ពាក់កណ្តាល​ខែកុម្ភៈ មាន​កុមារ​៣៣​នាក់ កើត​ជំងឺគ្រុនឈាម​នៅ​កោះកុង​

819
ចែករម្លែក
  • 1.1K
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: មាន​កុមារ​តូច អាយុ​ក្រោម​១៥​ឆ្នាំ ចំនួន​៣៣​នាក់ បានកើត​ជម្ងឺគ្រុនឈាម​ជា​បន្តបន្ទាប់ នៅ​ពាក់កណ្តាល​ខែកុម្ភៈ​នេះ ស្របពេល​ក្រសួងសុខាភិបាល ណែនាំ​ពី​វិធី​បង្ការ​ថែរក្សា​សុខភាព​កុមារ​តូច​ដល់​ពលរដ្ឋ​កម្ពុជា អំឡុង​រដូវក្តៅ​ដែលមាន​រយៈពេល​យូរ​។ តែ​ទោះបី​ជាមាន​សញ្ញា​ផ្ទុះឡើង​នូវ​គ្រុនឈាម​ចំពោះ​កុមារ​តូច​យ៉ាងណាក្តី ក៏​គ្មាន​កុមា​រណា​ម្នាក់​ស្លាប់​ដោយសារតែ​ជម្ងឺ​នេះដែរ​។​

​លោក ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បាន​គូសបញ្ជាក់​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​ថា ជា​រឿង​មួយ​ដ៏​ចម្លែក ដែល​ខែកុម្ភៈ ជា​ខែ​មួយ​ជិត​ឈានចូល​រដូវក្តៅ​ទៅហើយ តែ​បែរជា​ផ្ទុះ​កើតមានឡើង​នូវ​ជម្ងឺគ្រុនឈាម​ចំពោះ​កុមារ​តូចៗ​នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ​ទៅវិញ​។ ហើយ​មន្ទីរ​សុខាភិបាល​ខេត្ត ក៏​បង្កើន​ការផ្សព្វផ្សាយ និង​ថ្នាំ​មូស ចែក​ថ្នាំ​សម្លាប់​ដង្កូវទឹក នា​រដូវវស្សា​កន្លងទៅ​។​

​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បានឱ្យដឹង​ទៀតថា ជាក់ស្តែង នៅ​សប្តាហ៍​ទី​២ និង​ទី​៣ អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​កុមារា និង​កុមារី​សរុប​ចំនួន​៣៣​នាក់ បានកើត​ជំងឺគ្រុនឈាម​ជា​បន្តបន្ទាប់​គ្នា ដោយសារតែ​មូស​ខ្លាខាំ​។ រីឯ​អាណាព្យាបាល​កូនតូច​ព្រួយបារម្ភ និង​បា​នប​ញ្ចូ​ន​កូនតូចៗ​របស់​ពួកគាត់​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។

​លោក ហៃ ឡៃ​សុន ពន្យល់ថា ការផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម​ក្នុង​ចំនួន​ច្រើន​នៅ​ដើមរដូវ​ប្រាំង​បែបនេះ គឺ​ពុំ​ធ្លាប់មាន​ពី​មក​ទេ សម្រាប់​មូលដ្ឋាន​ខេត្តកោះកុង​។ តែ​ទោះយ៉ាងណា តាមរយៈ​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ និង​ព្យាបាល​ជាសះស្បើយ​ទាន់ពេលវេលា​របស់​ក្រុមគ្រូពេទ្យ គឺ​គ្មាន​កុមារ​នរណាម្នាក់​ស្លាប់ ព្រោះតែ​ជម្ងឺគ្រុនឈាម​នេះឡើយ ដោយមាន​កុមារ​មួយចំនួន​បាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​ដែរ​។​

​ចំណែកឯ អ្នកស្រី ដេ​វ ថាវ អាណាព្យាបាល​កុមារ​តូចៗ​ដែលមាន​ជម្ងឺគ្រុនឈាម មកពី​សង្កាត់​ស្មាច់មានជ័យ លើកឡើងថា កន្លងទៅ ធ្លាប់មាន​ក្រុមមន្ត្រី​សុខាភិបាល​បាញ់ថ្នាំ និង​ថ្នាំ​សម្លាប់​ដ​ង្ហូ​វ​ទឹក​ក្នុង​ពាងទឹក នៅ​តំបន់​រស់នៅ​ពួកគាត់​ដែលមាន​ផ្ទះ​នៅលើ​ទឹក​។ ប៉ុន្តែ​ដឹង​ហេតុ​អី បានជា​នៅ​ដើមខែ​កុម្ភៈ ស្រាប់តែ​កូន​របស់​ពួកគាត់ និង​កុមារ​តូចៗ​អ្នក​នៅក្នុង​ភូមិ​កើត​ជម្ងឺគ្រុនឈាម​បន្តបន្ទាប់​គ្នា​។​

