ពាក្យស្លោក​សំខាន់​ពីរ ដើម្បី​រំ​ឮ​ក​ពី​ការចងចាំ និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​

4117
ចែករម្លែក
  • 16
    Shares

ដោយៈ សន ប៊ុន​ស៊ីម​ / ​ត្បូងឃ្មុំៈ ក្រសួង​អប់រំ​យុវជន​និង​កីឡា សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បើក​សម្ភោ​ធ​ផ្ទាំង​ពាក្យស្លោក​ស្តីពី​ការចងចាំ និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​សម្តេច​ចក្រី ហេង សំរិន អន្លង់​ជ្រៃ ស្ថិតក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ពាក្យស្លោក​ទាំងពីរ​ឃ្លា​នេះ មាន​ខ្លឹមសារ​ថា «​រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​រៀន​ពី​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​» និង «​និយាយ​ពី​ការរស់នៅ​ក្នុងសម័យ​ខ្មែរក្រហម គឺ​និយាយ​ពី​ការផ្សះផ្សា អប់រំ​កូនចៅ​ឲ្យ​អត់​ឳ​ន អធ្យាស្រ័យ​គ្នា​»​។​

 

​លោកជំទាវ ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​អញ្ជើញ​ចូល​រូ​ម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​នេះ បាន​មានប្រសាសន៍ថា​៖ «​យុវជន​ជំនាន់​ក្រោយ​ត្រូវខិតខំ​រៀនសូត្រ ដោយ​ការយល់​ឲ្យ​ច្បាស់លាស់​និង​ស៊ីជម្រៅ មិនមែន​គ្រាន់តែ​ទន្ទេញ​ឲ្យ​ចាំមាត់​នោះទេ​។ ក្រៅពី​ឯកសារ​ជាច្រើន​អំពី​របប​ខ្មែរក្រហម សិស្សានុសិស្ស​អាច​ស្វែងយល់​បន្ថែមទៀត​តាមរយៈ​ឯកសារ​រស់ ពោលគឺ​ឪពុកម្តាយ និង​ជីដូន​ជីតា ដែល​សុទ្ធតែ​បាន​ឆ្លងកាត់​របប​នេះ​»​។ លើសពីនេះ​ទៀត លោកជំទាវ​បានបញ្ជាក់​បន្ថែម​ពី​កំណែទម្រង់​ថ្មី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការដាក់បញ្ចូល​កម្មវិធី​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ថា កម្រិតសិក្សា​ថ្នាក់​បឋម ក៏ត្រូវ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដែរ​។​

​លោក ផេង ពង្ស​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា និង​គម្រោង​ស្រាវជ្រាវ​និង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា វិទ្យាល័យ​សម្តេច​ចក្រី ហេង សំរិន អន្លង់​ជ្រៃ​នេះ គឺជា​វិទ្យាល័យ​ទី​២៦​ហើយ ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានដាក់​ពាក្យស្លោក​អប់រំ​អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ លោក​និយាយថា​៖ «​ការដាក់​ពាក្យស្លោក​រំ​ឮ​ក​ពី​ការចងចាំ​នៅតាម​វិទ្យាល័យ​នេះ មាន​គោលបំណង​ឲ្យ​សិស្សានុសិស្ស​ស្វែងយល់​អំពី​សារសំខាន់​នៃ​ការរៀនសូត្រ​អំពី​ប្រវត្តិ​កម្ពុជា​ប្រជាធិបតេយ្យ និង​ដើម្បី​ឧទ្ទិស​ដល់​ព្រលឹង​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​។​ខ្លឹមសារ​ពាក្យស្លោក​ទាំង​ពីរ បាន​រំ​ឮ​ក​យើង​អំពី​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​ការអប់រំ ការចងចាំ និង ប្រវត្តិសាស្ត្រ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​វិញ​»​។​

​ជាមួយគ្នានេះដែរ លោក ហុង ហន នាយក​វិទ្យាល័យ​សម្តេច​ចក្រី ហេង សំរិន អន្លង់​ជ្រៃ បាន​ឲ្យ​ដឹងថា ពាក្យស្លោក​នោះ​អាច​ជំរុញ​ឲ្យ​សិស្សានុសិស្ស​បង្កើត​ការសន្ទនា​អំពី​របប​ខ្មែរក្រហម​នៅក្នុង​គ្រួសារ និង​សាលារៀន​។ លោក​និយាយថា​៖ «​វា​ជាការ​រំឭក​មួយ​ដ៏​មាន​សារសំខាន់ ហើយ​បង្ក​ឲ្យ​មាន​ចម្ងល់ និង​ការគិត​ពិចារណា​ចំពោះ​ពាក្យស្លោក​។ ដូចនេះ ពាក្យស្លោក​ទាំងពីរ អាចធ្វើ​ឲ្យ​សិស្ស​មានគំនិត​ចង់​ស្វែងយល់​បន្ថែម​ដោយ​ខ្លួនឯង អញ្ចឹង​គាត់​អាច​សាកសួរ​អ្នក​ដែល​បាន​ឆ្លងកាត់​សម័យ​ខ្មែរក្រហម​ដូចជា​យាយ​តា​ឬ​ឪពុកម្តាយ​ជាដើម​។ បន្ទាប់មក មនុស្ស​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​នឹង​ចាប់ផ្តើម​សន្ទនា​អំពី​អំពើ​ប្រល័យពូជសាសន៍​»​។​

