ពលរដ្ឋ សម្រុក​ធ្វើ​ប័ណ្ណ​ព្រំដែន ក្រោយ​បញ្ចប់​ថ្ងៃ​ចូលឆ្នាំ​ខែ្មរ​

1123
ចែករម្លែក

​ដោយៈ គ្រញូង /
​បាត់ដំបងៈ ប្រជាពលរដ្ឋ​ខ្មែរ ជាច្រើន​នាក់ នាំគ្នា​សម្រុក​ចូលធ្វើ​ប័ណ្ណ​ព្រំដែន ដើម្បី​បាន​សិទ្ធិ​ឆ្លងដែន ទៅកាន់​ប្រទេស​ថៃ ដើម្បី​ទៅធ្វើ​ការងារ ក្រោយ​បញ្ចប់ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​រួចមក​។​

​ថ្នាក់ដឹកនាំ សាលាខេត្ត ទទួលបន្ទុក​ធ្វើ​ប័ណ្ណ​ព្រំដែន បានឱ្យដឹងថា ក្រោយពេល​បុណ្យចូលឆ្នាំ បញ្ចប់​ភ្លាម មាន​ប្រជាពលរដ្ឋ បាននាំគ្នា​យ៉ាងច្រើន ពពាក់ពពូន ប្រមាណ​ជិត ១ ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ នេះ ក្នុង​គោលបំណង​ចូលធ្វើ​ប័ណ្ណ​ព្រំដែន ឬ​ហៅថា border pass ដើម្បី​ទៅធ្វើ​ការងារ នៅក្នុង​ទឹកដី​ថៃ​វិញ​។ ការ​សម្រុក​មក​ធ្វើ​ប័ណ្ណ​ព្រំដែន ព្រម​គ្នាច្រើន ដូច្នេះ​អាច​បង្ក​ការយឺតយ៉ាវ ដោយ​បំពេញបែបបទ មិនទាន់​បង្ក​ការលំបាក ឱ្យ​ពលរដ្ឋ រង់ចាំ​យូរ​។​

​ស្រី្ត​ឈ្មោះ សែត ខន អាយុ​៥៦​ឆ្នាំ រស់នៅក្នុង​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ បាន​ប្រាប់ថា រូបគាត់​ព្រមទាំង​កូនៗ មកកាន់​ទីនេះ ក្នុង​គោលបំណង ដើម្បី​ធ្វើ​ប័ណ្ណ​ព្រំដែន ចូល​ប្រទេស​ថៃ តំបន់​ជាយដែន ដើម្បី​បេះ​ផ្លែឈើ រកប្រាក់​ចំណូល ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​ដោយឡែក លោក សឿ​ម ប៊ុន​រឹទ្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​លើកឡើងថា ចាប់តាំងពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨ មកដល់ពេលនេះ ការិយាល័យ​ជំនាញ បានទទួល​ធ្វើ​ប័ណ្ណ​ព្រំដែន ឬ border pass ឱ្យ​ប្រជាពលរដ្ឋ ទាំងប្រុស ទាំងស្រី និង​ក្មេងៗ បាន​ចំនួន ៦.៤៥១ នាក់​ហើយ​។

​លោក​បាន​បន្តថា ការបើក​ធ្វើ​ប័ណ្ណ​ព្រំដែន​នេះ តម្រូវ​តែ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្តបាត់ដំបង តែប៉ុណ្ណោះ ចំពោះ​អ្នក​មកពី​ក្រៅ​ខេត្ត អាច​ទទួល​ធ្វើឱ្យបាន លុះត្រា​ណា ប្រជាពលរដ្ឋ​នោះ មានការ​បញ្ជាក់ ពី​ទីកន្លែង​ស្នាក់នៅ ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។ លក្ខខណ្ឌ​នៃ​ការធ្វើ​ប័ណ្ណ​ព្រំដែន ខាងលើនេះ ប្រជាពលរដ្ឋ ត្រូវ​បង់​សេវា ចំនួន ២ ម៉ឺន​រៀល និង​ភ្ជាប់​មកជា​មួយ ឯកសារ​សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខែ្មរ ផងដែរ​។ ចំពោះ​ការឆ្លង​ដែន​ប្រជាពលរដ្ឋ ឬ​ពលករ មាន​សិទ្ធិ​ចេញ ចូល ក្នុង​ទឹកដី​ថៃ ត្រឹម​ខេត្ត​ឈម​គ្នា​នឹង​ខេត្តបាត់ដំបង​ប៉ុណ្ណោះ ដូចជា​ខេត្ត​ត្រាត ចាន់​បូរី និង​ខេត្ត​ស្រះកែវ ពលករ​ចូល​តាម​ច្រក​ណា ត្រូវ​ចេញ​វិញ តាម​ច្រក​នោះ​។ រីឯ​សុពលភាព​ឆ្លងដែន​ចេញ ចូល មាន​រយៈពេល ២ ឆ្នាំ​ប៉ុណ្ណោះ ៕V

ប្រជាពលរដ្ឋ នាំគ្នា​ទៅធ្វើ​ប័ណ្ណ​ព្រំដែន មាន​ចំនួន​ច្រើន​