ពិតជា​អស្ចារ្យ Pep Guardiola និង​ក្រុម Man City នឹង​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​

275

​លោក Pep Guardiola និង​គ្រូបង្វឹក​ក្នុង​ក្លឹប Manchester City អាច​នឹងមាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា ឬ​មក​បង្ហាត់បង្រៀន​កីឡាករ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។​

​កាលពី​ល្ងាច​មិញ​នេះ ក្លឹប​បាល់ទាត់ Manchester City បានប្រកាស​ពី​ការចាប់​ដៃគូ​រយៈពេល​៣​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ដៃគូ​ស្រា​បៀរ​ទី​១​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្នុងឱកាស​ពិសេស​និង​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​នេះដែរ លោក លាង ពៅ អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រ​ជី​ស បាន​បញ្ជាក់ថា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ កម្ពុជា​នឹងមាន​កម្មវិធី​ពិសេស​មួយ ដែល​ក្រុម​គ្រូបង្វឹក​និង​កីឡាករ​របស់​ក្រុម Manchester City នឹង​មក​ប្រទេស​កម្ពុជា​។​

​ដោយ​ការ​មកនេះ​គឺ​តាមរយៈ​ដៃគូ​សហការ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រ​ជី​ស ផ្ទាល់​តែម្ដង ដែល​នឹង​ហៅ​ពួកគេ​មក​ក្នុងន័យ​ជួយ​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។ លោក​បង្ហើប​ទៀតថា​ការអញ្ជើញ​គ្រូបង្វឹក​ល្បី​លំដាប់​ពិភពលោក​មក​កម្ពុជា​នេះ គឺ​នឹង​ធ្វើឱ្យ​កីឡាករ​កម្ពុជា​ទាំងអស់​កាន់តែ​ទទួលបាន​បទពិសោធ​ច្រើន​បន្ថែមទៀត ក្នុង​ការហាត់​រយៈពេល​ខ្លី​នេះដែរ​។​

​លើសពីនេះទៅទៀត ទៅ​ថ្ងៃ​អនាគត​មិន​ត្រឹម​ហៅ​គ្រូបង្វឹក​មកនេះ​ទេ ក្រុមហ៊ុន​អាច​នឹង​បញ្ជូន​កីឡាករ​កម្ពុជា​ទៅ បោះជំរុំ​ហ្វឹកហាត់​នៅ Manchester City ថែម​ទៀតផង ដើម្បីឱ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​កាន់​តែ​រីកចម្រើន​។ ចំពោះ​អ្នកគាំទ្រ​ក្រុម​មេឃ​ខៀវ​នៅ​ខ្មែរ​វិញ ក្រោយពី​មានការ​សហការគ្នា​នេះហើយ ពួកគេ​នឹងមាន​ឱកាស​បាន​ទៅ​ទស្សនា​ការប្រកួត​នៅ​លី​គ​កំពូល​អង់គ្លេស​ផ្ទាល់​តែម្ដង ប៉ុន្តែ​គម្រោង​មួយ​នេះ​កំពុងតែ​ដំណើរការ​មិនទាន់​អាច​បញ្ជាក់ថា​មាន​សំបុត្រ​ប៉ុន្មាន​សម្រាប់​អ្នកគាំទ្រ​នៅឡើយ​ទេ​។​

​ដោយឡែក​នៅ​គ្រា​នោះដែរ លោក Damian Willoughby អគ្គនាយករង​ជាន់ខ្ពស់ ក្នុង​ផ្នែក​ដៃគូ នៃ​ក្លឹប​បាល់ទាត់ Man City បាន​និយាយថា​លោក​ពិតជា​រីករាយ​ក្នុង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​មួយ​នេះ​ណាស់​។ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ក្លឹប​បាល់ទាត់ Manchester City មានការ​ប្តេជ្ញាចិត្ត​ដូចគ្នា ក្នុងការ​ចូលរួមចំណែក​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​រីកចម្រើន​ក្នុងសង្គម​៕

​អត្ថបទ​៖ មុន្នី​រម្យ /sn​