ពលរដ្ឋ​៨​គ្រួសារ​ព្រួយបារម្ភ​បាក់​ដីស្រែ​របស់​ពួកគាត់ និង​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ រឿង​ក្រុមហ៊ុន​ជីកដី​ចង់​ដល់​ក្បាល​ប្រែ​ត​

1737
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: ប្រជាពលរដ្ឋ​៨​គ្រួសារ រស់នៅ​ភូមិ​ឃោ​សាង​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង មានការ​ព្រួយបារម្ភ​ចំពោះ​ដីស្រែ​របស់​ពួកគាត់ ដែល​នឹង​ប្រឈម​នឹង​បាក់​ដី ដោយសារ​ក្រុមហ៊ុន​ជីកដី​នៅ​ទីតាំង​មួយកន្លែង​នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ជីកដី​ទំហំ​ប្រមាណ​ជាង​១​ហិកតា​ជីក​ចង់​ដល់​ក្បាល​ប្រែ​ត យក​អាចមន៍​ដី​ចាក់​ក្នុង​បន្ទាយ​ប៉េអឹម​ខេត្ត​ថ្មី ដែល​កំពុង​សាងសង់​ជិត​រួចរាល់​ហើយ​នោះ ត្រូវបាន​ពលរដ្ឋ​អំពាវនាវ​សុំ​បទ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត និង​ប្រមុខ​ដឹកនាំ​គ្រប់​ស្ថាប័ន ឲ្យ​ជួយ​ដោះស្រាយ​នូវ​ការខូចខាត​ដីស្រែ​របស់​ពួកគាត់ ខណៈដែល​អាជ្ញាធរ​សង្កាត់ ក្រុង​បាន​ហៅ​ភាគី​ទាំងសងខាង​មក​ដោះស្រាយ តែ​ពុំ​ទទួលបាន​ផ្លែផ្កា​ទាល់តែសោះ​។​

​បើតាម​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អ៊ុក សាម៉េន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃោ​សាង​សង្កាត់​ស្វាយ​តឿ បាន​ឲ្យ​ដឹងថា ដីស្រែ​ដែល​រង​ផលប៉ះពាល់​នៅ​ចំណុច​ទីតាំង​ដី​ខាងលើនេះ មាន​៨​គ្រួសារ​ស្មើនឹង​ដី​ប្រមាណ​ជិត​៦​ហិកតា ហើយ​ក្រុមហ៊ុន​ជីកដី​នេះ មកពី​ខេត្ត​ត្បូងឃ្មុំ និង​មាន​ក្រុមហ៊ុន​មួយទៀត​មក​ជីក​ជំនួស មាន​រយៈពេល​ជាង​៤​ខែ​មកហើយ គឺ​ជីកដី​ចង់​ដល់​ក្ប​ល​ប្រែ​តទៅ ហើយ​គ្មាន​ស្ថាប័ន​ណា​អើពើ​បន្តិច​សោះ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា ពលរដ្ឋ​ដែលមាន​ដី​រង​ផលប៉ះពាល់​បាន​ប្តឹងទៅ​ភូមិ និង​សង្កាត់​សង្ឃ័រ​រហូតដល់​ក្រុង ហើយ​អាជ្ញាធរ​បាន​ហៅ​ភាគី​ទាំងសងខាង​មក​ដោះស្រាយបាន​បី​ដង​ហើយ តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​នោះទេ បាន​ត្រឹម​ថា ទុក​ដោះស្រាយ​នៅពេល​ក្រោយ​។​

​ពាក់ព័ន្ធ​នឹង​ការជីក​ដី​ពី​ក្រុមហ៊ុន​ប្រឈម​នឹង​បាក់​ស្រែ​នេះ ប្រជាពលរដ្ឋ​បាន​ចុះទៅ​ប្រាប់​អ្នក​ជីក​យក​អាចម៍ដី គឺ​សូម​ជីក​ទុក​ជើងទេរ និង​ជីក​កុំ​ឲ្យ​ជ្រៅ​ពេក​ដែរ តែ​ក្រុមហ៊ុន​នេះ​មិន​ស្តាប់​មិន​អើពើ​នោះទេ រឹតតែ​ជីក​កាន់តែ​ជ្រៅ​មិនដឹង​អាង​អំណាច​មកពីណា​ទេ បានជា​ជីក​ទាំង​បំពាន​យ៉ាងនេះ​។​

