ពហុ​កីឡដ្ឋាន Tottenham Stadium នឹង​មិនអាច​រួចរាល់​មុន​ខែមករា​នេះ​ទេ​

1256
ចែករម្លែក

ពហុកីឡាដ្ឋាន​ថ្មី​របស់​ក្លិប ថូ​តិ​ន​ហេម​(Tottenham) នឹង​មិនអាច​បញ្ចប់​រួចរាល់​ទាន់​ពេលមុន ខែមករា​នេះ​ទេ​។ នេះ​បើតាម​ប្រភព​ស្និទ្ធ​នឹង​គម្រោង​បាន​ប្រាប់​ឲ្យ​ដឹង​។​
​ ​
​ក្លិប Tottenham ដើមឡើយ​គ្រោង​ផ្លាស់​ទៅកាន់​ពហុ​កីឡដ្ឋាន​ថ្មី​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍​មុន សម្រាប់​ការប្រកួត​ជាមួយ​ក្រុម លី​វឺ​ភូ​ល​(Liverpool) នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ប៉ុន្តែ​ផែនការ​នេះ​ត្រូវបាន​ពន្យារពេល​ដោយសារ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព​ចាំបាច់​។​
​ ​
​ក្លិប Tottenham ក៏​ទទួលស្គាល់ថា ពួកគេ​នឹងមិន​អាច​លេង​នៅលើ​ទឹកដី​របស់ខ្លួន​យ៉ាងហោច ណាស់​ដល់​ខែតុលា​។ ទោះបីជា​យ៉ាងណា មានការ​អះអាងថា ការងារ​នេះ​នឹង​មិនអាច​រួចរាល់ មុន​ខែមករា​នោះទេ​។
​ ​
​ប្រភព​ស្និទ្ធ​នឹង​គម្រោង​នេះ​បាន​និយាយថា “​វា​នឹង​ប្រើពេល​បន្តិចទៀត ប៉ុន្តែ​ខ្ញុំ​គិតថា Tottenham ដឹង​ពី​បញ្ហា​នេះ ហើយ​ពួកគេ​នឹង​ទទួលបាន​សមិទ្ធផល​មួយ​ដែល​ប្រសើរ​ជាង​អ្វីដែល​ធ្វើ​ទាំង ប្រញាប់ប្រញាល់​”​។​
​ ​
​បញ្ហា​កំពុង​កើន​ឡើងលើ​ទីលាន​ប្រកួត​ផងដែរ​សម្រាប់​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ញ៉ូ (Mauricio Pochettino) ។ ពួកគេ​រង​បរាជ័យ​បី​លើក​ជាប់​គ្នា​នៅ​គ្រប់ការ​ប្រកួត ហើយ​កាលពី​យប់​ថ្ងៃ​អង្គារ ពួកគេ​ចាញ់ ២-១ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​ពួកគេ​នឹង​វិលត្រឡប់​មកកាន់​ការប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​នៅ​ចុង​សប្តាហ៍​សម្រាប់​ជំនួប​ជាមួយ​ក្រុម Brighton ហើយនឹង​ស្វះ​ស្វែងរក​ជ័យជម្នះ​លើកដំបូង​ចាប់តាំងពី​យកឈ្នះ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​ពហុ​កីឡដ្ឋាន Old Trafford ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ពហុ​កីឡដ្ឋាន​ថ្មី​របស់​ក្លឹប Tottenham