ពាក្យ​ចចាមអារ៉ាម​ផ្ទុះឡើង​ជាថ្មី​អំពី​ការបែកបាក់​គ្នា​រវាង​លោក​ហ័ង សៀវ​មីង និង​នាង​អេ​ន​ជេ​ឡា​បេ​ប៊ី បន្ទាប់ពី​កម្មវិធី​របស់​ទូរទស្សន៍ CCTV

208
ចែករម្លែក

​ពីរ​ខែ​បន្ទាប់ពី​តារា​សម្តែង​ចិន​នាង​អេ​ន​ជេ​ឡា​បេ​ប៊ី និង​តារា​សម្តែង​ចិន​លោក​ហ័ង សៀវ​មីង បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ដែលថា​អាពាហ៍ពិពាហ៍​បួន​ឆ្នាំ​របស់​ពួកគេ​កំពុង​រង្គោះរង្គើ​នោះ ឥឡូវ​ស្រាប់តែ​ពាក្យ​ចចាមអារ៉ាម​ថ្មី​បាន​ផ្ទុះឡើង​ម្តងទៀត​។​

​លោក​ហ័ង​អាយុ ៤១ ឆ្នាំ​និង​នាង​អេ​ន​ជេ​ឡា​បេ​ប៊ី​អាយុ ៣០ ឆ្នាំ​បាន​រៀបការ​នៅ​ឆ្នាំ ២០១៥ និង មានកូន​ប្រុស​អាយុ ២ ឆ្នាំ​ម្នាក់ ប៉ុន្តែ​បាន​ប្រឈម​នឹង​ការឃ្លាំមើល​យ៉ាង​ជាប់លាប់​អំពី​ទំនាក់ទំនង​របស់​ពួកគេ ដោយសារតែ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តិចតួច​រវាង​ពួកគេ​នៅលើ​បណ្តាញ​សង្គម​។​

​ស្ថានភាព​នៃ​អាពាហ៍ពិពាហ៍​របស់​តារា​ទាំងពីរ​បានក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​ម្តងទៀត​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ពួកគេ​មិនបាន​សម្តែង​ជាមួយគ្នា​នៅ​កម្មវិធី​បុណ្យ​ធំ​នា​ពាក់កណ្តាល​រដូវ​ស្លឹកឈើ​ជ្រុះ​របស់​ទូរទស្សន៍ CCTV កាលពី​ថ្ងៃ​សុក្រ ទី​១៣ កញ្ញា​។ លោក​ហ័ង​បាន​សម្តែង​ជាមួយ​តារាចម្រៀង​ចិន​នាង​លី លី​យួន ខណៈដែល​នាង​អេ​ន​ជេ​ឡា​បេ​ប៊ី​បាន​សម្តែង​ជាមួយ​តារាចម្រៀង​ចិន​លោក​ខាយ គូ​ឈី​ង នៅក្នុង​កម្មវិធី​នោះ​។​

​មាន​គូស្នេហ៍​ជា​តារា​ល្បីៗ​ជាច្រើន​គូ​បាន​សម្តែង​ជាមួយគ្នា​រួមមាន​តារា​សម្តែង​ហុងកុង​និង​ជា​ពិធីករ​ទូរទស្សន៍​លោក​វង់ កូ​ឡាំ​និង​ភរិយា​ជា​តារា​សម្តែង​នាង លីន​ណេ លី ក៏ដូចជា​តារា​សម្តែង​ចិន​លោក​ប៉ាវ ប៊ី​យ៉េ និង​ភរិយា​ជា​តារា​សម្តែង​នាង​ប៉ាវ វិ​ន​ជី​ង​។​

​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​នាង លីន ជី​លីង​និង​ស្វាមី​របស់​នាង​ជា​តារាចម្រៀង​ជប៉ុន​លោក​អាគី​រ៉ា​តាម​ដឹង បាន​ដកខ្លួន​ចេញពី​កម្មវិធី​នេះ​ដោយសារតែ​សញ្ជាតិ​របស់​អាគី​រ៉ា​។​

​សេចក្តីរាយការណ៍​បាន​និយាយថា នៅពេល​ការហាត់​សម​ធ្វើឡើង​នៅ​ទីក្រុង​ហួ​អៀន ខេត្ត​ជាំ​ង​ស៊ូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ កញ្ញា លោក​ហ័ង​និង​អេ​ន​ជេ​ឡា​បេ​ប៊ី​បាន​ទៅដល់​ដាច់ដោយឡែក​ពីគ្នា​។ ពួកគេ​មិនបាន​ឃើញ​នៅ​ជាមួយគ្នា​ទេ ហើយ​មិនសូវ​និយាយ​គ្នា​ទេ​នៅ​ខាងក្រោយ​ឆាក​។​

​ដើម្បី​បន្ថែម​សាំង​លើ​ពាក្យ​ចចាមអារ៉ាម ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ភ្នែក​មៀម​បានកត់សម្គាល់​ឃើញថា ប្តី​ប្រពន្ធ​នេះ​ដំបូង​ឡើយ​បានដាក់​ងារ​ពីមុខ​ថា “​ស្វាមី​និង​ភរិយា ហ័ង សៀវ​មីង និង​អេ​ន​ជេ​ឡា​បេ​ប៊ី​” នៅក្នុង​បញ្ជី​នៃ​តារា​សម្តែង ប៉ុន្តែ​ក្រោយមក ឃ្លា “​ស្វាមី​និង​ភរិយា​” បាន​បាត់​ទៅវិញ​។​

​នៅក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ​ទស្សនា​វ​ដ្តី​ម៉ូត​សម្លៀកបំពាក់​មួយ នាង​អេ​ន​ជេ​ឡា​បេ​ប៊ី​បាន​និយាយថា នាង​ចាត់ទុក​ពាក្យ​ចចាមអារ៉ាម​នេះ​ជា​រឿង​កំប្លែង ហើយ​ថែមទាំង​ចែករំលែក​វា​ដល់​ក្រុមការងារ​របស់​នាង​ទៀតផង​ដោយ​និយាយថា ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​គឺ​ដូច​ស្គ្រី​ប​នៅក្នុង​ខ្សែភាពយន្ត​។ នាង​បាន​បន្ថែមទៀតថា ពេលខ្លះ​នាង​មាន​អារម្មណ៍​អស់សង្ឃឹម នៅពេល​សូម្បីតែ​អ្នក​ស្គាល់គ្នា​ក៏​សួរ​នាង​ថា​តើ​ពាក្យ​ចចាមអារ៉ាម​នោះ​ជាការ​ពិត​ឬ​អត់​៕ ដោយ៖ កញ្ញាដាលីស

នាង​អេ​ន​ជេ​ឡា​បេ​ប៊ី និង លោក​ហ័ង សៀវ​មីង