ពាន់ ភួង​បុប្ផា គ្រោង​ចេញពី​ផលិតកម្ម Town ក្រោម​ហេតុផល​២​យ៉ាង​

385

​បន្ទាប់ពី​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ជាមួយ​ផលិតកម្ម Town ក្នុងអំឡុង​ឆ្នាំ ២០១៦ ពេលនេះ​អ្នកស្រី ពាន់ ភួង​បុប្ផា គ្រោង​នឹង​ចេញពី​ផលិតកម្ម​នេះហើយ ដោយសារ​ហេតុផល​២​យ៉ាង​ធំៗ​។​

​ផលិតករ និង​ជា​អ្នកដឹកនាំ​រឿង​ដ៏​ល្បី​អ្នកស្រី ពាន់ ភួង​បុប្ផា បាន​ប្រាប់ Sabay ថា អ្នកស្រី​គ្រោង​នឹង​ចេញពី​ផលិតកម្ម Town មុន​កុងត្រា​កំណត់ ក្រោយពី​អ្នកស្រី​បញ្ចប់​ការងារ​ផលិត​រឿង​២​ចុងក្រោយ​ជា​ស្ថាពរ​គឺ​រឿង “​សម្បត្តិ​បុរស​” និង​រឿង “​រ៉ៃ​មាស​”​។ ហេតុផល​ដែលនាំឱ្យ​ផលិតករ​រូបនេះ ត្រូវ​ចាក​ចេញពី​ផលិតកម្ម Town គឺ​ដោយសារ​អ្នកស្រី​មាន​បញ្ហា​សុខភាព និង​មាន​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង​(stress)​។​

“​ខ្ញុំ​នឹង​ព្យាយាម​ធ្វើការ​ងារ​នេះ​ឱ្យ​ចប់​ក្នុង​ឆ្នាំ​២០១៧​នេះ ចប់​ការងារ​បាន​ខ្ញុំ​ចេញ ព្រោះ​ខ្ញុំ​ទម្លាប់​ធ្វើការ​អី គឺ​ធ្វើឱ្យ​ចប់​បាន​ខ្ញុំ​ស្ងប់ចិត្ត ហើយ​ខ្ញុំ​នឹង​ឈប់សម្រាក​ពី​ការងារ​នេះ​មួយរយៈ​។ ខ្ញុំ​ចេញ​ដោយសារតែ​បញ្ហា​សុខភាព និង​សម្ពាធ​ផ្លូវចិត្ត យើង​ចាស់​ហើយ​ការងារ​វា​មិន​ដូច​នៅ​ក្មេង​ទេ យើង​ជា​អ្នក​ផលិត​កុន​ត្រូវ​ការគិត​ច្រើន ពេលខ្លះ​ស្ត្រេ​ស​ខ្លាំងណាស់ អីចឹង​ខ្ញុំ​ចង់ឱ្យ​ខ្លួនឯង​សម្រាក​ខ្លះ​”​។​

​ក្រោយពី​ចេញពី​ផលិតកម្ម​ថោ​ន អ្នកស្រី​បញ្ជាក់ថា​នឹងមិន​ធ្វើ​ការឱ្យ​ផលិតកម្ម​ណា​ផ្សេងទៀត​ទេ អ្នកស្រី​អាច​នឹង​ទៅ​អាមេរិក​មួយរយៈ ឬ​អ្នកស្រី​អាច​ផលិត​រឿង​ដែល​ខ្លួន​ស្រលាញ់ ជា​លក្ខណៈ project វិញ ។ តាំងពី​ផលិតករ ពាន់ ភួង​បុប្ផា ចូលខ្លួន​ក្នុង​វិស័យ​ភាពយន្ត​អ្នកស្រី ផលិត​រឿង​បាន​ប្រមាណ​៦០​រឿង ទាំង​ខ្នាត​ធំ និង​តូច ហើយ​រឿង​របស់​អ្នកស្រី ភាគ​ដ៏​ច្រើន​ត្រូវបាន​មហាជន​គាំទ្រ និង​សរសើរ​មិន​ដាច់​ពី​មាត់​ថា​មាន​បង្កប់​នូវ​ការអប់រំ និង​និយាយ​ពី​បញ្ហា​ពិត​ក្នុងសង្គម​គ្រួសារ​៕​អត្ថបទ​៖ ប៉ូ សា​គុន /sn​