ពហុ​បំណង​នៃ​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តកំពង់ឆ្នាំង​

230
ចែករម្លែក

​ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ បាន​ប្រារព្ធ​ឡើង រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩​នៅ​ទី​រួម​ខេត្តកំពង់ឆ្នាំង​ក្រោម​ប្រធានបទ​«​ទន្លេ​:​ផ្សារភ្ជាប់​សន្តិភាព​ប្រជាជន​និង​ទេសចរណ៍​»​។​


​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិ​ធិ​បើក​ផ្លូវការ​នៃ​ពិធីបុណ្យ​ទន្លេ ដែលជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ កាលពី​ព្រលប់​ថ្ងៃ​សៅរ៍ ទី​១៦ ខែមីនា ឆ្នាំ​២០១៩​។


​គេ​នៅ​ចាំបាន​ថា​ពិធីបុណ្យ​ទន្លេ​លើក​ទី​១ បានធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៥​នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៣-១៥ ខែមីនា​។ លើក​ទី​២ នៅ​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​១១-១៣ ខែមីនា ឆ្នាំ​២០១៦​។ បុណ្យ​ទន្លេ លើក​ទី​៣ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​។ បុណ្យ​ទន្លេ លើក​ទី​៤ ធ្វើឡើង នៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​៩-១១ ខែមីនា ឆ្នាំ​២០១៨​។ បុណ្យ​ទន្លេ លើក​ទី​៥ បានធ្វើ​ឡើង នៅ​ខេត្តកំពង់ឆ្នាំង ចាប់ពី​ថ្ងៃទី​១៥-១៦ ខែមីនា ឆ្នាំនេះ​។​


​ ​ពិធីបុណ្យ​ទន្លេ ត្រូវបាន​រាជរដ្ឋាភិបាល រៀបចំ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ខេត្ត​ជាប់​ទន្លេ គឺ​ដើម្បី​រម្លឹក​ដល់​គុណ​ទន្លេ​ដែល​បានផ្តល់​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផង និង​ដើម្បី​ស្រោចស្រព​ផលដំណាំ​ផង​។


​ក្រៅពីនេះ ពិធីបុណ្យ​ទន្លេ ដែល​បាន​ធ្វើឡើង​ឆ្លាស់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ មួយឆ្នាំ​ម្តងនេះ ក៏​ដើម្បី​បង្ហាញ​នូវ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ព្រមទាំង​សក្តានុពល​របស់​ខេត្ត​នីមួយៗ ផ្នែក​វិស័យ​ទេសចរណ៍ ដែលមាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​។​


​ក្នុង​ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង ក៏​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ គឺ​តែងតែមាន​ទស្សនីយភាព​សិល្បៈ ការប្រគំ​តន្ត្រី ពិព័រណ៍​កសិផល សិប្បកម្ម​ប្រពៃណី ការតាំង ពិព័រណ៍​ម្ហូបអាហារ រួមទាំង​សកម្មភាព​កីឡា​ជាច្រើន​ផងដែរ​។​


​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​ក្រសួងទេសចរណ៍ ជា​សេនាធិការ ដឹកនាំ អនុវត្ត​ការងារ​ទេសចរណ៍ គឺ​ពិធីបុណ្យ​ទន្លេ ដែល​បានធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំនេះ ស្ថិតក្នុង​ផែនការ​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍ តាម​ដង​ទន្លេ​។​
​ដើម្បី​សម្រេចបាន​ផែនការអភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍ តាម​ដង​ទន្លេ​អាជ្ញាធរខេត្ត មន្ទីរ​ទេសចរណ៍ ពិសេស​ការី​ទេសចរណ៍​ក្នុងស្រុក នៅតាម​ដង​ទន្លេ មានតែ​ចាប់ដៃ​សហការ​បង្កើត និង​ចងក្រង​ជា​ខ្សែ​ទស្សនកិច្ច​ក្នុងស្រុក សម្រាប់​ខេត្ត​នីមួយៗ ដោយ​ភ្ជាប់​ដំណើរ​ទស្សនកិច្ច​ទេសចរណ៍ ជាមួយ​ខេត្ត​ជុំវិញ​ឱ្យ​កាន់តែ​សម្បូរបែប​។​


​ក្រៅពីនោះ អាជ្ញាធរខេត្ត​នីមួយៗ ក៏​គួរ​ខិតខំ​បង្កើន​លទ្ធភាព​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍ ឱ្យបាន​កាន់តែ​សម្បូរបែប​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​។ ក្នុងនោះ​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ក៏​ជា​ចំណុច​ដែល​ត្រូវ​យកចិត្តទុកដាក់ ចំពោះ​គុណភាព​សេវាកម្ម​របស់ខ្លួន​ផងដែរ​។​
​សេវាកម្ម​ទេសចរណ៍ ក៏ត្រូវ​តែ​ល្អ​ប្រកបដោយ​អនាម័យ ស្ថិតក្នុង​កម្រិតស្តង់ដា​រ និង​ប្រកបដោយ​ទំនុកចិត្ត សម្រាប់​ភ្ញៀវទេសចរ ស្របតាម​យុទ្ធនាការ «​សេវា​មួយ ស្តង់ដារ​មួយ​»​។​


