ពលរដ្ឋ​៣​នាក់​ក្នុងចំណោម​ជាង​២០០​នាក់ តវ៉ា​រឿង​ក្រុមហ៊ុន ឡេង ជី​ង បូម​ខ្សាច់​បាក់​ច្រាំង​និង​ផ្ទះ​ធ្លាក់ចូល​ទន្លេបាសាក់ ត្រូវ​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល កោះ​ហៅចូល​បំភ្លឺ​

1452
ចែករម្លែក

(​កណ្ដាល​)៖ ពលរដ្ឋ​៣​នាក់​ក្នុងចំណោម​ជាង​២០០​នាក់ ដែល​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន ឡេង ជី​ង បញ្ឈប់​ការ​បូម​ខ្សាច់​លុប​បឹង​យកទៅ​សង់ផ្ទះ​ល្វែង​សម្រាប់​លក់​ឲ្យ​មន្ត្រីរាជការ បន្ទាប់ពី​មានការ​បាក់​ច្រាំង​និង​ផ្ទះ​ពលរដ្ឋ​ធ្លាក់ចូល​ទន្លេបាសាក់​នៅក្នុង​ស្រុក​ស្អាង នោះ ឥឡូវនេះ ត្រូវបាន​លោក លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល កោះ​ហៅចូល​បំភ្លឺ​ជា​បន្តបន្ទាប់​។​

​ប្រភពព័ត៌មាន​មួយ បញ្ជាក់ថា លោក លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​កោះហៅ​លោកស្រី មុត ប៉ុ​ម និង​លោកស្រី លី លាភ ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៤ ខែសីហា ។ ចំណែក​លោក ហែម ហឿន នឹងត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៥ ខែសីហា​។​

​ការកោះហៅ​នេះ ធ្វើឡើង​តាម​បណ្តឹង​របស់លោក​ស្រី វណ្ណ​គឹម​ផា ដោយ​ចោទប្រកាន់​ពលរដ្ឋ​ទាំង​៣​នាក់​ថា ” បាន​ប្រព្រឹត្ត​អំពើហិង្សា​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ដល់​ការវិនិយោគ “​។​

​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​៣​នាក់ គឺ លោកស្រី លី លាភ បញ្ជាក់ថា លោកស្រី​មិនបាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​នោះទេ​។ លោកស្រី ថា “​ការជួប​ជុំគ្នា​តវ៉ា​នេះ គឺ​គ្រាន់តែ​ចង់​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​បកស្រាយ​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ ដ​លយ​ពលរដ្ឋ​មើលឃើញថា បាន​ល្មើ​សនឹង​កិច្ចសន្យា​ដែល​ធ្លាប់​ព្រមព្រៀងគ្នា​កន្លងមក​ប៉ុណ្ណោះ ” ។​

​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០ នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​លុប​បឹង​យកទៅ​សង់ផ្ទះ​ល្វែង​សម្រាប់​លក់​ឲ្យ​មន្ត្រីរាជការ បន្ទាប់ពី​មានការ​បាក់​ច្រាំង និង​ផ្ទះ​ពលរដ្ឋ​ធ្លាក់ចូល​ទន្លេបាសាក់​នៅក្នុង​ស្រុក​ស្អាង​។​

​បន្ទាប់ពី​តវ៉ា​ក្នុង​ទ្រង់ទ្រាយ​តូច​មិន​ទទួលបាន​លទ្ធផល​នោះ ពលរដ្ឋ​នៅតាម​ដង​ទន្លេបាសាក់ បាន​តវ៉ា​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​កន្លែង​បាក់​ច្រាំង និង​ផ្ទះ​ពលរដ្ឋ​ស្ថិត​ក្នុងភូមិ​កោះគ ឃុំ​រកា​ខ្ពស់​ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​នៅ​ទីនោះ និង​ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​ឈប់​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ឲ្យ​ក្រុមហ៊ុន​បន្តទៀត​៕L ដោយ​៖ ឆាយា​នាថ​