ពលរដ្ឋ​៥៧៨​គ្រួសារ​នៅ​ស្រុកស្រែ​អំបិល​បានទទួល​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ​

836
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​:​ប្រជាពលរដ្ឋ​ជិត​៥៧៨​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ចំនួន​៣​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​នៅ​ថ្ងៃទី​២៤​កក្កដា​នេះ​បានទទួល​ព្រះរាជ​អំណោយ​របស់​ព្រះករុណា​ជាអង្គ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី​ព្រះ​វរៈមាតា​ជាតិខ្មែរ​។​

​ថ្លែង​ក្នុង​ព្រះ​ពិធី​ប្រោស​ប្រទាន​ចែក​ព្រះ​អំណោយ​ដ៏​ថ្លៃថ្នូរ សម្តេចចៅហ្វា​វាំង វរៈវៀងជ័យ អ​ធិ​តី​ស្រី​ង្កា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បញ្ជាក់ថា ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ​ព្រះវរៈរាជ​មាតា​ជាតិខ្មែរ​ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​យ៉ាង​ខ្លាំង​អំពី​ទុក្ខលំបាក​បងប្អូន​ប្រជានុរាស្ត្រ​រងគ្រោះ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ស្រុកស្រែ​អំបិល​។​

​សម្តេចចៅហ្វា​វាំង បន្ថែមថា ព្រោះតែ​ទឹក​ព្រះទ័យ​អាណិត​ស្រឡាញ់​ប្រជានុរាស្ត្រ​គ្រប់ពេលវេលា ទើប​ព្រះអង្គ​ទាំង​ទ្វេ​រាជតម្រិះ​ចាត់​បញ្ជូន​សម្តេច​នាំយក​ព្រះរាជ​អំណោយ​មក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥៧៨​គ្រួសារ​រស់នៅក្នុង​ឃុំ​ដង​ពែង​ឃុំ​ស្រែអំបិល​និង​ឃុំ​ជីខ​លើ​ស្រុកស្រែ​អំបិល​គ្រា​រង​ផល​ខូចខាត​ដីស្រែ​ចម្ការ ផ្ទះសម្បែង សត្វពាហនៈ និង​ផ្លូវ​គមនាគមន៍​។​

​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​បានឱ្យដឹងថា​ជាង​កន្លះ​ខែ​មកនេះ​បញ្ហា​ជំនន់​ទឹកភ្លៀង​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​ស្រុក​ចំនួន​៤ ដូចជា ស្រុក​មណ្ឌលសីមា ស្រុក​ថ្មបាំង និង​ស្រុក​កោះកុង​។ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ស្រុក​៣​នេះ​បាន​ធូរស្រាល​ខ្លះ​ហើយ​រីឯ​ពលរដ្ឋ​មួយចំនួន​វិលត្រឡប់​ទៅ​លំនៅស្ថាន​វិញ​ហើយ​ដែរ​។​

​បើតាម​អភិបាលខេត្ត​កោះកុង ជាក់ស្តែង​ស្រុកស្រែ​អំបិល ទទួលរង​ប៉ះពាល់​ខូចខាត​ច្រើនជាងគេ​។ ភ្លាមៗ​ក្រោយពី​មាន​ព័ត៌មាន​ដឹងថា ប្រជាពលរដ្ឋ​កំពុងរ​ង​គ្រោះធម្មជាតិ សាខា​កាកបាទក្រហម​ខេត្ត អាជ្ញាធរ​សមត្ថកិច្ច​និង​មន្ទីរជំនាញ​ពាក់​ព័​ន្ឋ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​និង​ជម្លៀស​ពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​ទាន់ពេលវេលា ព្រមទាំង​ផ្តល់​ស្បៀងអាហារ​សង្គ្រោះបន្ទាន់​ផងដែរ​។

​ជាក់ស្តែង គ្មាន​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយ​ទឹកជំនន់​នេះឡើយ ក្រៅពី​ការខូចខាត​ស្រែ​ដំណាំ ផ្ទះសម្បែង សត្វពាហនៈ និង​ផ្លូវ​គមនាគមន៍​។​ជំនួសមុខ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ធម្មជាតិ លោកស្រី មិថុនា ភូ​ថង ក៏​បង្គំ​ក្រាប​ថ្វាយព្រះពរ ព្រះករុណា ជា​ម្ចាស់ជីវិត លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវរៈរាជ​មាតា​ជាតិខ្មែរ ចំពោះ​ទឹក​ព្រះទ័យ​សប្បុរស​ដ៏​ថ្លៃថ្លារ​ទុកដាក់​ពី​ផល​លំបាក​ប្រជានុរាស្ត្រ គ្រា​ជួប​គ្រោះអាសន្ន​អន់ក្រ​។​

​គួរ​ជម្រាប​ថា​ព្រះ​រាជអំណោយ​ដែល​ផ្តល់​ប្រជាពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង​ចំនួន​៥៧៨​គ្រួសារ​ក្នុង​ស្រែអំបិល ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន​អង្ករ​៥០​គីឡូ​ក្រោម ត្រីខ​២០​កំប៉ុង កៅស៊ូ​តង់​ចំនួន​២ អាវយឺត​១ មី​២​កេះ ខី​ត​មួយ​ប្រើប្រាស់​កញ្ចក់ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​៕S/​

ពលរដ្ឋ​៥៧៨​គ្រួសារ​នៅ​ស្រុកស្រែ​អំបិល​បានទទួល​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ​