ពានរង្វាន់​ត្នោត​មាសៈ ម្ចាស់​ជ័យលាភី ចំនួន​បី​ក្រុម បាន​ត្រូវ​ប្រកាស​ជា​ផ្លូវការ​

1253
ចែករម្លែក

ដោយ​៖ ទេព មង្គល​
​ភ្នំពេញ​៖ និស្សិត​ចំនួន​បី​ក្រុម គឺ​មួយក្រុម មកពី​វិ​ទ្យ​សា្ថ​ន Saint Paul នៃ​ខេត្តតាកែវ និង​ពីរ​ក្រុម​ទៀត មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) បាន​ត្រូវ​ប្រកាស ជា​ផ្លូវការ ថា​ទទួលបាន​ជោគជ័យ ជា​ម្ចាស់​ជ័យលាភី តាម​លំដាប់ថ្នាក់ នៃ​ពានរង្វាន់​ត្នោត​មាស បន្ទាប់ពី​ពួកគេ បាន​ប្រកួត នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ សម្រាប់ «​ពានរង្វាន់​ត្នោត​មាស ឆ្នាំ ២០១៨» កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ខែមេសា ឆ្នាំ​២០១៨ ស្ថិតក្នុង​បរិវេណ​ស្នាក់ការ របស់​មូលនិធិ គី​ណា​ល់ (​សហគ្រាស ផលិត​ឱសថ ប៉េ​ប៉េអឹម​) ក្បែរ​រង្វង់​មូល​ចោមចៅ ។​

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ ក្នុងការ​រៀបចំ​ពានរង្វាន់ គី​ណា​ល់ ក្នុង​រយៈពេល ៥​ឆ្នាំ កន្លងទៅនេះ នៅ​ឆ្នាំ​២០១៨ នេះ មូលនិធិ​គី​ណា​ល់ បានរៀបចំ​ឲ្យ​មាន ការប្រកួតប្រជែង អត្ថបទ​ស្រាវជ្រាវ លើ​វិស័យ​កសិកម្ម និង​ចំណីអាហារ ដើម្បី​ឈានទៅ​ដណ្តើមបាន «​ពានរង្វាន់​ត្នោត​មាស ឆ្នាំ ២០១៨» លើកដំបូង ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ សម្រាប់ «​ពានរង្វាន់​ត្នោត​មាស ឆ្នាំ ២០១៨» បាន​ប្រារព្ធ​ធ្វើឡើង កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ខែមេសា ឆ្នាំ​២០១៨ ស្ថិតក្នុង​បរិវេណ​ស្នាក់ការ របស់​មូលនិធិ គី​ណា​ល់ (​សហគ្រាស ផលិត​ឱសថ ប៉េ​ប៉េអឹម​) ក្បែរ​រង្វង់​មូល​ចោមចៅ​។​

​និស្សិត ចំនួន​៦​ក្រុម មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​វិទ្យាស្ថាន Saint-Paul ត្រូវបាន​ជ្រើសរើស ឱ្យ​ឆ្លង​ចូល នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ សម្រាប់ «​ពានរង្វាន់​ត្នោត​មាស ឆ្នាំ ២០១៨» នេះ ។​

​ពានរង្វាន់​ត្នោត​មាស ត្រូវបាន​បង្កើត​ឡើងលើ​ក​ដំបូង នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​ការសិក្សា​ស្រា​ជ្រាវ និង​បង្កើត​គំនិត​ច្នៃប្រឌិត សម្រាប់​ចូលរួម​គាំទ្រ ដល់​ការអភិវឌ្ឍ​ជនបទ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្រាប់​ការរៀបចំ​ឲ្យ​មាន ការប្រកួត នៅ​ឆ្នាំ​ដំបូង​នេះ នៅពេល​ចាប់ផ្តើម មាន​និស្សិត ចំនួន ១៩ ក្រុម បាន​ចុះឈ្មោះ ចូលរួម​ការប្រកួត ក្រោម​ប្រធានបទ នៃ​ការសិក្សា​ស្រា​ជ្រាវ ដែល​ស្នើឡើង ដោយ​ក្រុមនិស្សិត ស្តីពី «​ការបង្កើន​តម្លៃ​ចេក​»​។​

​ជា​រៀងរាល់ឆ្នាំ មាន​ចេក​រាប់សិប​តោន ប្រឈម​នឹង​ការខូចខាត ដោយសារ ការបាត់បង់​ឱកាស សម្រាប់​ការធ្វើ​ពាណិជ​កម្ម​។ និស្សិត ត្រូវបាន​គេ​ស្នើ​សុំឱ្យ បង្កើត​នូវ​ដំណោះស្រាយ ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ចុះ​កំណត់​ពី ការខាតបង់​នេះ ត្រូវ​ចេះ​បង្កើត​គំនិត ដើម្បី​ចូលរួម​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​។​

