ពានរង្វាន់​ត្នោត​មាសៈ និស្សិត​បី​ក្រុម ជាប់​ជ័យលាភី ម្ចាស់​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ ផ្នែក​ក​សិ​-​ចំណីអាហារ​

768
ចែករម្លែក

​ដោយ​៖ ទេព មង្គល​ /
​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ជោគជ័យ ក្នុងការ​រៀបចំ ពានរង្វាន់​គី​ណា​ល់ ក្នុង​រយៈពេល ៦​ឆ្នាំ កន្លងទៅនេះ នៅ​ឆ្នាំ​២០១៩ នេះ មូលនិធិ​គី​ណា​ល់ បានរៀបចំ​ឲ្យ​មាន ការប្រកួតប្រជែង​ស្នាដៃ អត្ថបទ​ស្រាវជ្រាវ លើ​វិស័យ​កសិកម្ម និង​ចំណីអាហារ ដើម្បី​ឈានទៅ​ដណ្តើម «​ពានរង្វាន់​ត្នោត​មាស (Thnot d’Or) លើក​ទី​២ ឆ្នាំ ២០១៩» ។ ដោយឡែក នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​រសៀល ថ្ងៃ​សៅរ៍ ទី ២៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​អគារ​ក្រុមហ៊ុន​ខន​ហ្វី​រេល ស្ថិតនៅ​ក្បែរ​រង្វង់​មូល​ចោមចៅ មូល​និ​ធី​គី​ណា​ល់ បាន​រកឃើញ​និស្សិត ចំនួន​បី​ក្រុម បាន​ជាប់​ជ័យលាភី ជា​ម្ចាស់​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ ផ្នែក​ក​សិ​-​ចំណីអាហារ សម្រាប់​ពានរង្វាន់​ត្នោត​មាស នេះ ។​

​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ «​ពានរង្វាន់​ត្នោត​មាស (Thnot d’Or) លើក​ទី​២ ឆ្នាំ ២០១៩» មាន​និស្សិត​ចំនួន​៦​ក្រុម មកពី​គ្រឹះស្ថានសិក្សា​នានា ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ខេត្តកំពង់ចាម វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​វិទ្យាស្ថាន Saint-Paul ក្នុង​ខេត្តតាកែវ ។

​ប្រធានបទ​សំខាន់ៗ ដែល​ត្រូវបាន​ជ្រើសរើស សម្រាប់​ការប្រកួត​វគ្គ​ចុងក្រោយ «​ពានរង្វាន់​ត្នោត​មាស លើក​ទី​២​ឆ្នាំ ២០១៩» នេះ មាន​ដូចខាងក្រោមៈ​
១. «​ការផលិត ផលិតផល​កែច្នៃ​ចេញពី​ផ្លែ​ម្នាស់​» របស់​ក្រុមនិស្សិត​មក​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដឹកនាំ​ដោយ​យុវតី នៅ ចាន់​ពិសាល​។​
២. «​ការផលិត​ប្រហិត​បន្លែ​» របស់​ក្រុមនិស្សិត​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដឹកនាំ​ដោយ​យុវតី ហង្ស វ​ត្តី​។​
៣. «​ការកែច្នៃ​សាច់ដូង​» របស់​ក្រុមនិស្សិត​មកពី​វិទ្យាស្ថាន​សន្ត​ប៉ូល ខេត្តតាកែវ ដឹកនាំ​ដោយ​យុវ​សិស្ស ផុន សុ​វ៉ា​ត់​ណា​។​
៤. «​អត្ថប្រយោជន៍ ដែល​បានមកពី​ការកែច្នៃ​សាច់ដូង​» របស់​និស្សិត​នៃ​សាលា​ជាតិ​កសិកម្ម ខេត្តកំពង់ចាម ដឹកនាំ​ដោយ​យុវ​សិស្ស ពេទ្យ វិចិត្រ​។​
៥. «​កែលម្អ​គុណភាព​ផ្លែ​ខ្នុរ​» របស់​ក្រុមនិស្សិត​មកពី​វិទ្យាស្ថាន​សន្ត​ប៉ូល ខេត្តតាកែវ ដឹកនាំ​ដោយ​យុវ​និស្សិត ស្រេង កញ្ញា​។​
៦. «​គុណប្រយោជន៍ និង​ស្ថេរភាព​នៃ​ប្រព័ន្ធ​ផលិត​ដែល​គោរព​បរិស្ថាន និង​លើកកម្ពស់​កម្រិតជីវភាព​កសិករ​ខ្មែរ​» របស់​ក្រុមនិស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ផ្នែក​ក្សេត្រសាស្ត្រ ដឹកនាំ​ដោយ​យុវ​សិស្ស ស៊ាន ពេជ្រ​។​

