ពស់ថ្លាន់​យក្ស​ប្រទះ​នឹង​ក្រពើ ប្រយុទ្ធ​គ្នា​ងាប់​រស់

5098
ចែករម្លែក

​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ បង្ហាញ​ពី​ទិដ្ឋភាព​ប្រយុទ្ធ​គ្នា​ងាប់​រស់​យ៉ាង​សាហាវ​រវាង​ពស់ថ្លាន់​យក្ស​មួយ​ក្បាល​ប្រវែង​ដល់​ទៅ​ជាង​ប្រាំបី​ម៉ែត្រ និង​ក្រពើ​ធំ​មួយ​ក្បាល​នៅក្នុង​ទឹក​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។

​ទិដ្ឋភាព​ដ៏​កម្រ​នេះ​ត្រូវបាន​អ្នក​ថតរូប​សត្វព្រៃ​ខេ​វិ​ន ឌូ​លី​(Kevin Dooley) វ័យ ៥៨ ឆ្នាំ​ប្រទះឃើញ​ដោយ​ចៃដន្យ ខណៈពេល​គាត់​កំពុង​ទទួល​បរិភោគ​អាហារ​ថ្ងៃត្រង់​ក្នុង​តំបន់ដីសើម​ត្រូពិច​នៃ​តំបន់​ប៉ា​នតា​ណា​ល (Pantanal) ប្រទេស​ប្រេ​ស៊ី​ល កាលពីពេល​ថ្មីៗ​នេះ​។ ដោយ​ក្ដី​ភ្ញាក់ផ្អើល គាត់​ប្រញាប់​ទាញ​កាមេរ៉ា​ថត​ផ្តិត​យក​រូបភាព​ទាំងនេះ​។
​ ​

គាត់​បាន​រៀបរាប់ថា ពស់ថ្លាន់​បាន​រឹត​ក្រពើ​ប្រវែង​ខ្លួន​ប្រមាណ​ពីរ​ម៉ែត្រ​យ៉ាង​ណែន​ដែល​ប្រហែលជា​រឹត​បំបាក់​ជើង​របស់​ក្រពើ​បាត់ទៅហើយ ទម្រាំ​តែ​ក្រពើ​រើខ្លួន​រួច ហើយ​វាយបក​ត្របាក់​ខាំ​ក​ពស់ថ្លាន់​លិច​ចង្កូម​។

​គាត់​បាន​បន្តថា ជា​សំណាងល្អ ពស់ថ្លាន់​រើខ្លួន​រួច​ពី​ចង្កូម​ក្រពើ ហើយក៏​ឡឹប​ចូលក្នុង​ទឹក​បាត់សល់​តែ​ក្រពើ​ដែល​រងរបួស​ជា​ទម្ងន់​។ទោះជា​យ៉ាងណាគាត់​បានបញ្ជាក់ថា ក្រោយមកពស់ថ្លាន់​ក៏​ងាប់​ដោយសារ​រងរបួស​ធ្ងន់​នៅក្នុង​ការប្រយុទ្ធ​គ្នា​៕ ​ប្រែ​សម្រួលៈ​ខុម​

#