​ប្រធាន​គណៈមេប្រយោគ ដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ តាន់ ប៊ុន​ស៊ុយ និង​មានការ​ចូលរួម​ពី មេ​ប្រយោគ​ឯករាជ្យ​មួយចំនួន ដូចជា លោក​ប្រាក់ សេរី​វឌ្ឍន៍ មកពី​អង្គការ CIRD លោក​សុខ សា​រ៉ង មកពី​អង្គការ ECOCERT លោក​ហ្ស​ង់ ម៉ា​រី​ប្រង់ (Jean-Marie Brun) មកពី​អង្គការ IRAM លោក ហ៊ឹម ពិសិដ្ឋ តំណាង​ខន​ហ្វី​រេល សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ និង​កញ្ញា អេ​ឡែ​ន អូ​ប្រ៊ី (Hélène Obry ) តំណាង​ក្រុមហ៊ុន​ខន​ហ្វី​រេល សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។​

​សូមបញ្ជាក់ថា នៅ​ទីបំផុត សម្រាប់​ការប្រកួត​នេះ គណៈមេប្រយោគ ទទួលបាន​កិច្ចការ​ស្រាវជ្រាវ ចំនួន ៩ ហើយ ៦ ក្រុម ក្នុងចំណោម​នោះ ត្រូវបាន​ជាប់​ឆ្លង​ចូល ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៧ ខែមេសា​នេះ នៅលើ​ប្រធានបទ ដូចខាងក្រោម​នេះ​គឺ​៖
*​ការប្រៀបធៀប​ម្សៅ​ប៉ិច​ទីន ដែល​ចម្រាញ់​បាន​ពី​សំបកចេក​សើម និង​ចេក​ស្ងួត ។​
*​ការធ្វើឱ្យ​ប្រសើរឡើង នៃ​ដំណើរ​ការផលិត​ម្សៅ​ចេក​។​
*​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​រសជាតិ​ស្ករ​គ្រា​ប់ចេក​។​
*​គ្រប់ផ្នែក​នៃ​ដើម​ចេក គឺជា​វត្ថុ​មានតម្លៃ​។​
*​ការអភិវឌ្ឍ​ទៅលើ​រសជាតិ វិធីសាស្ត្រ ក្នុង​ការផលិត និង​ប្រភព​ទីផ្សារ​នៃ​ផលិតផល​ចេកឆាប និង *​ការកែច្នៃ​ទឹក​ក្បុង​ចេក​។​

​ការរៀបចំ​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ ត្រូវបាន​ធ្វើឡើង នៅក្នុង​បរិវេណ​ស្នាក់ការ​របស់​មូលនិធិ គី​ណា​ល់ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ដោយ​និស្សិត​ទាំង ៦ ក្រុម ត្រូវធ្វើ​បទ​បង្ហាញ​ពី ការស្រាវជ្រាវ​របស់​ពួកគេ ដោយផ្ទាល់​មាត់ និង​ត្រូវ​ឆ្លើយ​សំណួរ របស់​គណៈមេប្រយោគ​។​

​នៅ​ចុងបញ្ចប់ នៃ​បទ​បង្ហាញ​របស់ ក្រុមនិស្សិត គណៈមេប្រយោគ បានជ្រើសរើស​ក្រុម​អ្នកឈ្នះ ចំនួន​បី​ក្រុម ហើយ​ពួកគេ បាន​ត្រូវ​ឡើងមក​ទទួល​រង្វាន់ នៅ​ក្នុងការ​ប្រារព្ធ​ពិធី ផ្លូវការ នៅពេល​រសៀល ថ្ងៃ​ដដែល ក្រោម​អធិបតីភាព លោក យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​
​ក្រុម​ជ័យលាភី​លេខ​១ គឺ​និស្សិត មកពី​វិ​ទ្យ​សា្ថ​ន Saint Paul នៃ​ខេត្តតាកែវ ទទួលបាន​ទឹកប្រាក់ ចំនួន ៤.០០០.០០០ រៀល ។ ចំណែក​ក្រុម​ជ័យលាភី​លេខ​២ និង​លេខ​៣ ជា​និស្សិត មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) ។ ក៏ប៉ុន្តែ​ក្រុម​ជ័យលាភី​លេខ​២ ទទួលបាន​ទឹកប្រាក់ ចំនួន ២.០០០.០០០ រៀល និង​លេខ​៣ ទទួលបាន​ទឹកប្រាក់ ចំនួន ១.០០០.០០០ រៀល ។​

​លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​មូលនិធិ​គី​ណា​ល់ បាន​ពន្យល់ថា​៖ “​មូលនិធិ​គី​ណា​ល់ បាន​បង្កើត​ពានរង្វាន់​គី​ណា​ល់ រួចហើយ តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ​ដើម្បី​ចូលរួម​លើកស្ទួយ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​គំនិត​ច្នៃប្រឌិត នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​។ ខ្ញុំ​ចង់ឱ្យ​មូលនិធិ​នេះ មាន​តួនាទី​ដូចគ្នា នៅក្នុង​វិស័យ​កសិកម្ម ពីព្រោះ​ខ្ញុំ​ជឿជាក់ថា ការអភិវឌ្ឍ​នៅ​ទីជនបទ នៅ​កម្ពុជា ធ្វើឱ្យ​យើង​បង្កើតបាន នូវ​តម្លៃបន្ថែម លើ​គ្រប់​ផលិតផល​ទាំងអស់​របស់​យើង​”៕V