ពិតជា​ញៀន​នឹង​ឆ្កែ​មែន​! ម្នាក់ឯង​សោះ​ចិញ្ចឹម​ឆ្កែ​ដល់​ទៅ​រាប់រយ​ក្បាល​

644
ចែករម្លែក

ស្ត្រី​ពីរ​នាក់​ដែលជា​អ្នក​ស្រឡាញ់​ឆ្កែ​យ៉ាង​ងប់ងុល​បានបង្ហាញ​វត្តមាន​តាមរយៈ​ភាពយន្ត ឯកសារ​មាន​ចំណងជើង​ថា The Woman with 106 Dogs (​ស្ត្រី​ចិញ្ចឹម​ឆ្កែ ១០៦ ក្បាល​) ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ (Channel 5) កាលពី​ថ្មីៗ​នេះ ដើម្បី​ចែក រំលែក​បទពិសោធន៍​ចិញ្ចឹម​ឆ្កែ និង​ក្តី​ស្រលាញ់​ស្មោះ​ចំពោះ​ពួកវា​។​

​អ្នកស្រី ថា​ម៉ា​រ៉ា ឡយ (Tamara Lloyd) មកពី​តំបន់​លីន​ខុន​សៀ (Lincolnshire) ប្រទេស អង់គ្លេស​ចិញ្ចឹម​សុនខ​រហូតដល់​ទៅ​ជាង ១០០ ក្បាល​ឯណោះ ហើយ​ក្នុងនោះ ៦០ ក្បាល​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គាត់​ផ្ទាល់​។​

​ស្ត្រី​ស្រលាញ់​ឆ្កែ​ងប់ងុល​រូបនេះ​បាន​បើក​មណ្ឌល​ជួយសង្គ្រោះ​សត្វ ដែលមាន​ឈ្មោះថា Alternative Animal Sanctuary ប៉ុន្តែ​ដោយសារ​មិន​ទទួលបាន​ការគាំទ្រ​ពី​ក្រុមប្រឹក្សា ទទួលបន្ទុក​ផ្នែក​សុខុមាលភាព​សត្វ បានធ្វើឱ្យ​គាត់​មិនអាច​រៃអង្គាស​មូលនិធិ​សម្រាប់ ទ្រទ្រង់​ការចិញ្ចឹម​សុនខ​ទាំងនេះ ហើយ​គាត់​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។

​ចំណែកឯ​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ហ្សូ​អ៊ី លូ​អ៊ី​ស (Zoey Louise) ដែល​មកពី​តំបន់​ស្រប់​សៀ (Shropshire) ប្រទេស​នេះ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ ដោយ​គាត់​ចិញ្ចឹម​ឆ្កែ​ដល់​ទៅ ៣៤ ក្បាល​។ ដោយសារ​ការស្រលាញ់​សត្វ​នេះ​យ៉ាង​ងប់ងុល​គាត់​ចង់​បានកូន​ឆ្កែ​បន្ថែម ទៀត​។

​ងាក​ទៅ​អ្នកស្រី ថា​ម៉ា​រ៉ា ឡយ គាត់​និយាយថា ក្រៅពី​បញ្ហា​ហិរញ្ញវត្ថុ គាត់​សប្បាយចិត្ត ណាស់​ដែល​បានរស់នៅ​ជាមួយ​សុនខ​ទាំងនេះ​ពោលគឺ​សប្បាយចិត្ត​ជាង​រស់នៅ​ជាមួយ មនុស្ស​ទៅទៀត​៕ ប្រែ​សម្រួលៈ​ខុម​