ពិធីការិនីចិនភ័យខ្លាចវីរុសកូរ៉ូណាដល់ថ្នាក់ពាក់ម៉ាសអានព័ត៌មានផ្សាយផ្ទាល់

291
ចែករម្លែក

វីរុសកូរ៉ូណាបានបង្កការភ័យស្លន់ស្លោទូទាំងពិភពលោក ខណៈវីរុសកាចសាហាវនេះបន្តរាលដាល ហើយទំហំនៃការភ័យខ្លាចអាចមើលឃើញជាក់ស្តែងនៅលើកញ្ចក់ទូរទស្សន៍ចិន ខណៈពិធីករពិធីការិនីជាច្រើនបានជ្រើសរើសពាក់ម៉ាស ក្នុងពេលអានព័ត៌មានផ្សាយផ្ទាល់។

វីរុសកូរ៉ូណាបានឆក់យកជីវិតមនុស្ស ២៦ នាក់ គិតត្រឹមរសៀលថ្ងៃសុក្រទី២៤មករា ខណៈករណីឆ្លងជាង ៨០០ ករណីត្រូវបានបញ្ជាក់។ ការរីករាលដាលនៃវីរុសនេះបានបង្កការភ័យខ្លាច ដោយញ៉ាំឱ្យអាជ្ញាធរបិទទីក្រុងជាច្រើន។ អ្នកផ្សាយព័ត៌មានចិនបានចាត់វិធានការការពារជាមុនយ៉ាងប្រុងប្រយ័ត្ន ខណៈពួកគេនាំគ្នាពាក់ម៉ាសផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។

ពួកអ្នកផ្សាយព័ត៌មានទាំងនោះនិយាយថា ពួកគេពាក់ម៉ាសដើម្បីបង្ហាញពីវិធីត្រឹមត្រូវក្នុងការពាក់ប្រដាប់ការពារ ទោះបីលំបាកធ្វើការអានព័ត៌មានក៏ដោយ។

កាលពីថ្ងៃព្រហស្បតិ៍ វីដេអូមួយបានបង្ហាញពិធីការិនីទូរទស្សន៍សេដ្ឋកិច្ចមួយនៅហឺប៉ី ពាក់ម៉ាសអំឡុងពេលអានព័ត៌មាន។

ក្រោយមកពិធីការិនីរូបនោះបញ្ជាក់អះអាងថា នាងមិនមែនពាក់ម៉ាសសម្រាប់ផ្សាយព័ត៌មានទេ តែចង់បង្ហាញប្រជាជនពីរបៀបពាក់ម៉ាសឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។

នាងក៏បានអំពាវនាវឱ្យប្រជាជនពាក់ម៉ាសនៅពេលដើរចេញទៅខាងក្រៅផងដែរ។

អ្នកអានព័ត៌មានដទៃទៀតនៅហឺប៉ីនិងវូហានក៏ឃើញពាក់ម៉ាសពេលកំពុងផ្សាយផ្ទាល់ផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរក្នុងក្រុងវូហានឥឡូវបានចេញចំណាត់ការឱ្យប្រជាជនទាំងអស់ពាក់ម៉ាសពេលចេញក្រៅផ្ទះ៕ ដោយ៖ កញ្ញាដាលីស

ពិធីការិនីទូរទស្សន៍នាំគ្នាពាក់ម៉ាសខណៈវីរុសកូរ៉ូណាផ្ទុះនៅចិន