពុំបាន​កំណត់​ព្រំដីឲ្យ​ច្បាស់ ហើយ​ពុំមាន​ ន​រណា​មក​ណែនាំ​តាំងពី​ឆ្នាំ​ដំបូង​។​​កំឡុងពេល នៃ​ការចុះ​ណែនាំ របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​កោះ​ញែក ដែល​ដឹកនាំ​ដោយ លោក​ផាង អឿង អភិបាលរង នៃ​គណៈ​អភិបាលស្រុក​កោះ​ញែក គណៈកម្មាធិការ បានធ្វើការ ពន្យល់ អប់រំ​ណែនាំ ដល់​ប្រជាពលរដ្ឋ​ទាំងនោះ ឲ្យ​ធ្វើការ​ចាកចេញ ពី​ទីតាំង​ដែល​កំពុង​រស់នៅ ព្រោះ​ទីតាំង​នេះ គឺ​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី របស់​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច ឈ្មោះ​ប៉ា​ស៊ី​ហ្វិ​ក​ហ្គ្រេ​ន​។អាជ្ញា​ធរមាន​សមត្ថកិច្ច​នាពេលនោះ បានជម្រុញឲ្យ​ក្រុម​ប្រជាពលរដ្ឋ​វិលត្រឡប់ ទៅ​លំនៅដ្ឋាន​ចាស់​វិញ​។​

​តំណាង​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើដី​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច បានបញ្ជាក់ អំពី រយៈពេល​នៃ​ការរស់នៅ​របស់​ពួកគេ​រហូតដល់​ទៅ​៣​ឆ្នាំ ដោយ​ពុំមានអាជ្ញាធរ​មូលដ្ឋាន ឬ​តំណាង​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ចមកប្រាប់​ឬ​បញ្ជាក់ថា​ ទីតាំង​នេះជា​ដី​ដែល​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី​របស់​ក្រុមហ៊ុននោះទេ​។ ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ បាន​បញ្ជាក់ថា ទោះបីជា​អាជ្ញាធរ ចុះ​អប់រំ​ណែនាំ ឲ្យ​ពួកគាត់ ចាកចេញ​ពី​ដី ដែល​កំពុងតែ​អាស្រ័យ​ផល និង​រស់​នៅ​នេះ ពួកគាត់​ដាច់ខាត ស៊ូស្លាប់ មិន​ធ្វើការ​ចាកចេញ​ឡើយ​។ ក្រុម​ប្រជាពលរដ្ឋ​ដដែល បាន​បញ្ជាក់ថា រយៈពេល​នៃ​ការរស់នៅ​លើដី​នេះ ៣​ឆ្នាំ​ទៅហើយ ហេតុអ្វី បាន​ជា​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច មិន​មក​ធ្វើការ​កំណត់​ទីតាំង​ព្រំដី ឬ​ដាក់​ស្លាក​សញ្ញា បញ្ជាក់ថា ទីតាំង​នេះ​ជា​ដី​សម្បទាន​សេ​ដ្ធ​កិច្ច​? ទើបតែ ពេលដែល​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ទៅៗ បានជា​មក​អះអាងថា​ជា​ដី​របស់​ក្រុមហ៊ុន​ទៅវិញ​។​

​លោក​ផាង អឿង អភិបាលរង​ស្រុក​កោះ​ញែក បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា ចំណុច​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ខាងលើ វា​ជា​ចំណុច​មួយ ដែល​ធ្វើ​ឲ្យ អាជ្ញាធរ​ស្រុក ពិបាក​​​នៅក្នុង​ការដោះស្រាយ ប៉ុន្តែ​ទោះជា​យ៉ាងណា គណៈបញ្ជាការ​ឯកភាព​ស្រុក នៅ​ពុំទាន់​មាន​ចំណាត់ការ អ្វី​ក្រៅពី​ការចុះទៅ​អប់រំ​លើក​ទី​១ ហើយ​ជំហាន​បន្ទាប់​ថា​ត្រូវ​ធ្វើយ៉ាងណា លោក​នៅ​ពុំទាន់​បានដឹង​ច្បាស់​ឡើយ ដោយ​រង់ចាំ​ថ្នាក់លើ​ជា​អ្នកសម្រេច​។​

​លោក​ផាង អឿង បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ទាំង ២១៦ គ្រួសារ ដែល​កំពុង​រស់នៅ​លើដី​របស់​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ចនេះ ពួកគាត់ ពុំមាន​ការស្នើសុំ​ទៅ​អាជ្ញាធរ ដើម្បី​ធ្វើការ​រស់នៅ​ទីនេះ​នោះឡើយ​។ ក្នុងនោះ ប្រជាពលរដ្ឋ​ទាំង ២១៦​គ្រួសារ ត្រូវគេ​បញ្ជាក់ថា ជា​កម្មករ ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក​ហ្គ្រេ​ន​នេះ ផ្ទាល់ ហើយដោយ​សម្លឹង​ឃើញ អំពី ក្រុមហ៊ុន​បានធ្វើការ​ឈូសឆាយ​លើ​ផ្ទៃដី​តំបន់​នេះ ទើប​ប្រជាពលរដ្ឋ បាន​ធ្វើ​ការកាប់​រុករាន ដីព្រៃ ដែលមាន​ទំហំ​រហូតដល់​ទៅ​៨០០​ហិកតា រស់នៅ​និង​អាស្រ័យ​ផលតែម្ដង​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​នេះ រស្មី​កម្ពុជា ពុំ​អាច ទាក់ទងទៅ​តំណាង​ក្រុមហ៊ុន​ប៉ា​ស៊ីហ្វិ​ក​ហ្គ្រេ​ន បញ្ជាក់​អំពី​ករណី វិវាទ​ដីធ្លី​ខាងលើនេះ​នោះទេ​។ ដោយឡែក​ព័ត៌មាន​ចុងក្រោយ ដែល​ទទួលបាន ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ គឺ​ពុំបាន​ធ្វើការ​ចាកចេញ តាម​ការ អប់រំ​របស់​អាជ្ញាធរ​ស្រុក​នោះឡើយ​។ សូមបញ្ជាក់ថា ក្រុមហ៊ុន pacific grand បាន​ទទួល​សិទ្ធិ វិនិយោគ ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​កម្ពុជា លើ​ទំហំ​ផ្ទៃដី៤ ម៉ឺន​ហិកតា​៕​B/

#