ពលរដ្ឋ​២​ភូមិ​ទៀត​នៅ​ក្រុង​សិរីសោភ័ណ ទទួលបាន​ការបិទ​ផ្សាយ​ឯកសារ នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​, តែ​អ្នកខ្លះ​វាស់ មិនបាន​ឯកសារ​

1052
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពលរដ្ឋ​២​ភូមិ​ទៀត​នៅ​សង្កា​ត​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលបាន​ការបិទ​ផ្សាយ​ឯកសារ នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​។

​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថ្ងៃទី​២០​ខែកញ្ញា​ថា ភូមិ​សែ​សិន និង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ បានទទួល​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នាពេលនេះ នៅ​អនុ​បិ​ទ្យា​ល័យ​សែ​សិន​នៃ​សង្កាត់​នេះ​។​

​គោលបំណង​នៃ​ការបិទ​ផ្សាយ​នេះ ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅពេលនេះ គឺ​ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទីរ បាន​ចុះ​អនុវត្តតាម​នីតិវិធី​កន្លងមក​។ ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុងករណី​មានការ​ខុសឆ្គង​។ សម្រាប់​ទិន្នន័យ​ក្បាលដី​នៅក្នុង​ភូមិ​ទាំងពី​ខាងលើនេះ​មាន​ចំនួន ១,០៣០១ ក្បាលដី​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​សហការ​ល្អ ក្នុងការ​សម្រួល​ព​ន្លឿ​ន​ដល់​ការងារ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​មូលដ្ឋាន​ភូមិ​ទាំងពី​បាន​ជោគជ័យ​ជា​ស្ថាពរ​និង​ទាន់ពេល​តាម​នីតិវិធី​និង​តារាង​កម្មវិធី ។​

​សូម​បញ្ជាក់ដែរថា ខណៈ​ម្ចាស់​ក្បាលដី​ទាំងឡាយ និង​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​កំពុង​ពិនិត្យ​ម​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​នោះ មាន​បងប្អូន​ពលរដ្ឋ​មួយចំនួន​នៅ​ភូមិ​សែ​សិន និង​ភូមិ​គោ​រដ្ឋា​ន​បាន​តវ៉ា​និង​សុំ​អន្តរាគមន៍ ព្រោះ​ក្បាលដី​ពួកគេ​នៅ​តំបន់ “​ដី​រា​ងក​-​ដប​” ប្របផ្លូវ​ជាតិ​លេខ​៥ និង​ប្លុក​ស្ថានីយ​រថភ្លើង និង​ប៉ា​រ៉ា​ស់​ផ្លូវដែក ផ្លូវជាតិ បានទទួល​ការវាស់វែង​ហើយ​។ ប៉ុន្តែ​មន្ត្រី​ក្រុមការងារ​មិន​ព្រម​បី​ទ​ផ្សាយ​ឯកសារ ឬ​មានន័យថា នឹងមិន​ចេញ​ប្លង់រឹង​ជូន​ឡើយ​។​

​ឯ​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ឆ្លើយតប​ថា ដី​ចំណុច​ក​-​ដប​ក្នុងភូមិ​គោ​រដ្ឋា​ន​និង​ភូមិ​សែ​សិន​ម្តុំ​ស្ថានីយ​ភ្លើង និង​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវដែក​នោះ ជា​ដី​រដ្ឋ ហើយនឹង​ត្រូវ​ប្រើប្រាស់​ពង្រីក​ផ្លូវ​នាពេលខាងមុខ​៕ ល​