ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ចិន​កើន​ថេរ តែ​ការនាំ​ចេញ​ធ្លាក់ចុះ​ជាប់​

188
ចែករម្លែក

​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ចិន​ត្រូវ​បាន​កត់ត្រា​ឃើញថា​មាន​កំណើន​នៅ​១១​ខែ​ដើមឆ្នាំ​២០១៩ ដោយ​កើន​បាន​២,៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន នេះ​បើ​តាម​​ការបង្ហាញ​របស់​អគ្គ​នាយក​គយ​ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ធ្នូ​និង​ត្រូវ​ផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន​។​

​ក្នុង​អំឡុង​ពេល​នេះ ទំហំ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​សរុប​បាន​ឡើងដល់​២៨,៥​លាន​លាន​យ័ន​(៤,១៤​លាន​លាន​ដុល្លារ​អាម៉េរិក​)​។​

​ទិន្នន័យ​បានបង្ហាញ​ថា ការនាំ​ចេញ​បាន​កើន​៤,៥​ភាគរយ​ទៅ​ដល់​១៥,​លាន​លាន​យ័ន នៅពេល​ការ​នាំចូល​មាន​ចំនួន​១២,៩៥​លាន​លាន​យ័ន​។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ នៅ​ខែ​វិច្ឆិកា ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ចិន​មាន​ចំនួន​២,៨៦​លាន​លាន​យ័ន ដោយ​កើន​១,៨​ភាគរយ​។​

​លី កូយ​វេន នាយក​នៃ​នាយកដ្ឋាន​ស្ថិតិ​និង​ការវិភាគ​នៅ​អគ្គនាយកដ្ឋាន​គយ បាន​និយាយថា ទោះជា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ពិភពលោក​ថយចុះ តែ​ពាណិជ្ជកម្ម​ក្រៅប្រទេស​​របស់​ចិន​នៅ​រក្សា​កំណើនថេរ​នៅ​ឆ្នាំ​នេះ ដោយ​បង្ហាញ​ភាព​ឆាប់​សកម្ម​ក្លៀវក្លា​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន​។​

​ទោះជា​យ៉ាងណា សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​៩​ធ្នូ​ថា ការនាំចេញ​របស់​ចិន​នៅ​ខែ​វិច្ឆិកា​បាន​ធ្លាក់ចុះ នៅពេល​ការនាំ​ទំនិញ​ទៅកាន់​អាម៉េរិក​ធ្លាក់ចុះ​១,១​ភាគ​​រយ​ពី​ការនាំចេញ​កាល​ពី​មួយ​ឆ្នាំ​មុន ។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ខែ​កុម្ភៈ​មក ការនាំ​ចេញ​ទំនិញ​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​ក្នុង​លោក​នេះ​ទៅ​កាន់​អាម៉េរិក​បាន​ធ្លាក់ចុះ​អស់​២៣​ភាគរយ និង​ក៏​ជា​ការធ្លាក់ចុះ​​ប្រចាំ​ខែ​ទី​១២​ជាប់​គ្នា​។​

​ការ​វាយ​ពន្ធ​ខ្ពស់​ពី​សំណាក់​អាម៉េរិក​លើ​ទំនិញ​នាំចូល​ពី​ចិន​សំរាប់​ជុំ​ថ្មី គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​១៥​ធ្នូ គឺ​ថ្ងៃអាទិត្យ​ក្រោយ​។​កាលពី​ថ្ងៃ​សុក្រ ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន លោក​​ឡា​រី គូត​ឡូ​វ បាន​និយាយថា កាល​កំណត់​ថ្ងៃ​១៥​ធ្នូ ដើម្បី​ដាក់​ពន្ធ​ខ្ពស់​ជុំ​ថ្មី​លើ​ទំនិញ​ចិន​ប្រមាណ​១៥៦​ពាន់​លាន​ដុល្លារ​នៅ​តែ​មិន​ប្រែប្រួល​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន បាន​ហើយ​នឹង​ពិភាក្សា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដើម្បី​បន្ធូរបន្ថយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ តែ​កន្លងមក​​នៅ​ខ្វែងគំនិត​គ្នា​លើ​លក្ខខណ្ឌ​លម្អិត​។​

​ប្រធានាធិបតី​អាម៉េរិក​បាន​និយាយថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចិន​អាច​នឹង​សំរេច​ឡើង​នៅ​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​ឯណោះ តែ​ចិន​ចង់បាន​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយ​ឬ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១ ដើម្បី​លុបចោល​ពន្ធ​ខ្លះ ឬ​កុំ​បន្ត​វាយ​ពន្ធ​បន្ថែមទៀត​។​

​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​១៧​ខែ​មកនេះ បាន​បង្កើន​ហានិភ័យ​នៃ​កំណើន​សកល​អវិជ្ជមាន​(​ដើរ​ថយក្រោយ​)​មួយ ហើយ​ពួក​អ្នកបង្កើត​គោលនយោបាយ​ចិន​ខិតខំ​ស្វះស្វែង​ដាក់​​ចេញ​វិធានការ​លើកស្ទួយ ឬ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នានា ក្រោយពី​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ធ្លាក់​ដល់​កំរិត​ទាប​បំផុត ធៀប​នឹង​កំណើន​នានា​ជិត​៣០​ឆ្នាំ​មកនេះ​៕​ដោយ​៖​វាសនា​