​ដើម្បី​សម្រេច​សេវាកម្ម​ទេសចរណ៍ បានល្អ និង​ស្របតាម​ស្តង់ដារ ប្រកបដោយ​ទំនុកចិត្ត អាជ្ញាធរ​សមត្ថកិច្ច និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​ពង្រឹង គុណភាព​សេវាកម្ម​គ្រប់ពេលវេលា មិនមែន​តែ​នៅពេល​មាន​ព្រឹត្តិការណ៍​ទេសចរណ៍ ឬ​ពិធី​បុណ្យជាតិ​នោះទេ​។ ពោលគឺ​ត្រូវធ្វើ​ជាប្រចាំ ដើម្បី​ធានា​នូវ​សេវាកម្ម​មួយ ប្រកប ដោយ​ទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ ស្របទៅតាម​កម្រិតស្ដង់ដា​ថ្នាក់ជាតិ និង​អាស៊ាន​។​
​ក្រៅពីនោះ​ទៀត អាជ្ញាធរខេត្ត មន្ទីរ​ទេសចរណ៍ រួមទាំង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ក៏​គួរ​បន្ត​រួមគ្នា​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ស្របតាម​យុទ្ធនាការ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​»​។​


​ជាមួយគ្នានេះ អាជ្ញាធរខេត្ត​នីមួយៗ ក៏​គួររៀបចំ​ទីក្រុង​ឱ្យ​ស្អាត មាន​សណ្តាប់ធ្នាប់​ល្អ សេវាកម្ម​ល្អ ប្រកបដោយ​គុណភាព អនាម័យ និង​មាន​សុវត្ថិភាព ព្រមទាំង​គិតគូរ​បន្ថែម​លើ​ការរៀបចំ​ឱ្យមាន​ផ្សារ​រាត្រី មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ចំណតទូក​ទេសចរណ៍​។​ល​។​ក្នុងនោះ អាជ្ញាធរខេត្ត​ជាប់មាត់​ទន្លេ ក៏ត្រូវ​បន្ត​ខិតខំ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អនាម័យ​បរិស្ថាន បង្គន់​អនាម័យ​សាធារណៈ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឆ្ពោះទៅ​ទទួល​ជ័យលាភី​រំដួល​បី​ទង នៅក្នុង​ការប្រឡងប្រណាំង លើក​ទី​៣ នា​ឆ្នាំ​២០២១​។​
​ក្រៅពី​អាជ្ញាធរ​សមត្ថកិច្ច និង​អ្នកផ្តល់​សេវា​ទេសចរណ៍ សម្រាប់​ពិធីបុណ្យ​ទន្លេ នៅតាម​ជាប់​ដង​ទន្លេ និយាយ​ជារួម ហើយ​និយាយ​ដោយឡែក នៅពេលនេះ សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​ស្ថិត​នៅជាប់​បឹង​ទន្លេសាប គឺ​អ្នកចូលរួម​កម្សាន្ត​បុណ្យ​ទន្លេ ក៏ត្រូវ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ពី​សមិទ្ធផល និង​សេវា​ទេសចរណ៍ តំបន់​ទេសចរណ៍ ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ រយៈពេល​បី​ថ្ងៃនេះ​។​


​ក្រៅពី​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​ហើយ​នោះ អ្នកចូលរួម​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ក៏ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន ដោយ​មិនចាំបាច់​ដល់​ថ្នាក់ ដើរ​បោសសម្អាត ឬ​រើស​សំរាម​ទេ តែ​សុំ​ត្រឹមតែ​ចូលរួម​ដោយ​ការមិន​បោះចោល​សំរាម កាកសំណល់​ម្ហូបអាហារ ប្រអប់​ស្នោរ ថង់​ផ្លា​ស្ទី​ក កែវ​ជ័រ និង​ដប​ទឹក ពាសវាល​ពាសកាល ទៅបាន​ហើយ​។ ពោលគឺ​រាល់​កាកសំណល់ និង​សំរាម ត្រូវ​ប្រមូល​វេច​ខ្ចប់ យកទៅ​បោះចោល ក្នុង​ធុងសំរាម ដែល​អាជ្ញាធរ រៀបចំ​នៅ​កន្លែង​មាន​សណ្តាប់ធ្នាប់​។


​យើង​ត្រូវ​ចូលរួម​ទាំងអស់ ទើប​បរិស្ថាន​ស្អាត និង​បង្ហាញ​ពី​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​យើង ពិសេស​យើង​ចូលរួម​លើកកម្ពស់​សម្រស់​នៃ​ទឹកដី​ក្អមឆ្នាំង និង​ទឹកដី​ភ្នំ​នាង​ក​ង្រី នៅ​ខេត្តកំពង់ឆ្នាំង​។ ខេត្តកំពង់ឆ្នាំង ដែលជា​ម្ចាស់ផ្ទះ​នៃ​ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នេះ គេ​រំពឹងថា មាន​អ្នកទេសចរ មិនតិចជាង ៥០​ម៉ឺន​នាក់​ឡើយ​។ ចំណូល​ពី​អ្នកទេសចរ​នេះ ក៏​មិនតិច​ម៉ឺន​ដុល្លារ​នោះទេ សម្រាប់​អ្នកបម្រើ​សេវាកម្ម​ទេសច​រណ៍ និង​ប្រជាជន​ខេត្ត​ជាប់មាត់​ទន្លេសាប​របស់​យើង​មួយ​នេះ​៕ដោយៈម៉េងឆៃ