ពានរង្វាន់​ជើងឯក​ផ្នែក​វោហារកោសល្យ​និង​ការ​ស៊ូ​មតិ​កម្រិត​អន្តរជាតិ​លើកដំបូង​នៃ​កម្ពុជា​ប្រកាស​បេក្ខជន​ជ័យលាភី​ប្រចាំឆ្នាំ​២០១៩-​អ្នក​បន្ទាប់​អាចជា​អ្នក​?

260
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​នានា​ក្នុង​រយៈពេល​ជាច្រើន​ខែ​កន្លងមក​កម្មវិធី​CamDEBATE​បាន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​កាលពី​ថ្ងៃទី​១១​សីហា​ឆ្នាំ​២០១៩​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​សាលា​តិច​ណូ​)​ដោយមាន​អ្នកចូលរួម​ជាង​១.២០០​នាក់​រួមមាន​សិស្ស​និស្សិត​អាណាព្យាបាល​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​អបរំ ធិ​រ​កិច្ច រដ្ឋាភិបាល និង​សង្គម​ស៊ី​រិល​។​

​កម្មវិធី​ការប្រកួត​ពានរង្វាន់​ជើងឯក​ផ្នែក​វោហារកោសល្យ​និង​ការ​ស៊ូ​មតិ​កម្រិត​អន្តរជាតិ​ឬ​ហៅថា​CamDEBATE​គឺជា​វេទិការ​មួយ​ធ្វើឡើង​ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស​លើកដំបូង​របស់​កម្ពុជា​ដែល​រៀបចំ​ដោយ​IDPEducation​ជា​ស្ថាប័ន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុងការ​បញ្ជូន​សិស្ស​និ​សិ​ត្ស​ទៅ​សិក្សា​នៅ​បរទេស​។​កម្មវិធី​CamDEBATE​លើកស្ទួយ​វប្បធម៌​នៃ​ការសន្ទនា​និង​ផ្លាស់ប្តូរ​យោបល់​រវាង​យុវជន​និង​យុវជន​ក្នុងប្រទេស​កម្ពុជា​ដើម្បី​លើកកម្ពស់​និង​ពង្រឹង​ចំណេះដឹង និង​ចំណងមិត្តភាព​។

​លោក​ម៉ៅ​ស្រេង​នាយក​ប្រចាំ​ប្រទេស​ស្ថាប័ន​IDPEducation​នៅ​កម្ពុជា​និង​ជា​ស្ថាបនិក​កម្មវិធី​CamDEBATE​បាន​មានប្រសាសន៍ថា​៖​សម្រាប់​ឆ្នាំ​ដំបូង​នៃ​កម្មវិធី​CamDEBATE​មាន​បេក្ខជន​ដាក់ពាក្យ​ចូល​ប្រកួត​ជាង ៧០០ នាក់ ក្នុងនោះ​មាន ០៦ ជាតិ​សាស​ន៏​ដូចជា កម្ពុជា ចិន ថៃ ហ្វីលីពីន ម៉ា​ទ្បេ​ស៊ី និង​បារាំង និង​មកពី​ជាង​១០០​សាលា​និង​សាកលវិទ្យាល័យ​ក្នុងប្រទេស​កម្ពុជា​។​

បេក្ខជន​ចំនួន​៥២៩​ត្រូវបាន​ជ្រើសរើស​ដើម្បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំទីមួយ​(AuditionRound)​ចំនួន​១៩២​នាក់​បាន​បន្តទៅ​កាន់​វ​គ្គ​ជម្រុះ​បន្ទាប់​(EliminationRound)​ចំនួន​៤០​នាក់​បន្តទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​(SemifinalRound)​និង​បេក្ខជន​ចុងក្រោយ ២០​នាក់​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​សម្រាប់​វគ្គ​ជម្រុះ​កន្លងមក មានការ​ដាក់ពិន្ទុ​ពី​សំណាក់​គណៈមេប្រយោគ​ជាតិ និង​អន្តរជាតិ​ចំនួន ៩៦ រូប​ដែល​ភាគច្រើន​ជា​តំណាង​ស្ថាប័ន​ដៃគូរ​នានា​នៃ​កម្មវិធី​ពានរង្វាន់​CamDEBATE​រួមមាន​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PUC) សាកលវិទ្យាល័យ​ន័​រ​តុ​ន សាលា CamEd សាកលវិទ្យាល័យ​វេ​ស្ទើ​ន និង​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល​(ACE)​។​