​កញ្ញា ហ៊ុន សុ​ម៉ាលី ជា​សិស្ស​ថ្នាក់​ទី​១២ បាន​ឲ្យ​ដឹង​ក្រោយពី​ការចូល​រូ​ម​ពិធី​សម្ពោធ​ថា​៖ «​ពាក្យស្លោក​ទាំងពីរ ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ជា​សិស្ស​ចង់​ស្វែងយល់​បន្ថែម​អំពី​របប​ខ្មែរក្រហម​។ ខ្ញុំ​បាន​សិក្សា​ស្វែងយល់​ខ្លះ​ដែរ​តាមរយៈ​ការនិយាយ​ប្រាប់​ពី​ឪពុកម្តាយ​និង​យាយ​តា​អំពី​រឿងរ៉ាវ​ដែល​កើតឡើង​នៅក្នុង​សម័យ​នោះ​។ ដូចនេះ នៅពេលដែល​ខ្ញុំ​បាន​រៀន​នៅ​សាលា​ផង​និង​ផ្ទះ​ផង ធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់តែច្បាស់​អំពី​របប​ខ្មែរក្រហម​»​។

​គួររំឭកថា របប​ខ្មែរក្រហម​ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ ប៉ុល ពត (១៩៧៥ ដល់​១៩៧៩) បានធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ ២​លាន​នាក់​ស្លាប់បាត់​បង់ជីវិត តាមរយៈ​ការធ្វើការ​ហួសកម្លាំង សម្លាប់ និង​អត់​អាហារ​។ ខ្មែរក្រហម​បានប្រែក្លាយ សាលារៀន និង​វត្ត​អារាម ទៅជា​មន្ទីរ​សន្តិសុខ ក្រោលគោ​ក្របី រោង​សិប្បកម្ម ជង្រុក​ស្រូវ និង​ទីតាំង​សម្លាប់​និង​កប់​មនុស្ស​។​

​ចាប់ពី​ឆ្នាំ ១៩៩៥ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​រកឃើញ​មន្ទីរ​សន្តិសុខ ឬ​គុក​នៅក្នុង​សម័យ​ខ្មែរក្រហម ចំនួន ១៩៦ កន្លែង ទីតាំង​សម្លាប់​មនុស្ស​មាន ៣៨៨ កន្លែង ក្នុងនោះ​រណ្តៅ​សាកសព​មាន​ចំនួន​ប្រមាណ​២​ម៉ឺន​រណ្តៅ និង​ស្តូប​ឬ​បូជនីយដ្ឋាន​ចំនួន ៨១ នៅ​ទូទាំងប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន ស្ប៉ា​រ៉ូ​ហក ហ្វា​អ៊ី​ស បាននិងកំពុង​បន្តដំណើរ​ការស្រាវជ្រាវ​ទៅលើ​រណ្តៅ​សាកសព​ជំនាន់​ខ្មែរក្រហម តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប ក្នុងការ​ពិនិត្យមើល​ឆ្អឹង​សាកសព​ជនរងគ្រោះ ដែល​កំពុងស្ថិត​នៅក្នុង​ក្រោម​ដី​ក្នុង​រណ្តៅ ដែល​បាន​បន្សល់ទុក​តាំងពី​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ឆ្នាំ​១៩៧៩​។ របកគំហើញ​ថ្មី​ដែល​ចេញ​មកពី​កិច្ចការ​ស្រាវជ្រាវ​នេះ នឹង​ក្លាយជា​មេរៀន​ថ្មី​បន្ថែមទៀត​បញ្ជាក់បន្ថែម​លើ​មេរៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​សិស្សានុសិស្ស​បាននិងកំពុង​សិក្សា​។ ក្រៅពីនេះ​ឯកសារ​ជាង​១​លាន​២​សែន​ទំព័រ រួម​ជាមួយនឹង​ប្រវត្តិរូប​ជនរងគ្រោះ​និង​កម្មាភិបាល​ប្រមាណ​៣​ម៉ឺន​នាក់ អំពី​របប​ខ្មែរក្រហម​ត្រូវបាន​រក្សាទុក​នៅ​មជ្ឈមណ្ឌល​នេះ​៕ ល​