ពិធីករ​ទូរទស្សន៍​ថៃ អាកា​ណាត ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ពីបទ​ប្រើ​អំពើហិង្សា​

821
ចែករម្លែក

អតីត​ពិធីករ​ទូរទស្សន៍​ថៃ លោក អាកា​ណាត “​ណុ​ត​” អា​រី​យ៉ា​រិត​វី​គុល (Akanat “Nott” Ariyaritwikul) និង​មិត្តភក្តិ​ម្នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​មួយឆ្នាំ​ម្នាក់ ដោយ​ព្យួរទោស នៅ​ថ្ងៃ​សុក្រ​ទី​៣០​ខែមិថុនា​ពីបទ​វាយតប់​លើ​អ្នកបើក​ម៉ូតូ​ម្នាក់​នៅតាម​ផ្លូវ​មួយ កាលពី​ឆ្នាំមុន​។​

ពីដំបូង​ឡើយ តុលាការ​ឧក្រិដ្ឋកម្ម​ក្រុង​បាងកក​បាន​កាត់ទោស លោក អាកា​ណាត និង លោក វី​តា​វ៉ា​ត់ ស្រី​បណ្ឌិត​មង្គល (Witawat Sribanditmongkol) ឱ្យ​ជាប់គុក​ម្នាក់ៗ​ចំនួន​២​ឆ្នាំ ។ ប៉ុន្តែ ការជាប់​ទោស​នេះ​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម​ជាប់គុក​មួយឆ្នាំ​ម្នាក់​វិញ ដោយសារ​ពួកគេ​បាន​និយាយ​សារភាព ហើយ​ទោស​នេះ​ត្រូវបាន​ព្យួរ​។

រថយន្ត Cooper របស់ លោក អាកា​ណាត ត្រូវបាន​បុក​ចំ​ពី​ចំហៀង​ដោយ​ម៉ូតូ​មួយ ដែល​បើក​ដោយ លោក គី​តទី​សាក់ ស៊ី​ង​តូ (Kittisak Singto) បន្ទាប់ពី គាត់ ត្រូវបាន​បុក​រេ​ចង្កូត ដោយ​រថយន្ត​មួយទៀត នៅ​ផ្លូវ​លេខ​៤ នៅ​ទីក្រុង​បាងកក​កាលពី​ឆ្នាំមុន ។ លោក អាកា​ណាត និង​មិត្តភក្តិ​របស់លោក ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​លើ​អ្នកបើក​ម៉ូតូ​នោះ ដែល​បាន​បាក់​ក្តោងច្រមុះ​យ៉ាងធ្ងន់ធ្ងរ​។​

​ការខឹង​សម្បា​ជា​សាធារណៈ បាន​កើនឡើង​ខ្លាំង នៅពេល​វីដេអូ​មួយ បានបង្ហាញ លោក អាកា​ណាត បាន​បញ្ជា​លោក ស៊ី​ង​តូ អ្នកបើក​ម៉ូតូ​នេះ ឱ្យ​ឱន​សំពះសុំទោស មុនពេល​លោក អាកា​ណាត បាន​បើករថយន្ត​ចេញទៅ​នោះ ។​

​កាលពីពេល​មុននេះ លោក អាកា​ណាត និង​មិត្តភក្តិ​របស់លោក បាន​យល់ព្រម​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត ចំនួន​១៨០.០០០ បាត​ដល់​ដើមចោទ​នេះ ដោយ​បញ្ចប់​ជម្លោះ​របស់​ពួកគេ​នៅ​តុលាការស៊ីវិល កាលពី​ខែ​មុន​៕ ដោយ ៖សុខា

​លោក អាកា​ណាត ស្ថិតនៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ទីក្រុង​បាងកក កាលពី​ខែវិច្ឆិកា