ពិធីករ​ទូរទស្សន៍​ជើងចាស់ លោក ឆា​លី រ៉ូ​ស ត្រូវបាន​បញ្ឈរជើង បន្ទាប់ពី​ការចោទប្រកាន់​ពីបទ​យាយី​ផ្លូវភេទ​

219

​ពិធីករ​ទូរទស្សន៍​ជើងចាស់​ម្នាក់​ត្រូវបាន​ប៉ុស្តិ៍​ទូរទស្សន៍ CBS ប៉ុស្តិ៍ PBS និង ប៉ុស្តិ៍ Bloomberg ផ្អាក​ពី​ការងារ បន្ទាប់ពី​មាន​របាយការណ៍​ពី​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ថា ស្ត្រី ៨ នាក់​បាន​និយាយថា គាត់​បាន​យាយី​ផ្លូវភេទ​ពួកនាង​។​

​ទូរទស្សន៍ CBS News បានចេញ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី ២០ វិច្ឆិកា ដោយ​និយាយថា លោក ឆា​លី រ៉ូ​ស (Charlie Rose) អាយុ ៧៥ ឆ្នាំ​ត្រូវបាន​ផ្អាក​ពី​ការងារ “​ភ្លាមៗ​ខណៈដែល​យើង​ពិនិត្យមើល​បញ្ហា​នេះ​”​។ លោក​រ៉ូ​ស ដែល​កម្មវិធី​របស់គាត់​បាន​ចាក់​បញ្ចាំង​នៅលើ​ប៉ុស្តិ៍ PBS នោះ ក៏​ធ្វើជា​ពិធីករ​ក្នុង​កម្មវិធី “CBS This Morning” និង ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សម្រាប់​កម្មវិធី “60 Minutes” ផងដែរ​។​

​ទូរទស្សន៍ PBS និង Bloomberg បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ពួកគេ​បាន​ផ្អាក​កម្មវិធី​សម្ភាសន៍​របស់លោក​រ៉ូ​ស ដែល​ថត​សម្រាប់​ប៉ុស្តិ៍​ទាំងពីរ​រួចហើយ ដោយ​សម្អាង​លើ​ការចោទប្រកាន់​ដែល​បាន​ចុះផ្សាយ​ក្នុង​កាសែត​។​

​ស្ត្រី ៨ នាក់​បាន​ប្រាប់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ថា ពិធីករ​ទូរទស្សន៍​ចាស់វស្សា​រូបនេះ​បាន​បំពារបំពាន​ផ្លូវភេទ មកលើ​ពួកនាង ក្នុងនោះ​រួមមាន ការហៅ​ទូរស័ព្ទ​ដោយនិយាយ​ពាក្យអាសគ្រាម ការដើរ​អាក្រាតកាយ​នៅ​ចំពោះមុខ​ពួកនាង ឬ​ច្របាច់​សុដន់ ស្ទាប​គូទ ឬ តំបន់​ប្រដាប់ភេទ​ពួកនាង​។​

​ស្ត្រី​ទាំងនោះ​ធ្លាប់ជា​បុគ្គលិក ឬ​អ្នក​មានបំណង​ចង់​ធ្វើ​ការឱ្យ​លោក​រ៉ូ​ស​នៅក្នុង​កម្មវិធី “Charlie Rose” ចាប់ពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ រហូតដល់​ឆ្នាំ ២០១១​។ ពួកនាង​មាន​អាយុ​ពី ២១ ដល់ ៣៧ ឆ្នាំ នៅពេលដែល​មានការ​ចោទប្រកាន់​នេះ​៕ ដោយ៖ កញ្ញាដាលីស

ពិធីករ​ទូរទស្សន៍​ជើងចាស់ លោក ឆា​លី រ៉ូ​ស