ពាក្យរិះគន់​លើ​សោភ័ណភាព​ក្រុង​ក្រោយ​ពិធីបុណ្យ​ផ្សេងៗ​ត្រូវបាន​លុបបំបាត់​

1464
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: ពាក្យរិះគន់​ជារឿយៗ អំពី​ភាព​គគ្រិច​កើតឡើង​ក្រោយ​ពិធីបុណ្យ​ផ្សេងៗ នាពេល​កន្លងមក ត្រូវបាន​លុបបំបាត់​តាមរយៈ​ការជំរុញ​របស់​ថ្នាក់​ដឹក នាំឱ្យ​ផ្នែក​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​ការសម្អាត​អនាម័យ លម្អ​បរិស្ថាន និង​បង្កើន​សោភ័ណភាព​ដោយ​ការប្រញាប់​ប្រញាល់​នាំគ្នា​សម្អាត​។​

​អភិបាលក្រុង​កំពត លោក លាង រឿន​សុធី បាន​រៀបរាប់ថា ពាក្យរិះគន់​ជារឿយៗ​អំពី​ភាព​គគ្រិច​កើតឡើង ក្រោយ​ពិធីបុណ្យ​ផ្សេងៗ​នាពេល​កន្លងមក ត្រូវបាន​លុបបំបាត់​ជា​បណ្តើរៗ​ហើយ​។ នេះ​ដោយសារ​អាជ្ញាធរ​ក្រុង​អនុវត្ត​បន្ថែម តាម​ប្រសាសន៍​ណែនាំ​ពី​លោក ជាវ តា​យ អភិបាល​ខេត្តកំពត ផ្តោតលើ​គោលការណ៍​ទីក្រុង​ស្អាត ដែល​លោក​អភិបាលខេត្ត ជំរុញ​ឱ្យ​ផ្នែក​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​ការសម្អាត​អនាម័យ លម្អ​បរិស្ថាន និង​បង្កើន​សោភ័ណភាព​ដោយ​ការប្រញាប់​ប្រញាល់​នោះ​។ ជាក់ស្តែង​ក្នុងឱកាស នៃ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ អាជ្ញាធរ​ក្រុង​កំពត បាន​បែងចែក​កម្លាំង​របស់​ស​ង្កា​ត់​ទាំង​ប្រាំ​ឱ្យ​សម្អាត នៅ​បណ្តា​គោលដៅ​ដែល​បានកំណត់​។​

​លោក​អភិបាលក្រុង​បាន​បញ្ជាក់ថា កម្លាំង​កម្លាំង​របស់​ស​ង្កា​ត់​ទទួលបន្ទុក​លើ​សេវា អនាម័យ​តាម​សួនច្បារ ទីសាធារណៈ​ក្នុង​ដែន​មូលដ្ឋាន​របស់ខ្លួន​។ ដោយឡែក​កម្លាំង​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម Gaea ប្រចាំកា​បោសសម្អាត​តាម​បណ្តា​ផ្លូវ​សំខាន់ៗ​។ ពួកគាត់​បានចាប់ផ្តើម​ការងារ​តាំងពី​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ​រហូតដល់​អស់​សំរាម​ក្នុង​ដែន​បន្ទុក​របស់ខ្លួន ទើប​មានឱកាស​សម្រាក​។

​លោក​លាង រឿន​សុធី បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា ដោយ​ក្តី​អាណិត ព្រោះតែ​មិនបាន​សម្រាក​ក្នុងឱកាស​ចូលឆ្នាំ​ដូច​គេឯង លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យមាន​ការលើកទឹកចិត្ត ដោយ​បន្ថែម​ថវិកា​ប្រចាំថ្ងៃ​ជូន​ដល់​ពួកគាត់​។ នេះ​ជា​មោទនភាព របស់​អាជ្ញាធរ​ក្រុង​ដែល​អនុវត្តបាន​ល្អប្រសើ​រ តាម​ប្រសាសន៍​ណែនាំ ក៏ដូចជា​ជំនួយ​ឧបត្ថម្ភ​នានា​ពី​លោក​អភិបាលខេត្ត តាមរយៈ​ស្មារតី និង​សម្ភារៈ​មួយចំនួន​ដូចជា​ធុងសំរាម ដែល​បាន​ផ្តល់ឱ្យ​កាលពីពេល​ថ្មីៗ​កន្លងមក​។​

​លោក ជាវ តា​យ បាន​មានប្រសាសន៍ថា ក្រុង​ទេសចរណ៍​ជា​មជ្ឈមណ្ឌល​មួយ ដែល​ពោរពេញ​ដោយ អនាម័យ និង​សោភ័ណភាព​ស្រស់បំព្រង​។ ដូច្នេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​បញ្ចៀស​ឱ្យបាន​នូវ​ភាព​គគ្រិច គឺ​មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​សំរាម​រាយប៉ាយ​ពាសវាល​ពាសកាល សម្រាប់​បង្ហាញ​ភ្នែក​ភ្ញៀវ​នោះឡើយ​។ ពាក្យ​ក្រើនរំលឹក​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​លោក​អភិបាលខេត្ត​ផ្តល់​ធុងសំរាម​ចំនួន​២០០ លើ​ក្រុង​ស្រុក​ទាំង​ប្រាំបី ដោយ​សាលាក្រុង​កំពត​ទទួលបាន​១៣០ និង​ស្រុក​ប្រាំពីរ ចំនួន​៧០​ធុង​៕