ពិតជា​គួរ​មោទនភាព​មែន​! ស្ករត្នោត​កម្ពុជា ទទួល​ពានរង្វាន់​លេខ​១ នៅ​តំបន់​អាស៊ាន​ ​

204

(​ភ្នំពេញ​) ៖ ស្ករត្នោត​កម្ពុជា​បានឈ្នះ​ពានរង្វាន់​លេខ​១ ជា​ផលិតផល​ល្អ​បំផុត​របស់​អាស៊ាន​ឆ្នាំ ២០១៧ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រុមហ៊ុន Confirel ។​

​ស្ករត្នោត​កម្ពុជា ដែល​ត្រូវបាន​យកទៅ​ចូលរួម​ប្រកួត​នា​សន្និសីទ​ម្ហូបអាហារ​អាស៊ាន​លើក​ទី​១៥​នេះ ជា​ផលិតផល​របស់​ក្រុមហ៊ុន Confirel ។ លោក ហៃ លី​អ៊ាង អគ្គនាយក​ក្រុមហ៊ុន Confirel បាន​ឲ្យ​ដឹងថា នេះ​ជា​លើកដំបូង ដែល​ស្ករត្នោត​របស់​កម្ពុជា​ឈ្នះ​ពានរង្វាន់​មេដាយមាស​នៅក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​រយៈពេល ១២​ឆ្នាំមុន​ស្ករ​កម្ពុជា​ទទួលបាន​ជ័យលាភី​ដូចគ្នានេះ​នៅ​តំបន់​អឺរ៉ុប​។

​សន្និសីទ​ម្ហូបអាហារ​អា​ស៊ាន​លើក​ទី​១៥ បាន​ប្រារព្ធ​នៅ​ប្រទេស​វៀតណាម កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​។ នេះ​ជា​វេទិកា​សម្រាប់​ការដាក់​តាំង​បង្ហាញ​ផលិតផល​កែច្នៃ​ធម្មជាតិ​របស់​ប្រទេស​ដែល​ចូលរួម​។​

​លោក ហៃ លី​អ៊ាង ត្រូវបាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា​ថា ក្រុមហ៊ុន​លោក​បានធ្វើការ​ជាមួយ​សមាគម​ស្ករត្នោត​ខេត្តកំពង់ស្ពឺ និង​គ្រួសារ​ធ្វើ​ស្ករត្នោត ដើម្បី​កែច្នៃ​ផលិតផល​សម្រេច​មួយចំនួន ដូចជា ស្ករត្នោត ស្រា​ត្នោត ទឹកខ្មេះ ទឹកត្នោត​។​

​ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​ផ្ដល់​ឋានៈ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) កាលពី​ឆ្នាំ​២០១០ ។ អ្នក​នៅក្នុង​ផ្នែក​នេះ​បាន​អះអាងថា ការ​ឈ្នះ​ពានរង្វាន់​លើក​នេះ នឹងធ្វើ​ឲ្យ​ស្ករត្នោត​កម្ពុជា​កាន់តែ​ល្បី​នៅ​ទីផ្សារ​អន្តរជាតិ​៕ដោយ៖វិបុល/sn