​សម្រាប់​ការប្រកួត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ និស្សិត​ទាំង ប្រាំមួយ ក្រុម ត្រូវធ្វើ​បទ​បង្ហាញ ពី​ការងារ​សិក្សា​ស្រាវជ្រាវ​របស់​ពួកគេ ដោយផ្ទាល់​មាត់ និង​ត្រូវ​ឆ្លើយ​សំណួរ របស់​គណៈមេប្រយោគ​។ ក៏ប៉ុន្តែ មានតែ​និស្សិត បី​ក្រុម ដែល​ទទួលបាន​ជ័យលាភី ជា​ម្ចាស់​ស្នាដៃ អត្ថបទ​ស្រាវជ្រាវ ផ្នែក​ក​សិ​-​ចំណីអាហារ សម្រាប់​ពានរង្វាន់​ត្នោត​មាស​នេះ គឺ​៖ ក្រុមនិស្សិត មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ទទួល​ចំណាត់ថ្នាក់​លេខ​១ ម្ចាស់​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ «​ការផលិត ផលិតផល​កែច្នៃ​ចេញពី​ផ្លែ​ម្នាស់​» ។ ក្រុមនិស្សិត មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ទទួល​ចំណាត់ថ្នាក់​លេខ​២ ម្ចាស់​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​«​ការផលិត​ប្រហិត​បន្លែ​»​។ ក្រុមនិស្សិត មកពី​សាលា​ជាតិ​កសិកម្ម ខេត្តកំពង់ចាម ទទួល​ចំណាត់ថ្នាក់​លេខ​៣ ម្ចាស់​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ «​អត្ថប្រយោជន៍ ដែល​បានមកពី ការកែច្នៃ​សាច់ដូង​»​។​

