ពិធីករ​ប៉ុស្តិ៍ MSNBC ចោទ​សេត​វិមាន​ថា បាន​គំរាម​ពួកគេ​ដើម្បី​ប្តូរ​ចេញ​នូវ​ការផ្សាយ​មិនល្អ​ពី​លោក​ត្រាំ​

1028
ចែករម្លែក

​ជម្លោះ​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង ពិធីករ​ប៉ុស្តិ៍ MSNBC លោក​ចូ ស្កា​បូ​រ៉ូ និង លោកស្រី មី​កា ព្រីស​ហ្ស៊ី​ន​ស្គី បាន​កើនឡើង​ខ្លាំង បន្ទាប់ពី​ពី​ធី​ករទាំង​ពីរបាន​រិះគន់​លោក​ត្រាំ​ថា “​មិនបាន​ដាក់​ខួរក្បាល​មកជា​មួយ ដើម្បី​បន្ត​មើល​កម្មវិធី​របស់​យើង​”​។

ជម្លោះ​នេះ​ចាប់ផ្តើម​ជាមួយ​ការអះអាង​របស់លោក​ស្កា​បូ​រ៉ូ​ក្នុង​កម្មវិធី “Morning Joe” កាលពី​ថ្ងៃ​សុក្រ ទី​៣០ មិថុនា ដែលថា ទីប្រឹក្សា​ត្រាំ​ម្នាក់​បាន​ព្យាយាម​គំរាម​គាត់​ឱ្យ​ផ្សាយ​ល្អ​អំពី​ប្រធានាធិបតី​ត្រាំ​។​

​លោក​ស្កា​បូ​រ៉ូ​និយាយថា បុគ្គលិក​សេត​វិមាន​បាន​ព្រមាន​គាត់​អំពី​អត្ថបទ​ស្នេហា​មួយ​អំពី​រូបគាត់ (​ស្កា​បូ​រ៉ូ​) និង នាង​ប្រ៊ី​ស​ហ្ស៊ី​ន​ស្គី ដែល​គ្រោង​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី National Enquirer​។ ពួកគេ​បាន​បន្ត​និយាយទៀតថា លោក​ត្រាំ​អាចឱ្យ​ដក​រឿង​នោះ​ចេញ​វិញ ប្រសិនបើ​លោក​ស្កា​បូ​រ៉ូ​តេ​ទៅ​លោក​ប្រធានាធិបតី​ដើម្បី​សុំទោស​ចំពោះ​ការផ្សាយ​អវិជ្ជមាន​អំពី​រដ្ឋបាល​ត្រាំ​។

​លោក​ស្កា​បូ​រ៉ូ និង នាង​ប្រ៊ី​ស​ហ្ស៊ី​ន​ស្គី បាន​រំលឹក​ឡើងវិញ​អំពី​ការ​តេ​តាម​ទូរស័ព្ទ​នេះ ដែល​គេ​ចុះផ្សាយ​ក្នុង​អត្ថបទ​វិចារណកថា​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ដោយ​និយាយថា “​យើង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការសុំ​ឱ្យ​ឈប់​ផ្សាយ​អវិជ្ជមាន​ដ៏​អស់សង្ឃឹម​របស់​ពួកគេ​”​។

​លោក​ស្កា​បូ​រ៉ូ និង នាង​ប្រ៊ី​ស​ហ្ស៊ី​ន​ស្គី បាន​ភ្ជាប់ពាក្យ​នឹង​គ្នា ហើយ​អត្ថបទ ដែល​ចេញផ្សាយ​កាលពីដើម​ខែមិថុនា ក្នុង​ទស្សនា​វ​ដ្តី National Enquirer គឺ​និយាយ​អំពី​អាពាហ៍ពិពាហ៍​អតីតកាល​របស់​ពួកគេ និង ការចាប់ផ្តើម​ទំនាក់ទំនង​ថ្មី​ឡើងវិញ​។​