​ចំណែក​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា ការ​ជីកដី​នេះ គឺ​យក​អាចម៍​មកចាក់​នៅក្នុង​បន្ទាយ​ប៉េអឹម ហើយ​អាជ្ញាធរ​ក្រុង​គេ​នឹង​ហៅ​ភាគី​ទាំងសងខាង​មក​សម្របសម្រួល​គ្នា​ម្តងទៀត ដើម្បី​ដោះស្រាយ ហើយ​អ្នកសារព័ត៌មាន​ចង់​ចុះ​អី​ក៏​ចុះទៅ ព្រោះ​គេ​ធ្វើ​នេះ​ដើម្បី​ជាតិ​តែប៉ុណ្ណោះ​។​

​រីឯ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង លោក ប៉ុក តក បាន​ឲ្យ​ដឹងថា ចំពោះ​ការជីក​យក​អាចម៍​ចាក់​ក្នុង​បន្ទាយ​ប៉េអឹម​ខេត្ត​នេះ លោក​បាន​ជំរុញ​ឲ្យ​អ្នក​ជីក​យក​អាចម៍​នេះ មក​ធ្វើ​ច្បាប់ទម្លាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ តែ​ខាង​ប៉េអឹម​បាន​សំណូមពរ​មកវិញ​ថា គេ​ជីក​យក​ដី​ដាក់​ក្នុង​បន្ទាយ​ទេ គេ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ មិនមែន​ជីក​បម្រើ​ប្រយោជន៍​ផ្ទាល់​នោះទេ​។ លោក​បាន​បន្តថា លោក​បាន​ឲ្យ​មន្ត្រី​របស់លោក​ទៅ​មើល​ទីតាំង​ជីក​ហ្នឹង​ដែរ ហើយ​ការជីក​នេះ​មាន​ជម្រៅ​៤​ម៉ែត្រ ការ​ជីកដី​ជាទូទៅ​លោក​បាន​ណែនាំ​ឲ្យ​អ្នក​ជីក​ត្រូវ​ជីក​មិន​ឲ្យ​លើសពី​៥​ទៅ​៦​ម៉ែត្រ ហើយ​ត្រូវ​ទុក​ជើងទេរ និង​ទប់​ទំនប់​ឲ្យ​បាន​ត្រឹមត្រូវ តែ​ចំពោះ​ប្រជាពលរដ្ឋ​ប្រតិកម្ម​នឹង​ក្រុមហ៊ុន​ជីកដី​មកចាក់​នៅ​បន្ទាយ​ប៉េអឹម​នេះ អាជ្ញាធរ​នឹង​ហៅ​មក​សម្របសម្រួល បើ​មានការ​ប៉ះពាល់​ដីស្រែ​ពលរដ្ឋ​នោះ នឹងត្រូវ​មាន​សំណង​ណាមួយ​ដល់​ពលរដ្ឋ មិនថាតែ​ជីកដី​ស្រែ​ទេ​ការដឹក​ដី​នាំ​ឲ្យ​ខូច​ផ្លូវ​ក៏ត្រូវ​មាន​ជុស​ជុល​ឡើងវិញ​ដែរ​។​

​ងាក​មក​ខាង​ពលរដ្ឋ​វិញ ពួកគាត់​បានធ្វើ​ការអំពាវនាវ​ដល់​អាជ្ញាធរខេត្ត​ស្វាយរៀង​ដែលមាន​លោក ម៉ែន វិបុល ជា​អភិបាលខេត្ត សូមជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង ព្រោះ​រដូវវស្សា​ចូលមក​ដល់​ហើយ ដីស្រែ​របស់​ពួកគាត់​នឹង​បាក់​ហូរ​ច្រោះ​ខូចខាត​ធ្វើស្រែ​មិនកើត​នោះទេ និង​សូម​ឲ្យ​ក្រុមហ៊ុន​ជីកដី​ត្រូវ​ទទួលខុសត្រូវ និង​ដោះស្រាយ​សំណង​ចំពោះ​ការបាក់​ដីស្រែ​នេះ​៕ ល​