“​យើង​ទទួលបាន​ជោគជ័យ​ថ្ងៃនេះ​គឺ​ដោយសារ​ការជំរុញ​លើកទឹកចិត្ត​ពី​មិត្តភក្តិ​ក្រុមគ្រួសារ​និង​លោកគ្រូ​អ្នកគ្រូ​របស់​យើង​”​នេះ​ជាការ​លើកទ្បើង​របស់​ធឿន​ម៉ា​នីស្សា​បេក្ខជន​ជ័យលាភី​ពានរង្វាន់​ជើងឯក​ការ​ស៊ូ​មតិ​កម្រិត​មហាវិទ្យាល័យ​ឬ​អ្នកធ្វើការ​វ័យក្មេង​។​បេក្ខជន​ជ័យលាភី​ផ្នែក​វោហា​កោសល្យ​កម្រិត​មហាវិទ្យាល័យ​ឬ​អ្នកធ្វើការ​វ័យក្មេង​ឯក​ប៊ុនលី​បាន​បន្ថែម​៖“​តាមពិតទៅ​គ្រប់គ្នា​គួរតែ​ចូលរួម​កម្មវិធី​CamDEBATE​នៅ​ឆ្នាំក្រោយ​។​

“​ខ្ញុំ​គិតថា​វា​ដូច​ជាការ​ជិះ​រថភ្លើង​លើ​អាកាស​អញ្ចឹង​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ភ័យខ្លាច​ជួប​នូវ​ឧបសគ្គ​នានា​ហើយ​ពេល​ជាមួយគ្នា​នោះ​ក៏មាន​អារម្មណ៍​រំភើប​រីករាយ​ផងដែរ​។​”​លី​ណេង​បេក្ខជន​ផ្នែក​ការ​ស៊ូ​មតិ​កម្រិត​មហាវិទ្យាល័យ​ឬ​អ្នក​ធ្ធើ​ការ​វ័យក្មេង​ដែល​ជាប់​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​បន្ថែមថា​៖​ទោះបី​យើង​មិន​ទទួលបាន​ជ័យលាភី​ជើងឯក​ក៏ដោយ​ប៉ុន្តែ​វា​បាន​ជំរុញ​យើង​ឲ្យ​ក្លាយជា​អ្នក​ស៊ូ​មតិ​ដ៏​អស្ចារ្យ​ម្នាក់​។​

​ឯកឧត្ដម យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ នាយក​សាលា​ភូមិន្ទ​រដ្ឋបាល និង​ជា​គណៈមេប្រយោគ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ថ្លែងថា​៖​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ដោយ​មើលឃើញ​ពី​សមត្ថភាព​និង​ភាពក្លាហាន​របស់​យុវជន​ក្នុង​ការនិយាយ​ជា​សាធារណៈ​និង​ការ​ស៊ូ​មតិ​ដោយមាន​ការបញ្ចេញ​នូវ​គំនិត​អំពី​សារប្រយោជន៍ បញ្ហា​ប្រឈម ដំណោះស្រាយ ដែល​ស បញ្ជាក់​ពី​ការគិតគូរ​របស់​យុវជន​។

លោក​បាន​បន្ដថា​៖​វេទិការ​នេះ​ក៏បាន​ចូលរួមចំណែក​ក្នុងការ​បំផុស​ការយល់ដឹង​រប​ស់​យុវជន​អំពី​បញ្ហា​ផ្សេងៗ​នៅក្នុង​សង្គម​ដូចជា​បញ្ហា​បរិស្ថាន​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​និង​អប់រំ​ជាដើម​។​លោក​ក៏មាន​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា​យុវជន​កម្ពុ​ជាមាន​ភាព​រឹងមាំ​និង​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ទ្បើង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ​ដែល​អាចធ្វើ​ការប្រកួតប្រជែង​នៅក្នុង​តំបន់​និង​ពិភពលោក​បាន​។

