ពាណិជ្ជកម្ម​របស់ ហ្សា​រ៉ា ដែល​ប្រើ​តារា​ម៉ូ​ដែល​មុខ​អាចម៍រុយ​បង្ក​ភាព​ចម្រូង​ច្រាស​ពេញ បណ្តាញ​សង្គម​ចិន​

391
ចែករម្លែក

នារី​ម៉ូ​ដែល លី ជី​ង​វិ​ន (Li Jingwen) ដែល​អ្នក​នៅក្នុង​អាជីព​ស្គាល់​នាង​ថា ជី​ង វិ​ន (Jing Wen) បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​សម្រស់​អាចម៍រុយ​លើ​ផ្ទៃមុខ របស់​នាង ក្នុង​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​សម្រាប់​ផលិតផល​គ្រឿងសម្អាង​ថ្មីៗ​ឱ្យ​ក្រុមហ៊ុន​ហ្សា​រ៉ា​(Zara)​របស់​អេ​ស្ប៉ា​ញ​។
​ ​
កាសែត ក្លប​ប​ល់​ថែម​(Global Times) ដែល​ចេញផ្សាយ​ប្រចាំថ្ងៃ​របស់​ចិន និយាយថា អាចម៍រុយ​លើ​មុខ​របស់​នាង​ធ្វើឱ្យ​នាង “​ល្បីល្បាញ​”​។ ទោះជា​យ៉ាងណា​វា​ក៏បង្ក​ឱ្យមាន​ការជជែក ដេញដោល​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​ចិន ផងដែរ ដោយសារតែ​វា​ជាការ​កម្រ​ដែល ប្រជាជន​ចិន មាន​អាចម៍រុយ​លើ​ផ្ទៃមុខ​បែបនេះ​។
​ ​
អ្នកខ្លះ​និយាយថា សម្រស់​របស់​នាង​ក្នុង​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​នោះ “​ធ្វើឱ្យ​ប្រជាជន​ចិន មាន​សម្រស់​មិន​ស្អាត​” ប៉ុន្តែ​អ្នកខ្លះ​ទៀត​បាន​ចេញមុខ​និយាយ​ការពារ​នាង​។
​ ​
នាង ជី​ង​វិ​ន ដែល​មកពី​ទីក្រុង​គ័ង​ចូ​វ (Guangzhou) ប្រទេស​ចិន បាន​ក្លាយជា​តារា​ល្បី​ក្នុង​ពិភព បង្ហាញ​ម៉ូត​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ​។​ហើយ​មាន​យីហោ​ផលិតផល​អន្តរជាតិ​ល្បីៗ​ជាច្រើន ដែល​នាង​ធ្លាប់​បង្ហាញ​ម៉ូត​ឱ្យ ក្នុងនោះ​រួមមាន​ទាំង Calvin Klein និង H&M ផងដែរ​។

​ជុំវិញ​ភាពចម្រូងចម្រាស​រឿង​ផ្សាយពាណិជ្ជកម្ម​ខាងលើ នាង​មិនបាន​ឆ្លើយតប​ទេ ប៉ុន្តែ​កាល ពីមុន​នាង​ធ្លាប់​និយាយ​ពី​អារម្មណ៍​គ្មាន​សុវត្ថិភាព​ដែលមាន​អាចម៍រុយ​។ នាង​បាន​ប្រាប់​ទស្សនាវដ្ដី Vogue កាលពី​ខែតុលា ឆ្នាំ​២០១៦ ថា “​កាលពី​ខ្ញុំ​នៅ​តូច ខ្ញុំ​ពិតជា​ស្អប់​អាចម៍រុយ​ណាស់ ព្រោះ​ជាធម្មតា​ប្រជាជន​អាស៊ី គ្មាន​អាចម៍រុយ​ទេ​។ កាល​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​តែងតែ​ព្យាយាម បិទបាំង​វា ប៉ុន្តែ​ពេលនេះ​លែង​អី​ហើយ​។ ខ្ញុំ​បែរជា​ចូលចិត្ត​វា​ទៅវិញ​”៕ ប្រែ​សម្រួល​: ខុម​