ពាណិជ្ជករ​ឥណ្ឌា​ដុត​ទំនិញ​ចិន​ក្នុង​ការតវ៉ា​ប្រឆាំង​ការបោះឆ្នោត​វ៉េតូ​ ប្រឆាំង​ការដាក់​មេដឹកនាំ​អ៊ីស្លាម​និយម​ក្នុង​បញ្ជី​ខ្មៅ

559
ចែករម្លែក
  • 14
    Shares

​ក្រុម​ពាណិជ្ជករ​ឥណ្ឌា​រាប់រយ​នាក់​បាន​ដុត​បំផ្លាញ​ទំនិញ​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មីនា ​ហើយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន ​ក្នុង​ការតវ៉ា​ប្រឆាំង​​គោលនយោបាយ​ពាណិជ្ជកម្ម​និង​បរទេស​របស់​ចិន​។​

​ក្រុម​ពាណិជ្ជករ ដែល​បាន​ជំរុញ​អ្នក​ប្រើប្រាស់​ធ្វើពហិការ​ចំពោះ​ការនាំ​ទិញ​ចូល​របស់​ចិន​ផង​ដែរ​នោះ មាន​ការព្រួយបារម្ភ​ថា​ផលិតផល​ចិន កំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​​ក្រុមហ៊ុន​ផលិត​របស់​ឥណ្ឌា​។​

​ប៉ុន្តែ​ក៏​មាន​កំហឹង​ផង​ដែរ​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​ចិន​បាន​ប្រើ​សិទ្ធិ​បោះឆ្នោត​វ៉េតូ​ប្រឆាំង​របស់​ខ្លួន​ដើម្បី​រារាំង​ក្រុមប្រឹក្សាសន្តិសុខ​អង្គកា​សហប្រជាជាតិ ពី​ការ​​ដាក់​ក្នុង​បញ្ជីខ្មៅ​នូវមេដឹកនាំ​អ៊ីស្លាម​និយម​ឈ្មោះ Masood Azhar ដែល​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​។​

Masood Azhar ដែលជា​អ្នក​បង្កើត​ក្រុម​ជន​សកម្មប្រយុទ្ធ​Jaish-e-Mohammed (JeM)​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​កាលពី​​ខែ​កុម្ភៈ​ ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​៤០​នាក់​នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។​

​ចិន​បាន​រារាំង​គណៈកម្មាធិការ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ពី​ការដាក់​Masood Azhar ទៅក្នុង​បញ្ជីខ្មៅ ។ ចិន​បាន​និយាយថា ​ខ្លួន​បាន​​ធ្វើ​ដូច្នេះ ដើម្បី​ផ្តល់​ពេលវេលា​បន្ថែម​ទៀត​ដល់គណៈ​កម្មា​ធិ​ការនេះ​ពិគ្រោះ​យោបល់​និង​សិក្សា​បញ្ហា​នេះ​។​

​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី​២​របស់​ឥណ្ឌា ហើយ​ឱនភាព​ពាណិជ្ជកម្ម​បាន​រីក​ធំ​ដោយ​ការ​លម្អៀង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គឺ​ជិត​៧៥​ភាគរយ​ស្មើនឹង​៦៣​ពាន់​​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ​២០១៤ នៅពេលដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ឡើង​កាន់​អំណាច​។​

​លោក Narendra Modi ប្រឈម​នឹង​ការរិះគន់​ពី​គណបក្សប្រឆាំង និង​ក្រុម​ដែល​ជិតស្និទ្ធ​នឹង​គណបក្ស​របស់​លោក​ចំពោះ​អ្វី​ដែល​ពួក​គេ​មើលឃើញ​ថា​ជា​ការបរាជ័យ​របស់​​លោក​ក្នុង​ការចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​នៃ​ក្រុមហ៊ុន​ចិន​ដែល​កាន់តែ​កើន​ឡើង​លើ​សេដ្ឋកិច្ច​ឥណ្ឌា ។​

​សហព័ន្ធ​អ្នកជំនួញ​ឥណ្ឌា​ទាំងអស់ ដែល​តំណាងឱ្យ​ពាណិជ្ជករ​រាប់លាន​នាក់​បាន​និយាយ​ថា​សកម្មភាព​របស់​ពួកគេ​ប្រឆាំង​ទំនិញ​ចិន​គឺ​ដើម្បី​ផ្តល់​មេរៀន​ដល់​ចិន បន្ទាប់​ពី​ខ្លួន​(​ចិន​)​ប្រើ​សិទ្ធិ​បោះឆ្នោត​វេតូ​របស់​ខ្លួន​ដើម្បី​រារាំង​ការដាក់​Masood Azhar ទៅក្នុង​បញ្ជីខ្មៅ ៕​ដោយ​៖​សុខា​/sn