​គណៈមេប្រយោគ​រួមមាន​លោកជំទាវ​TinaRedshaw​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​លោក​កឹម​គុណ​វឌ្ឍន៍​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ឯកឧត្ដម​យក់​ប៊ុន​ណា​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​លោក​ជីវ​រដ្ឋា​អគ្គនាយករង​យុវជន​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោកស្រី​បណ្ឌិត អេង នេត្រា មកពី​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) លោក Erich Phillips នាយក​ប្រតិបត្តិ សមាគមន៍​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក Ashley Irving ចាងហ្វាង​សាលា ACE លោក ទិ​ត ម៉ាប់ មកពី​វិទ្យាស្ថាន​ភាសាបរទេស (IFL) លោកស្រី​Meloney Lindberg​ប្រធាន​មូលនិធិ​អាស៊ី​កម្ពុជា ក្នុងចំណោម​គណៈមេប្រយោគ​ជាតិ និង​អន្តរជាតិ​ផ្សេងទៀត​។​

​លោក Graham Braddick នាយក​ផ្នែក​សិក្សា​នៃ​មជ្ឍមណ្ឌល​អូស្ដ្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (ACE) និង​ជា​មេ​ប្រយោគ​មួយរូប​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​មានប្រសាសន៍ថា​៖“​កម្មវិធី​CamDEBATE​គឺជា​វេទិការ​មួយ​សម្រាប់​យុវជន​ក្នុងការ​លើកកម្ពស់​ជំនាញ​វោហា​កោសល្យ​និង​ការ​ស៊ូ​មតិ​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​គ្នា​ខណៈ​គណៈមេប្រយោគ​ពិនិត្យមើល​សមត្ថភាព​ជា​ក់​ស្តែង​នៃ​ការប្រកួត​របស់​ពួកគេ​”​។

​បេក្ខជន​ចូលរួម​ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​ពី​គ្រប់ការ​ប្រកួត​នីមួយៗ​។​បេក្ខជន​ជ័យលាភី​ទទួលបាន​ឱកាស​ធ្វើ​ទស្ស​កិច្ច​សិក្សា​ទៅកាន់​ចក្រភព​អង់គ្លេស​រយៈពេល​២​សប្តាហ៍​និង​រង្វាន់​ជាច្រើន​ទៀត​។ ដៃគូ​សហការ​របស់​យើង​ស្ថាប័ន​អប់រំ​CambridgeEducationGroup​រួមមាន​សាលា​StaffordHouse​វិទ្យាល័យ​CATSCollege​និង​សាលា​ONCAMPUS​នឹង​ទទួល​ស្វាគមន៍​បេក្ខជន​ជ័យលាភី​ទាំង​១០​នាក់​ក្នុង​ដំណើរ​ទស្ស​កិច្ច​សិក្សា​ទៅកាន់​តំបន់ និង​ទីក្រុង​នានា​ក្នុង​ចក្រភព​អង់គ្លេស​។​

​លោកស្រី​TinaRedshaw​ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​បានផ្ដល់​ដំបូន្មាន​ដល់​បេក្ខជន​ជ័យលាភី​ទាំង ១០​នាក់​ដែល​នឹងធ្វើ​ទស្ស​កិច្ច​សិក្សា​ទៅកាន់​ចក្រភព​អង់គ្លេស​រយៈពេល ២​សប្តាហ៍ ថា​៖ សូម​រីករាយ​នឹង​ឱកាស​ដើម្បី​ស្វែងយល់​ពី​ចក្រភព​អង់គ្លេស​ហើយ​និយាយ​ជាមួយ​ប្រជាជន​នៅ​ទីនោះ​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​និង​រៀន​ពី​ទីកន្លែង​ដែល​គ្រប់គ្នា​នឹងត្រូវ​ទៅហើយ​ព្យាយាម​សម្រប​ខ្លួន​នៅក្នុង​វប្បធម៌​របស់​អង់គ្លេស​។​

​កម្មវិធី​CamDEBATE​ទទួល​ស្វាគមន៍​បេក្ខជន​កម្រិត​សិស្ស​វិទ្យាល័យ​កម្រិត​មហាវិទ្យាល័យ​និង​អ្នកធ្វើការ​វ័យក្មេង​ដោយ​មិន​ប្រកាន់​សញ្ជាតិ​ទ្បើ​យ​។​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​ដាក់ពាក្យ​ប្រកួត​ក្នុង​កម្មវិធី CamDEBATE ២០២០ សូម​ចូលទៅ​កាន់​គេហទំព័រ​៖ www.CamDEBATE.org ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cam-DEBATE៕S/