​សម្រាប់​ក្រុមនិស្សិត​ជ័យលាភី ទាំងបី​ក្រុម​នោះ គឺ​ក្រុម​ចំណាត់ថ្នាក់​លេខ​១ បានទទួល​បាន​ពាន​ចំនួន​១ និង​ទឹកប្រាក់​ចំនួន ៤.០០០.០០០ រៀល លេខ​២ ទទួលបាន​ពាន​ចំនួន​១ និង​ទឹកប្រាក់​ចំនួន ២.០០០.០០០ រៀល និង​លេខ​៣ ទទួលបាន​ពាន​ចំនួន​១ និង​ទឹកប្រាក់​ចំនួន ១.០០០.០០០ រៀល​។ ចំណែក​និស្សិត​បី​ក្រុម​ផ្សេងទៀត ដែល​ពុំបាន​ជាប់​ពានរង្វាន់ ទទួលបាន​ប្រាក់​លើកទឹកចិត្ត ក្នុង​មួយក្រុមៗ ចំនួន ៤០០.០០០ រៀល ផងដែរ​។ ការប្រគល់​ពានរង្វាន់​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ណៅ ធួ​ក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ពានរង្វាន់​ត្នោត​មាស (Thnot d’Or) ត្រូវបាន​បង្កើតឡើង លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៨ ដោយ មូលនិធិ​គី​ណា​ល់ ដើម្បី​លើកទឹកចិត្ត ដល់​ការសិក្សា​ស្រាវជ្រាវ ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ និង​បង្កើត​គំនិត​ច្នៃប្រឌិត ដល់​និស្សិត ក្នុងការ​ចូលរួម​កែច្នៃ កសិផល​របស់​កសិក​រ និង​រួមគ្នា​គាំទ្រ​ដល់ ការអភិវឌ្ឍ​ជនបទ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្រាប់​ការរៀបចំ​ឲ្យ​មាន ការប្រកួត​នៅ​ឆ្នាំ​ទី​២ ឆ្នាំ​២០១៩ នេះ មាន​និស្សិត​ដាក់ពាក្យ​ចូលរួម​ប្រកួត ច្រើនជាង​ឆ្នាំមុន គឺមាន​និស្សិត ចំនួន ២៧ ក្រុម បាន​ចុះឈ្មោះ ចូលរួម​ការប្រកួត ដែល​ក្នុងនោះ​មាន ៨ ក្រុម មកពី​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​, ១៣ ក្រុម មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, ១​ក្រុម មកពី​សាលា​កសិកម្ម​ព្រែកលៀប​, ២ ក្រុម មកពី​វិទ្យាស្ថាន​សន្ត​ប៉ូល ខេត្តតាកែវ និង ៣ ក្រុម​ទៀត មកពី​សាលា​ជាតិ​កសិកម្ម​ខេត្តកំពង់ចាម​។​

​គណៈមេប្រយោគ នៅ​ឆ្នាំ​២០១៩ នេះ ដឹកនាំ​ដោយ​លោក សុខ សា​រ៉ង (​មកពី​ស្ថាប័ន​ចេញ​វិញ្ញាបនបត្រ​អន្តរជាតិ Ecocert), សមាជិក​គណៈមេប្រយោគ មានដូចជា អ្នកស្រី អេ​ឡែ​ន អូ​ប្រ៊ី លោក រ័ត្ន សា​រ៉ា (​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា​) លោក ម៉ាក់ សឿន (​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​) និង​លោក ហ្វី​លី​ព ម៉ូ​ណាំង (​មកពី​ក្រុមហ៊ុន SIAT) ។​

​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​មូលនិធិ​គី​ណា​ល់ បាន​ពន្យល់ថា​៖ «​មូលនិធិ​គី​ណា​ល់ បាន​បង្កើត​ពានរង្វាន់​គី​ណា​ល់​រួចហើយ តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ ដើម្បី​ចូលរួម​លើកស្ទួយ​ដល់ ការសិក្សា​ស្រាវជ្រាវ និង​គំនិត​ច្នៃប្រឌិត នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​។ ខ្ញុំ​ចង់​ឲ្យ​មូលនិធិ​នេះ មាន​តួនាទី​ដូចគ្នា នៅក្នុង​វិស័យ​កសិកម្ម ពីព្រោះ​ខ្ញុំ​ជឿជាក់ថា ការអភិវឌ្ឍ នៅ​ទីជនបទ​នៅ​កម្ពុជា ធ្វើ​ឲ្យ​យើង​បង្កើតបាន នូវ​តម្លៃបន្ថែម លើ​គ្រប់​ផលិតផល ទាំងអស់​របស់​យើង​»​។

​សូមបញ្ជាក់ថា ពានរង្វាន់​ត្នោត​មាស (Thnot d’Or) ត្រូវបាន​ផ្តួចផ្តើមឡើង ដោយ​ស្ថាបនិក​ក្រុមហ៊ុន ខន​ហ្វី​រេល លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង និង​រៀបចំ​ដោយ មូលនិធិ​គី​ណា​ល់ សហការ​ឧបត្ថម ដោយ​ទីភ្នាក់ងារ​បារាំង ដើម្បី​អភិវឌ្ឍន៍​នៅ​កម្ពុជា (AFD) និង​មានការ​គាំទ្រ​ពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​៕v