​ម្តាយ​កុមារ​មាន​ជម្ងឺគ្រុនឈាម​ម្នាក់ គឺ​អ្នកស្រី ម៉ុ​ច តូច មកពី​ឃុំ​កោះ​ស្តេច និយាយថា ថ្ងៃនេះ គាត់​បាន​នាំ​កូន​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​ពិនិត្យ និង​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​រួចរាល់​។ កូន​គាត់​ក្តៅខ្លួន​៤​ថ្ងៃ​មកហើយ ដាក់​ថ្នាំ​អ្វី​ក៏​មិន​បាត់​ដែរ ទើប​សម្រេចចិត្ត​នាំមក​មន្ទីរពេទ្យបង្អែក​ខេត្ត​តែម្តង ទើប​ដឹងថា កូន​មាន​ជំងឺគ្រុនឈាម​។ នៅ​មូលដ្ឋាន​រស់នៅ​របស់គាត់ ភាគច្រើន​រស់នៅ​លើទឹក និង​ខ្លះទៀត​នៅក្បែរ​ជើងភ្នំ ពេលដេក​ដាក់​មុង និង​ដុត​ធូបមូស​ដែរ​។​

​ជំងឺគ្រុនឈាម គឺជា​ជំងឺ​ដ៏​គ្រោះថ្នាក់ និង​អាច​ប៉ះពាល់​ដល់​ជីវិត​។ អ្នកជំងឺ​គ្រុនឈាម​អាច​លេចចេញ​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន​ដែល​អាច​នាំទៅរក​ការស្លាប់​បាន​។ ផលវិបាក​ទាំងនោះ​រួមមាន​៖​ការ​លើស​ជាតិ​ទឹក​ក្នុង​រាងកាយ​, ការ​ហូរឈាម​ច្រើន (​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំ​ពពួក​អាស្ពីរីន​ឬ​អ៊ី​ប៊ុ​យ​ប្រូ​ហ្វែ​ន​ឬ​ការបាត់បង់​កត្តា​កំណក​ឈាម​), ភាព​ខ្សោយតម្រងនោម​, ការ​ខ្សោយ​ចង្វាក់​ដង្ហើម និង​ការ​ខ្សោយបេះដូង​បែប​តឹង​ណែន​។​

​ជំងឺគ្រុនឈាម ភាគច្រើន​គេ​ឃើញ​កើត​មាននៅ​តំបន់ ដែលមាន​មនុស្ស​រស់នៅ​ច្រើន​កុះករ​ហើយ​មានការ​ខ្វះ​អនាម័យ​បរិស្ថាន​ដែល​ខុសពី​ជំងឺគ្រុនចាញ់​ដែល​ច្រើន​កើត​នៅ​តំបន់​មានព្រៃ​។ ជា​វិធានការ​ទប់ស្កាត់​ជម្ងឺគ្រុនឈាម ពលរដ្ឋ​ចាំបាច់​ធ្វើ​អនាម័យ​បរិស្ថាន​កាប់​ស្តារ​ព្រៃ​ស្មៅ​ឲ្យ​ដុះ​នៅ​ជុំវិញ​ផ្ទះ​, គេង​ក្នុង​មុង​គ្រប់ពេលវេលា ផ្ទះ​ត្រូវមាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់ និង​ប្រមូល​ទុកដាក់​សំបក​កង់ឡាន​កំប៉ុង​ចាស់ៗ​មិនឱ្យ​មានទឹក​ដក់​ជាដើម​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើ​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប​។​

​លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​មន្ត្រី​សុខាភិបាល​ទូទាំងប្រទេស​ពង្រឹង​ការចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​លុបបំបាត់​ជម្ងឺគ្រុនចាញ់ អោយ​សកម្ម ដោយ​ភាពចាំបាច់​បំផុត ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០២៥​ខាងមុខ​។ ពិសេស​ខិតខំ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺគ្រុនឈាម​ឱ្យទាន់​ពេលវេលា​រក្សា និង​ព​ង្រឹ​ក​អត្រា​គ្របដណ្តប់​ការផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​ជា​សមូហភាព​ឱ្យនៅ​ខ្ពស់​លើសពី​៩០​ភាគរយ​៕ ល​

#