​មន្ត្រី​សេត​វិមាន​ម្នាក់​ក្រោយមកទៀត​បាន​ប្រាប់ Fox News ថា ការ​តេ​នោះ​តាមពិតទៅ​គឺធ្វើឡើង​ដោយ​លោក​ស្កា​បូ​រ៉ូ​ទៅកាន់​កូនប្រសា​ត្រាំ គឺ​លោក ចា​រ៉េត គូ​ស្នើ​។

​លោក​ស្កា​បូ​រ៉ូ​តាម​ការចោទប្រកាន់ បាន​សួរថា​តើ​លោក​គូ​ស្នើ​អាចធ្វើ​អ្វី​បានទេ​អំពី​អត្ថបទ​នោះ ដោយហេតុថា​លោក​ត្រាំ​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ ដេវីត ផេ​ក​ឃើ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនមេ​របស់​ទស្សនា​វ​ដ្តី National Enquirer គឺ​ក្រុមហ៊ុន American Media​។​

បន្ទាប់មក លោក​គូ​ស្នើ តាម​សេចក្តីរាយការណ៍ បាន​និយាយ​ទៅ​ប្រធានាធិបតី ដែល​ខឹង​អំពី​ការផ្សាយ​អវិជ្ជមាន​របស់លោក​ស្កា​បូ​រ៉ូ ។ លោក​គូ​ស្នើ​និយាយថា “​ពិតមែន​ហើយ អ្នក​ប្រហែលជា​គួរតែ​ទៅសុំ​ទោស (​លោក​ត្រាំ​)”​។ នេះ​បើតាម​ប្រភព​អនាមិក​របស់​សេត​វិមាន ដែល​បន្ថែមថា ពុំមាន​ការលើកឡើង​អំពី​ការគំរាមកំហែង​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ទេ​។​

​សេត​វិមាន​មិនបាន​និយាយ​ជា​សាធារណៈ​អំពី​ជម្លោះ​នេះ​ទេ បើទោះបី​លោក​ត្រាំ​ចូលមក​សរសេរ​លើ Twitter ដោយ​ចង្អុល​បង្ហាញថា គាត់​បាន​ស្តាប់ឮ​នូវ​អ្វីដែល​លោក​ស្កា​បូ​រ៉ូ​និយាយ​លើ​ទូរទស្សន៍ និង មិន​ទទួលយក​ការនិយាយ​អវិជ្ជមាន​ចេញពី​មាត់​លោក​លោក​ស្កា​បូ​រ៉ូ​ទេ​។

លោក​បាន​និយាយ​លើ Twitter ថា “​ខ្ញុំ​និយាយថា​អត់​បាន​មើល​ទេ​! កម្មវិធី​ដ៏​អន់​”​។

លោក​ស្កា​បូ​រ៉ូ បាន​តប​វិញ​ដោយ​និយាយថា គាត់​មាន​ភស្តុតាង​អំពី​ការគំរាមកំហែង​ពី​សេត​វិមាន​កាលពីដើម​ឆ្នាំនេះ រួមទាំង “​សារ​សរសេរ​ជា​អក្សរ​មកពី​មន្ត្រី​ជំនួយការ​កំពូល និង កំណត់ត្រា​និយាយ​តាម​ទូរស័ព្ទ​”​។​

ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ អ្នកនិពន្ធ​ម្នាក់​របស់​ទស្សនា​វ​ដ្តី Nation Enquirer លោក​ឌី​ឡាន់ ហូ​វ៉ាដ បាន​បដិសេធថា​មិនបាន​ជ្រាប​អំពី​ការសន្ទនា​ណាមួយ​រវាង​សេត​វិមាន និង លោក​ស្កា​បូ​រ៉ូ ព្រមទាំង​នាង ព្រី​ហ្ស៊ី​ន​ស្គី​អំពី​រឿងនេះ​ទេ​៕ ដោយ ៖កញ្ញាដាលីស

(​រាប់​ពីឆ្វេង​ទៅ​ស្តាំ​) លោកស្រី មី​កា ព្រីស​ហ្ស៊ី​ន​ស្គី លោក​ដូ​ណា​ល់ ត្រាំ និង​លោក​ចូ ស្កា​បូ​រ៉ូ